វិស័យទិញលក់ផ្ទះលំនៅឋានដើម្បីទុកចំណេញចាប់ផ្តើមមានការកើនឡើងខ្ពស់

វិស័យទិញលក់ផ្ទះលំនៅឋានដើម្បីទុកចំណេញចាប់ផ្តើមមានការកើនឡើងខ្ពស់

ភ្នំពេញ៖ ការវិនិយោគលើការទិញ-លក់លំនៅឋានសម្រាប់ទុកលក់ចំណេញលើទីផ្សារ ហាក់មានភាពពេញនិយមពីសំណាក់អតិថិជន​ ស្របពេលដែលទីផ្សារលំនៅកំពុងមានតម្រូវការ។​ ការទិញលំនៅឋានសម្រាប់វិនិយោគបន្តនិងទុកលក់ចំណេញភាគច្រើនគឺមានទំនោរច្រើនទៅលើផ្ទះប្រភេទបុរី។

បន្ថែមលើនេះ ការទិញផ្ទះមួយពីម្ចាស់ទី១ទៅម្ចាស់ទី២ ក៏ហាក់មានការចាប់អារម្មណ៍ពីអតិថិជនមិនតិចនោះដែរ ពីព្រោះ ការទិញផ្ទះបន្តនេះភាគច្រើនគឺទិញសម្រាប់ប្រកបអាជីកម្មច្រើនជាងការរស់នៅ។

លោក កូយ សីហា ប្រធានផ្នែកលក់របស់បុរីធីវីស្តាបាននិយាយថា ការទិញលក់លំនៅឋានសម្រាប់ទុកចំណេញនេះមានការកើនឡើងគួរឱ្យកត់សម្កាល់ ដោយសារតម្លៃនៃផ្ទះមានតែកើនឡើងចាប់តាំងពីការបើកគម្រោងសាងសង់រហូតដល់ការបើកលក់។

ប្រធានផ្នែកលក់បុរីធីវីស្តា បានមានប្រសាសន៍ថា៖« អតិថិជនប្រមាណ ៥៥ ភាគរយហើយដែលទិញផ្ទះសម្រាប់វិនិ យោគបន្ត នឹងដើម្បីចំណេញ ដោយសារតែពួកគាត់មានថវិកាច្រើនសម្រាប់វិនិយោគ(ទិញ) ។ ថ្វីត្បិតមានតែចំនួន​៤៥ភាគរយតែប៉ុណ្ណោះដែលទិញផ្ទះសម្រាប់រស់នៅជាលក្ខណៈអចិន្ត្រៃយ៍។

លោក សីហាបន្តថា៖« អតិថិជនទិញផ្ទះសម្រាប់ទុកចំណេញ មិនមែនចេះតែចំណេញគ្រប់ពេលនេះទេ គឺមើលលើ​ កត្តាជាច្រើនដូចជា កត្តាភូមិសាស្ត្រ ថាតើជាតំបន់ដែលមានសក្តានុពលតម្លៃដីមានកំណើនកើនឡើងជាលំដាប់ និងជាកន្លែងអភិវឌ្ឍន៍ខ្ពស់ដែលអាចប្រកបអាជីវកម្មបានឬយ៉ាងណា។ ម្យ៉ាងវិញទៀត គុណភាពនិងសោភ័ណភាពសំណង់ដែលជាចំណុចខ្ពស់បំផុតព្រោះគ្រឹះសំណង់មានភាពរឹងមាំ ការរចនាម៉ូតមានភាពទាក់ទាញ ទើបធ្វើឲ្យតម្លៃផ្ទះមានការកើនឡើងផងដែរ។»

លោកថា៖« បុរីធីវីស្តាបានគិតគូរយ៉ាងពិសេសចំពោះអតិថិជន ដោយតម្លៃផ្ទះដែលពួកគាត់ទិញក្នុងតម្លៃកម្រិតណាមួយ ក៏ប៉ុន្តែរយៈពេលដែលគាត់រស់នៅបានត្រឹម 6 ខែនោះតម្លៃផ្ទះនិងកើនឡើងលើសតម្លៃផ្ទះរបស់ពួកគាត់ដែលទិញនាពេលដំបូង»។

លោកបញ្ជាក់ថា៖«​បុរីមិនធ្វើឲ្យអតិថិជនមានការខាតបង់នោះទេពេលទិញគេហដ្ឋានរបស់បុរីធិវីស្តារព្រោះតម្លៃដែលគាត់ទិញផ្ទះនោះគឺជាតម្លៃមួយនៅក្រោមទីផ្សារហើយបើគាត់លក់ក៏មិនខាតនោះដែរ។ ថ្វីត្បឹតតម្លៃដែលគាត់ទិញនឹងតម្លៃដែលគាត់លក់គឺមានតម្លៃស្មើគ្នាក៏ដោយក៏ប៉ុន្តែផ្ទះទាំងអស់នោះគឺមានការកើនឡើងតម្លៃដូច្នេះពួកគាត់ទទួលបាននូវប្រាក់ចំណេញច្រើន» ។

ដោយឡែក លោក ប៉ូ អ៊ាវគង់ ជាប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន អេស៊ា រៀលអ៊ិចស្ទេតបាននិយាយថា ដោយមើលឃើញពីកំណើននៃវិស័យលំនៅឋានមានសភាពកើនឡើង និងកំពុងមានតម្រូវខ្ពស់ក្នុងឆ្នាំ២០២០នេះ វិស័យផ្ទះលំនៅឋានជាមួយក៏កំពុងក្លាយជាអចលនទ្រព្យសម្រាប់ការប្រកបអាជីវកម្មរួចទៅហើយ។

លោក ប៉ូ អ៊ាង គង់បាន និយាយថា ការទិញអចលនទ្រព្យប្រភេទ​ ផ្ទះលំនៅឋានសម្រាប់វិនិយោគបន្ត និង លក់សម្រាប់ចំណេញ ហាក់មានសន្ទុះកើនឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះក្រោយពីអតិថិជនមានកម្រិត​លើសមធ្យមមានការប្រឡូក រកស៊ីក្នុងវិស័យទិញផ្ទះសម្រាប់លក់ទុកចំណេញនេះ។»

លោកថា៖ «អតិថិជន និងប្រជា​ជនពលរដ្ឋដែលមានលុយច្រើនពួកគាត់ទិញក្នុងគោលបំណងដើម្បីចំណេញក្នុងតម្លៃមួយគាប់ប្រសើរក៏មិនប្រាក​ដថាតម្លៃទាំងអស់នោះទទួលបានចំណេញខ្ពស់នោះដែរគ្រាន់តែការចំណេញនោះអាស្រ័យទៅលើប្រភេទផ្ទះ ភូមិសាស្ត្រ។»

លោក អ៊ាង គង់ដដែលបានថ្លែងថា៖« ការទិញផ្ទះសម្រាប់ចំណេញ និងការទិញផ្ទះមួយទឹក កំពុងមានការចាប់អារម្មណ៍ពីអតិថិជនច្រើនដែរ  ប៉ុន្តែការទិញផ្ទះមួយទឹកគឺនៅមានកម្រិតនៃការកើនឡើងនៅឡើយ​បើធៀបជាមួយការទិញលំនៅឋានសម្រាប់ចំណេញ។ ការទិញសម្រាប់ចំណេញពួកគាត់ទិញក្រោមមូលហេតុថា៖ ទិញក្រោមតម្លៃទីផ្សារពេលធ្វើការលក់តម្លៃមានការកើនឡើងនិងមិនខាតបង់»៕

 

 

 

 

អត្ថបទដោយ: Oudom