CVEA៖ បើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវាយតម្លៃអចលនទ្រព្យលើកដំបូងនៅកម្ពុជា

CVEA៖ បើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវាយតម្លៃអចលនទ្រព្យលើកដំបូងនៅកម្ពុជា

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជានៅក្នុងឆ្នាំ ២០១៩​ នេះ បានសម្រេច បង្កើតឲ្យមានវគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈវាយតម្លៃអចលនទ្រព្យដំបូងគេ នៅក្នុងប្រទេសកម្ពុជា។ 

បើតាមការលើកឡើងរបស់លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានឲ្យដឹងថា វគ្គសិក្សាថ្មីនេះជាវគ្គសិក្សាថ្មីជំនាន់ទី១ ដែលសមាគមទាំងមូលបានសម្រេចបង្កើតឡើង គឺក្នុងគោលដៅជួយពង្រឹងសមត្ថភាពរបស់ភ្នាក់ងារ ផ្នែកវាយតម្លៃ ដើម្បីធានាបានប្រសិទ្ធិភាពការងារ ដោយផ្អែកលើមូល​ដ្ឋានគ្រឹះវាយតម្លៃច្បាស់លាស់ វិជ្ជាជីវៈត្រឹមត្រូវ និងតាមបច្ចេកទេស។

ការលើកឡើងនេះ ត្រូវបានធ្វើឡើង បន្ទាប់វគ្គបណ្តុះបណ្តាលពីជំនាញវិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ​ជំនាន់ទី៥ និងវាយតម្លៃអចលនវត្ថុជំនាន់ទី១ បានចាប់ផ្តើមបណ្តុះបណ្តាល​ដល់ភ្នាក់អចលនទ្រព្យប្រមាណ ជាង២០០នាក់ នៅក្នុងខែតុលានេះ។

វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុជំនាន់ទី៥ និងវាយតម្លៃអចលនវត្ថុជំនាន់ទី១ ដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃកិច្ចសហការគ្នារវាង សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) និង​សកល​វិទ្យា​ល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (UEF)។

លោក ច្រឹក សុខនីម បានលើកឡើងបន្ថែមទៀតថាការបង្កើតឲ្យមានវគ្គសិក្សាជំនា​ញ​គឺ​ដើម្បីឆ្លើយតបនឹងតម្រូវការ នៅក្នុងទីផ្សារ ស្របពេលទីផ្សារកាន់​តែ​​រីកចម្រើន វាទាមទារឲ្យមានក្រុមងារការដែលមានជំនាញពិតប្រាកដ ដើម្បីជួយជំ​រុញ​ដល់និរន្តរភាពនៃការ ការអភិឌ្ឍរបស់វិស័យអចលនទ្រព្យទាំងមូល។ 

ជាក់ស្តែង សម្រាប់វគ្គអចវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុជំនាន់​ទី៥ និងវាយតម្លៃអចលនវត្ថុជំនាន់ទី១ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងភាគីពាកព័ន្ធរំពឹងថា សិក្ខាកាមទាំងអស់ដែលចូលរួមសម្រាប់វគ្គសិក្សានេះ នៅពេលបញ្ចប់វគ្គសិក្សា ភ្នាក់ងារនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖ 

  • វិញ្ញាបនប័ត្រ ត្រូវបានទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ទទួលបានចំណេះដឹង និងបទពិសោធន៍ក្នុងការអនុវត្តការងារវាយតម្លៃ ជាក់ស្តែងពីគ្រូឧទ្ទេសនាមដែលជាស្ថាបនិក អ្នកគ្រប់គ្រង និងអ្នកជំនាញក្នុង វិស័យអចលនទ្រព្យ
  • ពង្រឹងសមត្ថភាពចេះប្រើប្រាស់រូបមន្ត និងវិធីសាស្រ្តសម្រាប់ការវាយតម្លៃ អចលនវត្ថុ
  • ទទួលបានចំណេះដឹងពីដំណើរការនៃការវាយតម្លៃអចលនវត្ថុ
  • សមត្ថភាពរៀបចំរបាយការណ៍វាយតម្លៃអចលនវត្ថុ
  • ការយល់ដឹងពីលក្ខខណ្ឌ និងនីតិវិធីស្នើសុំអាជ្ញាប័ណ្ណ និងវិញ្ញាបនបត្រវិជ្ជាជីវៈ
  • ដឹងពីការកំណត់តម្លៃសេវា និងកម្រៃសេវាជើងសារវិជ្ជាជីវៈ
  • ដឹងពីក្រមសីលធម៌វិជ្ជាជីវៈអ្នកវាយតម្លៃ
  • យល់ដឹងពីចំណេះដឹងផ្នែកមូលដ្ឋានទាក់ទងនឹងវិស័យច្បាប់
  • យល់ដឹងពីចំណេះដឹងមូលដ្ឋានទាក់ទងនឹងច្បាប់កិច្ចសន្យា
  • យល់ដឹងពីពន្ធពាក់ព័ន្ធអចលនទ្រព្យ និងការកំណត់ពន្ធលើអចលនវត្ថុ
  • យល់ដឹងពីការវាយតម្លៃអចលនទ្រព្យតាមរយៈការប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ
  • ស្វែងយល់ពីវិធីសាស្រ្តនៃការលក់ និងការផ្សព្វផ្សាយរបស់ភ្នាក់ងារអចលនទ្រព្យ

គួរបញ្ជាក់ដែរថា បើតាមសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា ក្រោមការសហការជាមួយសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រហូតមកដល់ពេលនេះ សាលាបណ្តុះបណ្តាលជំនាញអចលនទ្រព្យ បានបញ្ចប់វគ្គសិក្សាជំនាញទិញ និងលក់អចលនវត្ថុប្រកបដោយវិជ្ជាជីវៈ បានចំនួន ៤ ជំនាន់រួចមកហើយ និងមានសិស្សបានចូលរៀនប្រមាណជាង ១,០០០ នាក់៕ 

 

អត្ថបទដោយ: Pisey