(មានវីដេអូ) ឥណ្ឌូណេស៊ី​បង្កើត​ទីក្រុង​ឆ្លាតវៃ​ថ្មីដ៏មហិមា​

(មានវីដេអូ) ឥណ្ឌូណេស៊ី​បង្កើត​ទីក្រុង​ឆ្លាតវៃ​ថ្មីដ៏មហិមា​
ជាមួយ​នឹង​ប្រជាជន​ជាង១០លាន​នាក់ ទីក្រុង​ហ្សាកាតា នៃ​ប្រទេស​ឥណ្ឌូណេស៊ី កំពុង​ដុះ​ចេញ​​នូវ​ទីក្រុង​រណប​ថ្មី​​ដ៏​ធំ​សម្បើម​មួយ ​ដែល​មាន​ឈ្មោះ​ថា គម្រោង​ Meikarta ដែលស្ថិតនៅ​ឯ​ជាយ​ក្រុង ដែល​នឹង​ផ្ដល់​ជម្រក​ដល់​មនុស្ស​៨លាននាក់។ យោង​តាមគេហទំព័រ​ PropertyGuru ទីក្រុង​ឆ្លាតវៃ​នេះ​​​ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​​អចលនទ្រព្យ​យក្ស Lippo Cikarang Meikarta ជា​​ការអភិវឌ្ឍន៍​ចម្រុះ​ដែលមានតម្លៃ ២០,៩ពាន់​លាន​ដុល្លារ ដែល​នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ថ្មី​មួយ ​សម្រាប់​ក្រុមហ៊ុន​​​ចម្រុះ​ជាតិ​សាសន៍​ចំនួន ​៤,០០០។ គម្រោង Meikarta បាន​គ្រប់​ដណ្ដប់​​លើ​ផ្ទៃដី​ចំនួន ៥០០ ហិកតា ដែល​រាប់​បញ្ចូល​ទាំង​ផ្ទៃដី​បៃតង​ចំនួន ១០០​ ហិកតាផងដែរ។ ការងារ​សាងសង់​សម្រាប់​ដំណាក់កាល​ដំបូង​​បាន​ចាប់ផ្ដើម​ក្នុង​ខែ​មករា ឆ្នាំ២០១៦ លើ​ផ្ទៃដី ​២២.០០០.០០០​ ម៉ែត្រការ៉េ ដែល​​គ្រោង​​រួចរាល់​ក្នុង​រយៈពេល៥ឆ្នាំ ដោយ​មានអគារ​ចំនួន៥០ត្រៀម​បើក​​ដំណើរការ​​នៅ​ឆ្នាំ២០១៨នេះ។ គម្រោង​នេះត្រូវបាន​ប៉ាន់ប្រមាណ​ថា នឹង​ផ្ដល់​ការងារ​ដល់​មនុស្ស​ចំនួន ៨៥.០០០នាក់។ Meikarta ស្ថិត​នៅ​ជិត​មជ្ឈមណ្ឌល​ឧស្សាហកម្ម Bekasi-Cikarang ដែល​ជា​​បណ្ដុំ​​នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត​និង​គ្រឿង​អេឡិចត្រូនិក។ លំនៅឋាន​ប្រហែល ៦០ភាគរយ​នៅ​ក្នុង​ភូមិ Meikarta នឹង​ផ្ដល់​ដល់​អតិថិជនដែល​​មាន​ការងារ​ធ្វើ​វណ្ណៈ​កណ្ដាល ដែល​ជា​ការ​រួម​ចំណែក​ដ៏​ធំ​មួយ​​ចំពោះ​កម្មវិធី​លំនៅឋាន​ថ្មី ​​១លាន​ខ្នង​នៅ​ឥណ្ឌូណេស៊ី។ ប្រភេទ​លំនៅឋាន​ប្រណិត​នឹង​មាន​​ផ្ដល់​ជូន​ចំនួន ​២៥០.០០០​យូនីត។ ការអភិវឌ្ឍន៍​នេះ​នឹង​មាន​​កន្លែង​​ពាណិជ្ជកម្ម​​សម្រាប់​ជួល​ទំហំ១,៥ លានម៉ែត្រ​ការ៉េ រួមទាំង​ផ្សារ​ទំនើបចំនួន៧ផងដែរ។ វា​ក៏​នឹង​មាន​សណ្ឋាគារ​​អន្តរជាតិ​លំដាប់​ផ្កាយ​ប្រាំ​ចំនួន ១០ និង​ជា​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍​អន្តរជាតិ​ផង​ដែរ។   https://youtu.be/X4Mpq3DswKs

អត្ថបទដោយ: Dara