(មានវីដេអូ) Parkroyal on Pickering​ ជាសណ្ឋាគារ​សួនច្បារដ៏ប្រណិតនៅសឹង្ហបុរី

(មានវីដេអូ) Parkroyal on Pickering​ ជាសណ្ឋាគារ​សួនច្បារដ៏ប្រណិតនៅសឹង្ហបុរី
គម្រោង​​សណ្ឋាគារ​ថ្មីៗ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ​ហាក់​​បង្កើន​​ទិដ្ឋភាព​អាកាស​របស់​ទីក្រុង ដែល​ជា​សំណង់​ដ៏​អស្ចារ្យ និង​មហិមា មាន​លក្ខណៈ​ប្លែក​ពី​គេ​នៅ​លើ​ពិភពលោក។ យោង​តាម​គេហទំព័រ​របស់​វា សណ្ឋាគារ​ប្រណិត​ Parkroyal on Pickering ​ ស្ថិត​នៅ​​តំបន់ Central Area នៃ​ប្រទេស​សិង្ហបុរី ត្រូវ​បាន​គេ​ស្ងើច​សរសើរ​ចំពោះ​ស្ថាបត្យកម្ម​តែ​​មួយ​គ្មាន​ពីរ​របស់​វា ដែល​រួម​បញ្ចូល​​ទាំង​សួនច្បារ​​ទំហំ១៥.០០០ម៉ែត្រការ៉េ។ សណ្ឋាគារ Parkroyal on Pickering គឺ​ដូច​នឹង​​សួនច្បារ​អាកាស​នៅ​កណ្ដាល ​នៃ​ប្រទេស​សិង្ហបុរី ដែល​ជា​តំណាង​ឱ្យ​បច្ចេកទេស និង​ស្ថាបត្យកម្ម ព្រមទាំង​​សមិទ្ធផល​អេកូឡូស៊ី​​ទំនើប។ ដោយ​ការ​​​គោរព​តាម​បទដ្ឋាន​នៃ​ការអភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព សណ្ឋាគារ​​​​ក៏​បាន​កែច្នៃ​ទឹកភ្លៀង​​សម្រាប់​ប្រើប្រាស់​ឡើងវិញ និង​ប្រើ​​ថាមពល​ពន្លឺ​ព្រះអាទិត្យ។ កើត​ចេញ​ពី​​ទស្សនវិជ្ជា​បរិស្ថាន​មេត្រី​យ៉ាង​ពិតប្រាកដ ជាមួយ​នឹង​រូបរាង​​ប្លែក និង​ទំនើប​របស់​វា សណ្ឋាគារ Parkroyal គឺ​ជា​គំរូ​នៃ​សំណង់សតវត្ស​ទី២១ នៅ​ក្នុង​សម័យកាល​មួយ​ដែល​សណ្ឋាគារ​នៅ​តាម​ទីប្រជុំជន​ទាំងអស់​មាន​ទំនោរ​​ដូចគ្នា។ សណ្ឋាគារ Parkroyal មាន​កម្ពស់៨៩ម៉ែត្រ ចំនួន១៦ជាន់ និង​ចំណត​ធំ​ទូលាយ​អាច​ដាក់​រថយន្ត​រហូត១០៤គ្រឿង ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន UOL Group Ltd. ដែល​បាន​បើក​ដំណើរការ​តាំង​ពី​ឆ្នាំ២០១៣។ មាន​បន្ទប់​ស្នាក់នៅ និង​បន្ទប់ VIP ​ចំនួន៣៦៧ ដោយ​​ជាន់​មួយ​ទាំងមូល​មាន​ក្លឹប​សុខភាព​និង​ស្ប៉ា និង​ជាពិសេស​​មាន​អាង​ហែលទឹក​នៅ​ខាងក្រៅ​ ដែល​មាន​ទិដ្ឋភាព​មិន​គួរ​ឱ្យ​ជឿ​នៃ​មជ្ឈមណ្ឌល និង​បេះដូង​សេដ្ឋកិច្ច​នៃ​ប្រទេស​សិង្ហបុរី។ https://youtu.be/0hDERBW_6Xc
អត្ថបទដោយ: Dara