ក្រសួងសាធារណការមិនទទួលយកគុណភាពផ្លូវជាតិលេខ ២១ ដោយផ្នែកខ្លះមិនស្របតាមស្តង់ដារបច្ចេកទេស

ក្រសួងសាធារណការមិនទទួលយកគុណភាពផ្លូវជាតិលេខ ២១ ដោយផ្នែកខ្លះមិនស្របតាមស្តង់ដារបច្ចេកទេស

កណ្តាល៖ លោក រដ្ឋមន្រ្តីសាធារណការ និង ដឹកជញ្ជូន ថាផ្លូវជាតិលេខ ២១ មិនទាន់ស្របតាមស្តង់ដារបច្ចេកទេស ដោយសារផ្នែកខ្លះនៃផ្លូវនេះ មានស្នាមបែកប្រេះ និង មិនអាចធានាអាយុកាលបានយូរសម្រាប់ប្រើប្រាស់។ 

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីសាធារណការ និងដឹកជញ្ជូនបានប្រកាសបែបនេះ ស្របពេលដែល លោកបានជិះកង់ត្រួតពិនិត្យមើលគុណភាពផ្លូវជាតិលេខ ២១ កាលពីថ្ងៃទី ៦ ខែកក្តដា ឆ្នាំ ២០១៩។ លោកបានចុះត្រួតពិនិត្យផ្លូវជាតិលេខ ២១ ចាប់ពីពហុកីឡដ្ឋានស្រុកកោះធំ រហូតដល់ភូមិជ្រៃធំ ឃុំសំពៅពូន (ព្រំប្រទល់ប្រទេសវៀតណាម) ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល។

ក្នុងដំណើរជិះកង់ចុះត្រួតពិនិត្យគុណភាព ស្ថានភាពសាងសង់ផ្លូវជាតិលេខ ២១ នេះ ក្រសួងបានរកឃើញថា ផ្នែកខ្លះនៃកំណាត់ផ្លូវនេះសាងសង់មិនស្របតាមលក្ខណៈបច្ចេកទេស ដោយត្រង់ចំណុចដែលបានជួសជុលរួចមានស្នាមបែកប្រេះ និងសំបុកមាន់ជាច្រើនកន្លែង  និងបានកំពុងទទួលរងការខូចខាតបណ្តើរៗ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីសាធារណការមានប្រសាសន៍ថា៖«ក្រសួងលែងទទួលយកផ្លូវធ្វើជាប់រហូតទៀតហើយ តែទទួលយកផ្លូវរឹងមាំ និងមានគុណភាពខ្ពស់តាមស្តង់ដាអន្តរជាតិ។ គោលជំហររបស់ក្រសួង គឺចង់ពង្រឹងការគ្រប់គ្រងលើការសាងសង់ឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាគុណភាពផ្លូវប្រើប្រាស់ជាប់បានយូរអង្វែង។

លោករដ្ឋមន្ត្រីបានណែនាំឱ្យក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីបច្ចេកទេសរបស់ក្រសួងត្រូវតែធ្វើការផ្ដោតលើគុណភាពជាចម្បង ពោលគឺត្រូវតាមដានគុណភាពសាងសង់តាំងពីចាប់ផ្ដើមបើកការដ្ឋានសាងសង់ រហូតដល់ការប្រគល់ទទួល។ 

លោក ស៊ុន ចាន់ថុល ក៏បានស្នើឱ្យមន្ត្រីក្រោមឱវាទទាំងអស់ និងក្រុមការងារបច្ចេកទេសសាងសង់ផ្លូវពិនិត្យឡើងវិញនូវវិធានការ និងនីតិវិធីសាងសង់ឱ្យបានហ្មត់ចត់ ជាពិសេសគម្រោងសាងសង់ផ្លូវកំពុងអនុវត្តនានា ធ្វើយ៉ាងណាឱ្យគុណភាពផ្លូវមានភាពរឹងមាំ ប្រើប្រាស់ ជាប់បានយូរ ស្របតាមស្តង់ដាដែលអាចទទួលយកបាន។

លោកបានសង្កត់ធ្ងន់ថា៖«ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ប្រកាន់យកគោលការណ៍ធ្វើផ្លូវឱ្យជាប់រឹងមាំ មិនមែនធ្វើផ្លូវជាប់រហូតទេ»។ លោកថា៖«កត្តាចម្បងមួយទៀតគឺក្រុមហ៊ុនដឹកជញ្ជូន សូមចូលរួមគោរពច្បាប់ ធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវ កុំដឹកទំនិញលើទម្ងន់កម្រិតកំណត់ និងត្រូវមានប័ណ្ណបើកបរតាមប្រភេទយានយន្ត សម្រាប់អ្នកបើកបរ»។


ដើម្បីបង្កើតនូវភាពសហការគ្នាកាន់តែល្អប្រសើរក្នុងការបង្កើតផ្លូវថ្នល់ដែលមានគុណភាពល្អ ក្រសួងសាធារណការ និងដឹកជញ្ជូនបានជំរុញឱ្យប្រជាពលរដ្ឋចូលរួម ប្រើប្រាស់បច្ចេកវិទ្យាថ្មី ROAD CARE Mobile App ដើម្បីរាយការណ៍ផ្លូវជង្ហុកសំបុកមាន់ និងផ្លូវខូច និងបានណែនាំឱ្យប្រធានមន្ទីរ ទាំង ២៥ រាជធានី-ខេត្តទាំងអស់ ទទួលខុសត្រូវចំពោះបណ្តាញផ្លូវថ្នល់ដែលឋិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន មិនថាផ្លូវនោះជាផ្លូវរបស់ក្រុមហ៊ុន ឬស្ថាប័ន ណាជាអ្នកសាងសង់ទេ៕

អត្ថបទដោយ: Rath