យោងតាមគេហទំព័រ South China Morning Post ក្រុមហ៊ុនអាលីបាបា និងរដ្ឋាភិបាលថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើត "មជ្ឈមណ្ឌលឌីជីថលឆ្លាតវៃ” ថ្មីមួយ នៅក្នុងប្រទេសថៃ ដែលជាគំនិតផ្ដួចផ្ដើមទី២នៅអាស៊ីអាត្នេយ៍។
លោកជែក ម៉ា (Jack Ma) ស្ថាបនិកតំបន់ពាណិជ្ជកម្មសេរីឌីជីថលមួយនេះ បានថ្លែងក្នុងពិធីធីចុះហត្ថលេខា ដែលបានធ្វើឡើងកាលពីចុងខែមេសាថា ផែនការរបស់ក្រុមហ៊ុនអាលីបាបា នឹងបន្តជំរុញឱ្យមានសេរីភាពពាណិជ្ជកម្មពិភពលោក ទោះបីជាមានការគំរាមកំហែងនៃសង្គ្រាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិនក្តី។
លោកបានមានប្រសាសន៍ថា លោកមិនចូលចិត្តសង្គ្រាមពាណិជ្ជកម្មនោះទេ ទោះក្នុងប្រភេទណាមួយក៏ដោយ។ វាងាយចាប់ផ្ដើម ប៉ុន្តែមិនងាយបញ្ឈប់នោះទេ។ តំបន់ពាណិជ្ជកម្មសេរីថៃរបស់ក្រុមហ៊ុនអាលីបាបា បានបង្ហាញការប្ដេជ្ញាចិត្ត ក្នុងការគាំទ្រពាណិជ្ជកម្មក្នុងចំណោមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងក្រុមហ៊ុនខ្នាតតូចនិងមធ្យម។
ក្រុមហ៊ុនអាលីបាបា នឹងវិនិយោគទឹកប្រាក់ចំនួន៣២០លានដុល្លារ នៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើតប្រទេសថៃ។ តំបន់នេះនឹងជួយសម្រួលដល់ការនាំចេញផលិតផលកសិកម្ម ពីប្រទេសអាស៊ីអាគ្នេយ៍ទៅកាន់ប្រទេសចិន។ ការបើកការដ្ឋានសាងសង់ត្រូវបានរំពឹងនៅឆ្នាំនេះ ហើយបើកដំណើរការពេញលេញនៅឆ្នាំក្រោយ។
តំបន់ពាណិជ្ជកម្មរបស់ប្រទេសថៃមួយនេះបានដើរតួនាទីស្រដៀងគ្នានឹង "e-hubs" នៅទីក្រុងហាំងចូវ ជាទីក្រុងកំណើតរបស់ក្រុមហ៊ុនអាលីបាបា និងប្រទេសម៉ាឡេស៊ី។ អាលីបាបា នឹងចាក់បញ្ចូលដើមទុនទៅក្នុងគម្រោងជាច្រើន ដើម្បីអភិវឌ្ឍធនធានមនុស្សរបស់ថៃ។
https://youtu.be/hsXydQzDKLE