តើគម្រោងខ្សែ​​ក្រវាត់​មួយ​​ផ្លូវ​មួយរបស់ចិនដែលត្រូវការថវិកាដ៏មហិមាបាន​ថវិកា​ពី​ណា?

តើគម្រោងខ្សែ​​ក្រវាត់​មួយ​​ផ្លូវ​មួយរបស់ចិនដែលត្រូវការថវិកាដ៏មហិមាបាន​ថវិកា​ពី​ណា?

គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់​មួយ​​​​ផ្លូវ​មួយ​របស់​ចិន (Belt and Road Initiative) គឺ​ជា​គម្រោង​ចម្រុះ​មួយ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សេដ្ឋកិច្ច​ នៃ​អាស៊ី អឺរ៉ុប និង​អាហ្វ្រិក នៅ​ក្នុង​ទីផ្សារ​ដែលពាក់ព័ន្ធ​​លើស​ពី៦៥ប្រទេស​ និង​ស្មើរ​ប្រមាណ ៣០% នៃ​ទិន្នផល​សេដ្ឋកិច្ច​​ពិភពលោក។ ក្របខ័ណ្ឌ​​នៃ​ហេដ្ឋារចនា​សម្ពន្ធ​​ដឹក​ជញ្ជូន​ថ្មី​កំពុង​ត្រូវ​បាន​កសាង​ឡើង​នៅ​ទូទាំង​តំបន់ ដែល​នឹង​មិន​ត្រឹម​តែ​ដើរតួ​ជា​អ្នក​តភ្ជាប់​តំបន់​ ​ប៉ុន្តែ​ក៏​ជា​កត្តា​ជំរុញ​​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​មូលដ្ឋាន​​ផង​ដែរ។ បច្ចុប្បន្ន​នេះ​ផ្លូវទឹក​មួយ​ និង​ច្រក​របៀង​ដឹក​ជញ្ជូន​​ផ្លូវគោក​​បី​កំពុង​ដំណើរការ ហើយ​មានគម្រោង​ជាច្រើន​ទៀត​កំពុង​សាងសង់​​។ ច្រក​ផ្លូវ​ដែក​ភាគ​ខាងជើង​ ភាគ​កណ្ដាល និង​ភាគ​ខាងត្បូង រវាង​ចិន និង​អឺរ៉ុប​កំពុង​ដំណើរការ។ ផ្លូវ​សូត្រ​សមុទ្រ ជា​បណ្ដាញ​កំពង់ផែ​ថ្មី​និង​ពង្រីក​ ដែល​​បាន​ភ្ជាប់​ទៅ​តំបន់​ឧស្សាហកម្ម​ និង​បាន​​លាត​សន្ធឹង​ពី​កំពង់ផែ​សមុទ្រ​ភាគ​ខាងកើត​នៃ​ប្រទេស​ចិន និង​ហុងកុង តាមរយៈ​តំបន់អាស៊ីអាគ្នេយ៍ អាស៊ី​ខាងត្បូង មជ្ឈិមបូព៌ា និង​បញ្ចប់​នៅ​ទីក្រុង​វេនីស អ៊ីតាលី ដែលកំពុង​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស។ យោង​តាម​អនុសាសន៍​របស់​លោក​ Frans-Paul van der Putten ដែលជា​អ្នកស្រាវជ្រាវ​ជាន់​ខ្ពស់​ នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ Clingendael ដែល​បាន​ដកស្រង់​ដោយទូរទស្សន៍ CNBC បាន​ឲ្យ​ដឹង​​ថា ផ្លូវ​សូត្រ​ថ្មី​នាំមក​នូវ​ការ​ដឹក​ជញ្ជូន​ថ្មី និង​ប្រសិទ្ធ​ផល​ជាង​មុន ដែល​ធ្វើ​ឱ្យ​ងាយស្រួល​ដល់​ក្រុមហ៊ុន​ជាច្រើន​លើ​ពិភព​លោក​ចូលរួម និង​ទទួល​បាន​ផល​ប្រយោជន៍​ពី​សេដ្ឋកិច្ច​ចិន។ វា​បាន​បង្កើត​តម្រូវការ​សម្រាប់​​​​សេវា​ករ​​ដឹកជញ្ជូន និង​ក្រុមហ៊ុន​ព័ត៌មាន​និង​ទូរគមនាគមន៍ គាំទ្រ​​ការ​ធ្វើ​ពាណិជ្ជកម្ម​​ដោយ​ផ្ទាល់​ដែល​​មិន​ធ្លាប់​មាន​​។ លោកស្រី Natalie Blythe ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​ពិភពលោក បាន​និយាយ​ថា "តម្រូវការ​ហិរញ្ញវត្ថុ​សម្រាប់​​គម្រោង BRI គឺ​​មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ និង​​អាច​ទទួល​បាន​ប្រាក់​កម្ចី​នៅ​ធនាគារ HSBC"។ "នេះ​នឹង​តម្រូវ​ឱ្យ​មាន​ការ​ជ្រោមជ្រែង​គ្រប់​ប្រភព​មូលនិធិ​សាធារណៈ និង​ឯកជន ដែល​មាន​"។ នៅ​ពេល​ដែល​មាន​ការ​កែតម្រូវ​​ក្នុង​បញ្ហា​បម្រែបម្រួល​​អាកាសធាតុ និង​ការ​ចំណាយ ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ប៉ាន់​ប្រមាណ​ថា តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នឹង​ត្រូវការ​ជា​មធ្យម១,៧ពាន់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ នៃ​ការ​វិនិយោគ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​បន្ថែម ឬ ២៦ពាន់​ពាន់​លាន​ដុល្លារ​នៅត្រឹមឆ្នាំ២០៣០ ប្រសិនបើ​អត្រា​កំណើន​សេដ្ឋកិច្ច​បច្ចុប្បន្ន​នៅ​​​​រក្សា​ស្ថេរភាព។ យ៉ាងណាក៏ដោយ វា​មាន​គម្លាត​យ៉ាង​ធំធេង​មួយ​នៅ​ក្នុង​ការ​ផ្ដល់​មូលនិធិ​នេះ ដោយ​វិនិយោគិន​ហេដ្ឋារចនាសម្ព័ន្ធ​បែប​ប្រពៃណី​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្ដល់​ប្រាក់​កម្ចី​​ដ៏​មហាសាសបែបនេះ​ឡើយ។ យោង​​តាម​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ឱនភាព​ថវិកា​នេះ​មាន​ចំនួន ​២,៥% នៃ GDP របស់​តំបន់​ទាំងមូល និង៥ភាគរយ​ពេញ​ប្រសិនបើ​​​មិនរាប់ចិន​។ យោង​តាម​ការ​ប៉ាន់​ប្រមាណ​នានា គ្រាន់តែ​គម្រោង BRI តែ​​មួយ នឹង​ត្រូវការ​ប្រាក់៤ទ្រីលាន (ពាន់​ពាន់) ​ដុល្លារ ទៅ៨ទ្រីលាន​ដុល្លារ​ដើម្បី​ទទួល​បាន​ផ្លែផ្កា។ គោលដៅ​ចម្បង​មួយ​នៃ​គម្រោង​ BRI គឺ​ដើម្បី​លើក​ទឹកចិត្ត​​ឲ្យ​មាន​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​បន្ថែម ​សម្រាប់​​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ។ ដើម្បី​សម្របសម្រួល​​ដល់​បញ្ហា​នេះ ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​​អាស៊ី និង​ធនាគារ​អភិវឌ្ឍន៍​ថ្មី ត្រូវ​បាន​ចាប់​​បង្កើត​ឡើង។ មូលនិធិ​ផ្លូវ​​សូត្រ៤០ពាន់​លាន​ដុល្លារ​ត្រូវ​បាន​បង្កើត​ឡើង។ ធនាគារ​គោលនយោបាយ​ធំ​ពីរ​របស់​​ចិន គឺ​ធនាគារ​អភិវឌ្ឍន៍​ចិន និង​ធនាគារ​នីហរ័ណ​ អាហរ័ណ​ចិន ត្រូវ​បាន​លើក​ទឹកចិត្ត​ឱ្យ​​ពង្រីក​ប្រាក់​កម្ចី​ជាង២០០ពាន់​លាន​ដុល្លារ​ដល់​ប្រទេស BRI ខណៈ​​ធនាគារ​​មិនមែន​ពាណិជ្ជ​ធំ៤របស់​​ចិន ​បាន​ដាក់​ប្រាក់​រាប់ពាន់​លាន​ដុល្លារ។ យ៉ាងណា​យោង​តាម​ធនាគារ HSBC ៩០%​នៃ​មូលនិធិ​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ BRI គឺ​បាន​មក​ពី​វិស័យ​សាធារណៈ​ ដោយ​ការ​​ទាញ​យក​ប្រយោជន៍​ពី​ការ​វិនិយោគពីវិស័យ​ឯកជន​ដែល​មាន។

អត្ថបទដោយ: Dara