អ្នកជំនាញថា៖ គ្រប់គម្រោងបុរីលំនៅឋានទាំងអស់គួរតែមានបង្គន់សារធារណៈ

អ្នកជំនាញថា៖ គ្រប់គម្រោងបុរីលំនៅឋានទាំងអស់គួរតែមានបង្គន់សារធារណៈ

ការអភិវឌ្ឍ​សំណង់លំនៅឋាន ពិសេសលំនៅឋានលក្ខណៈបុរី បាននិងកំពុងបាញ់ឆ្ពោះទៅគ្រប់​ទិសទីទាំងអស់ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។

ទន្ទឹមនឹងភាពរីកដុះដាលនៃ​សំណងបុរីលំនៅ​ឋាននេះ  អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ក្រុមហ៊ុនអភិ​វឌ្ឍន៍បុរីលំនៅឋានភាគច្រើន មិនទាន់​បាន​គិតដល់​ការសាងសង់បង្គន់​ទីសារធារណៈនៅក្នុងបុរីនៅឡើយទេ។

លោក ជឹម ចរណៃ ទីប្រឹក្សាបច្ចេកទេសនៃក្រុមប្រឹក្សាសហប្រតិបត្តិការទឹកស្អាតនិងអនាម័យរបស់​អង្គការសហប្រជាជាតិ (WSSCC)​ បានថ្លែងប្រាប់ KHB Newsថា លោក ចង់ឃើញក្រុមហ៊ុនអភិវឌ្ឍន៍​បុរីលំនៅឋាននៅកម្ពុជាទាំងអស់ គួរងាកម​កគិត​គូរដល់​ការសាង​សង់បង្គន់​ទីសាធារណៈ​នៅក្នុង​គម្រោង​របស់ខ្លួន ខណៈនៅកម្ពុជាពុំទាន់ឃើញមាន គម្រោងបុរីលំនៅឋាន​ណាមួយនៅឡើយគិត​ដល់បញ្ហានេះ។

លោកបន្តថាគ្រប់បុរីទាំងអស់ គួរគិតគួរ​ដល់​ការសាងសង់បង្គន់ ឬបន្ទប់ទឹក​ទី​សា​ធារ​ណៈ ព្រោះវា​មិនត្រឹមតែលើកស្ទួយកេរ្តិ៍ឈ្មោះបុរីប៉ុណ្ណោះ​ទេ វាជាការរួម​ចំណែកលើក​កម្ពស់​អនាម័យនិងទឹក​ស្អាត​​​ជាសកល ដែលស្របតាមគោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពរបស់អង្គការ​សហប្រជា​ជាតិ​ដើម្បីគ្រប់គ្រង​ទឹកស្អាត និង​អនាម័យ​ដោយ​សុវត្ថិភាព។

អតីតក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជារូបនេះ បានបញ្ជាក់​ថា៖ «បុរីទាំងអស់គួរមានបង្គន់ឬបន្ទប់ទីសារធារណៈក្នុងបុរី មិនមែនមានតែក្នុងផ្ទះទេ ឧបមារថា មាន​ភ្ញៀវគេចូលទៅបុរី ទៅលេងកន្លែងសួន ឬកន្លែងហាត់ប្រាណអីហ្នឹងគួរតែមានបង្គន់សម្រាប់​បុរស និងស្រ្តី ដូចជា​ផ្ទះ​ក្នុងបុរីរបស់គាត់ដែរ ហើយត្រូវមានអ្នកថែទាំ ហើយតុបតែងជាលក្ខណៈបៃតង អា​ហ្នឹង​​​ហើយ​ក៏ជាការលើកមុខលើកមាត់បុរីគាត់ដែរ។ ហើយបន្គន់នោះដែរ គួរអាចប្រើប្រាស់​បាន​ទាំង​មនុស្សគ្រប់វ័យ ទាំងកុមារ ចាស់ ក្មេង ស្រ្តីមាន​ផ្ទៃ​ពោះ និងជនពិការជាដើម។ ដូច្នេះ ខ្ញុំយល់ថា បើបុរីទាំងអស់ធ្វើអ៊ីចឹងបាន ជាការលើកកម្ពស់សិទ្ធិមនុស្សមួយផ្នែកធំ លើកមុខលើកមាត់បុរីគាត់ បង្កើនទំនុកចិត្តភ្ញៀវទៀតផង»។

ជុំវិញការលើឡើងនេះដែរ លោក ហាក់ ងួនឈាង អគ្គនាយកក្រុមហ៊ុន Pove Leap Enginering& Construction, LTD បានលើកឡើងថា  ក្រុមហ៊ុនអភិវឌ្ឍន៍បុរីលំនៅឋានលំដាប់ខ្ពស់ៗកាន់តែច្រើន បាននឹងកំពុងពង្រឹងលើផ្នែកសោភ័ណភាព និងគុណភាពសំណង់កាន់តែខ្លាំងទ្វេដង ដើម្បីបំពេញតម្រូវការអតិថិជន ដ្បិតថា វាគឺជាកត្តាស្នូលដ៏សំខាន់មួយសម្រាប់ប្រជែងលើទីផ្សារលំនៅឋានលំដាប់ខ្ពស់នាពេលបច្ចុប្បន្ននេះ។

ប៉ុន្តែយ៉ាងណា លោកថា៖«វាដល់ពេលហើយ ដែលក្រុមហ៊ុនអភិវឌ្ឍន៍បុរីលំនៅឋាន​ទាំងអស់ គួរគិតដល់​ការសាងសង់​បង្គន់​ទីសារធារណៈនៅក្នុងបុរី ព្រោះវា​ជួយលើកកម្ពស់ ​បញ្ហាទឹកស្អាត និងអនាម័យនៅកម្ពុជាផងដែរ»។

យោងតាមរបាយការណ៍នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅឆ្នាំ​២០១៩ វិស័យសំណង់មានសន្ទុះកំណើនយ៉ាងខ្លាំង ជាមួយនឹងគម្រោងសាងសង់មានចំនួន ៤ ៤៤៦ គម្រោង មានកំណើន ៥៥ភាគ ធៀបនឹងឆ្នាំ២០១៨ ខណៈ​ទុនវិនិយោគ​លើវិស័យសំណង់ មានចំនួនប្រមាណ ៩,៣ ពាន់លានដុល្លារ ដែលកើនឡើងប្រមាណ ៧៨ ភាគរយ។

ជាមួយគ្នានោះ ក្រសួងបានលើកឡើថា ទោះជាយ៉ាងនេះក្តីគម្រោងសាងសង់ដែល​រីកលូតលាស់ទំាងនោះភាគច្រើនពុំសូវឃើញមានគម្រោងបុរីលំនៅដ្ឋានណាមួយនៅ​ឡើយគិតដល់ការសាងសង់​បង្គន់​ទីសាធារណៈក្នុងបុរីនៅឡើយ ។ទន្ទឹមគ្នានេះ ក្រសួងក៏បានជំរុញម្ចាស់គម្រោង​ទាំងអស់​គួរគិតដល់​សុខភាពសារធារណៈផង មិនមែនភាគច្រើនគិតលើ​គុណ​ភាព និងសោភ័ណ្ឌ​ខាងក្នុង​ផ្ទះបុរី ​របស់​ខ្លួនតែប៉ុណ្ណោះ៕

អត្ថបទដោយ: Pisey