ក្រសួងរៀបចំដែនដីបានដាក់គោលការណ៍ដល់ម្ចាស់សំណង់ទាំងអស់នៅកម្ពុជា ត្រូវគោរព និង អនុវត្តតាមបទដ្ឋានច្បាប់

ភ្នំពេញ៖ ក្រសួងរៀបចំដែនដីបានដាក់គោលការណ៍ដល់ម្ចាស់សំណង់ទាំងអស់នៅកម្ពុជា ត្រូវគោរព និង អនុវត្តតាមបទដ្ឋានច្បាប់ ដើម្បីពង្រឹងការគ្រប់គ្រង តាមដាន និង ត្រួតពិនិត្យការសាងសង់ តាមរយៈការចេញនូវលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតបើកការដ្ឋាន និងលិខិតបិទការដ្ឋានសាងសង់។
លោក ប៊ិន សម្បត្តិថារ័ត្ន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ដែលបានធ្វើឡើងកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ស្តីពី «គោលការណ៍គ្រប់គ្រងបច្ចេកទេសសំណង់នៅកម្ពុជា»ថា គ្រប់ការងារសាងសង់ទាំងអស់ដាច់ខាតត្រូវតែមានលិខិតអនុញ្ញាតសាងសង់ ដូច្នេះទាំងម្ចាស់សំណង់ អ្នកប្រកបអាជីវកម្មសាងសង់ អ្នកគូរប្លង់ ត្រូវតែធានាថា គម្រោងសាងសង់របស់ ខ្លួនទទួលបានលិខិតអនុញ្ញាតពីក្រសួងរៀបចំដែនដី ឬពីអាជ្ញាធរខេត្តក្រុង ទើបអាចដំណើរការសាងសង់បាន។
លោកថារ័ត្នបានបន្ថែមថា គ្រប់ការដ្ឋានសាងសង់ត្រូវភ្ជាប់មកជាមួយនឹងគម្រោងប្លង់ស្ថាបត្យកម្ម មិនតែប៉ុណ្ណោះ អ្នកវិនិយោគជាម្ចាស់សំណង់ ត្រូវដាក់ពាក្យស្នើសុំលិខិតបើកការដ្ឋាន ដោយត្រូវភ្ជាប់មកជាមួយនូវគម្រោងប្លង់គ្រោងបង្គុំសំណង់ កិច្ចសន្យាសាងសង់ លិខិតធានារ៉ាប់រងទទួលភារសំណង់ និងកិច្ចសន្យាការងារជាមួយកម្មករ។
បន្ថែមលើនេះ ក្នុងករណីចាំបាច់ ម្ចាស់សំណង់អាចភ្ជាប់មកជាមួយលិខិតបញ្ជាក់វាយតម្លៃផលប៉ះពាល់បរិស្ថាន បន្ទាប់ពីទទួលបានលិខិតអនុញ្ញាតបើកការដ្ឋាននេះហើយ ទើបយើងអាចធ្វើការសាងសង់បាន។ នេះបើតាមលោក ប៊ិន សម្បត្តិថារ័ត្ន បានគូសបញ្ជាក់។
លោកមានប្រសាសន៍ថា៖«ដំណាក់កាលនៃការសាងសង់ មន្រ្តីជំនាញនឹងចុះត្រួតពិនិត្យគ្រប់ដំណាក់កាល ទាំងការងារក្រោមដី ការងារលើដី គ្រប់ជាន់ ក្នុងអគារ ចំពោះគ្រឿងចក្របង្គុំសំណង់ គ្រប់សន្លឹកទាំងអស់ គឺចាំបាច់ត្រូវតែមានអ្នកត្រួតពិនិត្យ»។
«ក្នុងករណីនេះ អ្នកសាងសង់ចាំបាច់ត្រូវតែធ្វើលិខិតអញ្ជើញ ជូនដំណឹង ដល់អាជ្ញាធរមានសមត្ថកិច្ចខេត្ដ ក្រុង ឬក្រសួង ដើម្បីឱ្យក្រសួងបញ្ជូនអ្នកជំនាញទៅត្រួតពិនិត្យ»។ លោក ថារ័ត្នបានបញ្ជាក់។
លោកបន្តថា បន្ទាប់ពីទទួលបានលិខតអនុញ្ញាតសាងសង់ ក្រសួង មន្ទីរ រាជធានី-ខេត្ត នឹងចុះទៅជួយកំណត់ព្រំជាគម្លាតពីរបងមកទីតាំងអគារទៅតាមប្លង់ដែលបានអនុញ្ញាត ដែលអ្នកសាងសង់ត្រូវតែសង់នៅក្នុងព្រំដែននោះ បើសាងសង់ហួស បានន័យថាសង់ខុសពីប្លង់ និងលិខិតអនុញ្ញាតសាងសង់ មានន័យថាខុសច្បាប់។
ក្រោយបញ្ចប់ការដ្ឋានសាងសង់ ម្ចាស់សំណង់ត្រូវស្នើសុំលិខិតបិទការដ្ឋាន បន្ទាប់ពីបិទការដ្ឋានហើយ ត្រូវស្នើសុំបញ្ជាក់អំពីភាពត្រឹមត្រូវ ដែលបានបញ្ជាក់ក្នុងអនុក្រឹត្យ លេខ៨៦ ស្ដីពីលិខិតអនុញ្ញាតសាងសង់ ទើបអាចចូលកាន់កាប់ និងប្រើប្រាស់អគារបាន។ លោកបានបញ្ជាក់ថា ក្នុងការអនុវត្តជាក់ស្ដែង រាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដី អាជ្ញាធរខេត្ត-ក្រុង នៅតែមានជំហរទន់ភ្លន់ មិនទាន់អនុវត្តនៅឡើយនូវលិខិតបញ្ជាក់ភាពត្រឹមត្រូវ ដើម្បីជាការសម្រួលជូនដល់ អ្នកវិនិយោគវិស័យសំណង់នៅកម្ពុជា៕