​គណៈ​វិស្វករ​កម្ពុជា៖ យុទ្ធសាស្ត្រ៤ចំណុចនេះនឹងជួយឲ្យវិស្វករជាតិទទួលផលប្រយោជន៍ពីការចុះបញ្ជី

​គណៈ​វិស្វករ​កម្ពុជា៖ យុទ្ធសាស្ត្រ៤ចំណុចនេះនឹងជួយឲ្យវិស្វករជាតិទទួលផលប្រយោជន៍ពីការចុះបញ្ជី

អគ្គលេខាធិការ​គណៈ​វិស្វករ​កម្ពុជាបានអះអាងថា ដើម្បីលើកកម្ពស់សេដ្ឋកិច្ចសង្គមក្នុងចរន្តពាណិជ្ជកម្ម ហើយវិស្វករជាតិអាចទទួលបានផលប្រយោជន៍ ពីការចុះបញ្ជីវិស្វករនៅគណៈ​វិស្វករ​កម្ពុជា ចាំបាច់ត្រូវកំណត់ផែនការយុទ្ធសាស្ត្រចំនួន៤ចំណុចឱ្យបានច្បាស់លាស់

លោក លឹម សុថាវ អគ្គលេខាធិការ នៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាបានបញ្ជាក់ប្រាប់KHB Newsកាលពីពេលថ្មីៗនេះថា  គណៈ​វិស្វករ​កម្ពុ​ជា​មាន​តួនាទី​ប្រមូល​ផ្តុំ​ និង​គ្រប់គ្រង​វិស្វករ​ទូទាំង​ប្រទេស ​ដើម្បី​បណ្តុះបណ្តាល ​ពង្រឹង​សមត្ថភាព​បច្ចេកទេស ស្របតាម​កាលៈទេសៈ​នៃ​វិទ្យាសាស្ត្រ​បច្ចេកទេស​ជឿនលឿន​នា​ពេល​បច្ចុប្បន្ន អនាគត ហើយធានា​នូវគុណភាព​វិស្វកម្ម​របស់​វិស្វករ​ជាតិ​ ដែល​ប្រកបការងារ​ផ្នែក​វិស្វកម្ម​នេះ​។

លោកអគ្គលេខាធិការបានអះអាងថា ដើម្បីឱ្យវិស្វករជាតិទទួលបានផលប្រយោជន៍ ពីការចុះបញ្ជីវិស្វករ នៅគណៈវិស្វករកម្ពុជា ក្រុមការងារបានដាក់ចេញផែនការយុទ្ធសាស្ត្រចំនួន៤ចំណុច។ ទី១ ផ្សព្វផ្សាយ និងឆ្លុះបញ្ជាំងអំពីគោលបំណងពិតប្រាកដរបស់ក្រុមវិស្វករ ក្នុងវិជ្ជាជីវៈផ្នែកវិស្វកម្មនៅប្រទេសកម្ពុជា។ ទី២ អភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈវិស្វកម្មគ្រប់មុខជំនាញ ទី៣ ការពារ និងផ្តល់ឱកាសការងារជូនវិស្វករជាតិដោយស្របច្បាប់ ទាំងកម្រិតជាតិ និងអន្តរជាតិ និងទី៤ ត្រូវមានការវាយតម្លៃ និងបញ្ជូនវិស្វករជាតិអាជីព ឱ្យទទួលបានគោរមងារ ជាវិស្វករអាស៊ាន និងជាវិស្វករអាជីពឆ្នើមតំបន់អាស៊ាន ដើម្បីទទួលបានកិច្ចព្រមព្រៀងអាចផ្លាស់ទីធ្វើការបាន ទាំងក្នុង និងក្រៅប្រទេសដោយស្របច្បាប់។

លោករៀបរាប់បន្ថែមថា៖ «ដើម្បីសម្រេចគោលដៅ និងផែនការយុទ្ធសាស្ត្រ៤ចំណុចនេះ គណៈវិស្វករកម្ពុជា និងចាត់ឱ្យមានការផ្សព្វផ្សាយ កាន់តែទូលំទូលាយបន្ថែមទៀត នូវក្រមសីលធម៌វិជ្ជាជីវៈវិស្វកម្ម ឲ្យមានប្រសិទ្ធភាព ផ្តល់ឱកាសជូនវិស្វករជាតិ ឱ្យមានការងារ មានគុណធម៌ និងមានការទទួលខុសត្រូវខ្ពស់ ចំពោះសារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករ ដើម្បីឱ្យបានជ្រួតជ្រាបដល់គ្រប់ផ្នែក និងបុគ្គលដែលមានការពាក់ព័ន្ធនឹងវិជ្ជាជីវៈវិស្វកម្ម»

តាមរយៈយុទ្ធសាស្ត្រទាំង៤ចំណុចខាងលើ លោកអគ្គលេខាធិការ និងជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជារូបនេះបានអះអាងថា លោកនឹងរួមចំណែកជួយអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រទេសកម្ពុជាឲ្យបានល្អប្រសើរ តាមរយៈការចាប់ផ្ដើម ប្រមូលធនធានបញ្ញវន្តជាតិមកអភិវឌ្ឍសមត្ថភាព ប្រតិបត្តិវិជ្ជាជីវៈ និងការផ្តល់ឱកាសការងារដោយស្របច្បាប់ ទាំងកម្រិតជាតិ និងអន្តរជាតិ។

រហូតបច្ចុប្បន្ន កម្ពុជាមានវិស្វករជាង៥ពាន់នាក់ហើយ ដែលបានចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ចំណោមនោះ មានទាំងវិស្វករដំបូង វិស្វករអាជីព វិស្វករបរទេស វិស្វករអាស៊ាន វិស្វករអាជីពឆ្នើមអាស៊ាន វិស្វករអាស៊ានវ័យក្មេង និងវិស្វករកិត្តិយសអាស៊ាន៕

អត្ថបទដោយ: Pisey