តើកម្ពុជាអាចឈានទៅអភិវឌ្ឍន៍ធ្វើផ្លូវពីប្លាស្ទិចដែរឬទេ?
ភ្នំពេញ៖ បច្ចុប្បន្នមានប្រទេសមួយចំនួននៅលើពិភពលោក បានសិក្សាស្រាវជ្រាវ និងកែច្នៃសំណល់ប្លាស្ទិច ផលិតជាកៅស៊ូក្រាលថ្នល់ មិនត្រឹមទទួលបានផ្លូវដែលមានគុណភាពល្អទេ តែកិច្ចការនេះបានរួមចំណែកកាត់បន្ថយសំណល់សំរាមប្លាស្ទិចក្នុងបរិស្ថានបានថែមទៀត។
ប្រទេសដែលផ្តួចផ្តើមធ្វើផ្លូវក្រាលកៅស៊ូចេញពីសំណល់ប្លាស្ទិចមានដូចជា ប្រទេសអាហ្វ្រិកខាងត្បូង ប្រទេសឥណ្ឌា និងបណ្តាប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមានប្រទេសកម្រងកោះហ្វីលីពិន ប្រទេសក្បែរខាងកម្ពុជា គឺប្រទេសវៀតណាមជាដើម។
ប្រហាក់ប្រហែលគ្នានេះ កន្លងមកប្រទេសកម្ពុជាក៏មាននិស្សិតស្រីពីរនាក់ បានបង្កើតគម្រោងកែច្នៃកែច្នៃសំរាមប្លាស្ទិក ផលិតជាប្រភេទកៅស៊ូក្រាលថ្នល់ដូចគ្នាដែរ។
ប៉ុន្តែអគ្គនាយកបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង វុត្ថា បានបញ្ជាក់ថា ក្រសួងមិនទាន់បង្កើតគម្រោងស្រាវជ្រាវ ឈានទៅអភិវឌ្ឍន៍ផ្លូវចេញពីសំណល់ប្លាស្ទិកនេះនៅឡើយទេ។ លោកអះអាងថា គម្រោងស្រាវជ្រាវមួយប្រកបដោយគុណភាព ប្រើប្រាស់បច្ចេកទេសច្រើន ដើម្បីទទួលបានលទ្ធផលជាក់លាក់ គឺត្រូវទាមទារចំណាយពេលវែង។
ផ្តោតលើកិច្ចការស្រាវជ្រាវកែច្នៃសំរាម កន្លងមកយុវតីកម្ពុជាពីររូប គឺកញ្ញា លី សុខកញ្ញា ជានិស្សិតសាកលវិទ្យាល័យ ZAMAN និងកញ្ញា តាន់ ប៊ុនហ៊ាង និស្សិតមកពីសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ បានចាប់ដៃគ្នាបង្កើតគម្រោងមួយមានឈ្មោះថា Eco-Plastic។ និស្សិតទាំងពីររូបបានកែច្នៃសំរាមប្រភេទប្លាស្ទិក ផលិតជាកៅស៊ូក្រាលថ្នល់ប្រភេទ Asphalt Concrete ដែលមានគុណភាពខ្ពស់ជាប់បានយូរ ហើយផ្តល់នូវប្រយោជន៍ជួយដល់បរិស្ថាន តាមរយៈការកាត់បន្ថយចំនួនសំរាមប្លាស្ទិចក្នុងប្រទេសបានថែមទៀត។
ការបង្កើត PAC (Plastic Asphalt Concrete) គឺជាការផ្សំលាយបញ្ចូលគ្នារវាងសំណល់ប្លាស្ទិច និងកៅស៊ូក្រាលថ្នល់ ទៅជាល្បាយពណ៌ខ្មៅនៃអ៊ីដ្រូកាបូន ប្រើសម្រាប់ក្រាលថ្នល់។ ភាពខុសគ្នារវាងផ្លូវថ្នល់ដែលសាងសង់ដោយក្រាលកៅស៊ូផលិតពីផ្លាស្ទិច និងថ្នល់កៅស៊ូធម្មតា គឺត្រង់ជួយសំចៃ ត្រូវចំណាយថវិការតិច ហើយផ្លូវមានគុណភាព ជាប់រឹងមាំ ប្រើប្រាស់បានរយៈពេលយូរ។
ស្ថិតក្នុងដំណាក់កាលធ្វើតេស្តសាកល្បងផលិតផល គម្រោងច្នៃប្រឌិតរបស់និស្សិតស្រីទាំងពីររូបនេះ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ផងដែរ៕