រដ្ឋបាលរាជធានីភ្នំពេញនឹងកែប្រែសួនច្បារក្តាន់២ ឲ្យទៅជារង្វង់មូលវិញ

រដ្ឋបាលរាជធានីភ្នំពេញនឹងកែប្រែសួនច្បារក្តាន់២ ឲ្យទៅជារង្វង់មូលវិញ

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ គ្រោងចំណាយថវិកាជិត ២ពាន់លានរៀល ដើម្បីធ្វើការកែសម្រួលតំបន់ក្តាន់ ២ ឲ្យទៅជារង្វង់មូលវិញ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅម្ដុំក្ដាន់២ ។ បើយោងតាមកិច្ចប្រជុំរបស់សាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ។

សាលារាជធានីភ្នំពេញ បានឯកភាពជាមួយភាគីពាក់ព័ន្ធ កែសម្រួលលំហូរចរាចរណ៍នៅចំណុចប្រសព្វកា្តន់ពីរឡើងវិញ តាមរយៈ ការធ្វើជារង្វង់មូល តម្លើងភ្លើងស្តុបឲ្យមានភាពស៊ីសង្វាក់គ្នា និងពង្រីកទទឹងផ្លូវប្រវែង​៣ម៉ែត្រកន្លះបន្ថែមទៀត ពីមុខទីស្តីការគណៈរដ្ឋមន្រ្តី ដល់ដល់ស្ពានអាកាសតិចណូ ដើម្បីរំដោះការកកស្ទះចរាចរណ៍អោយ កាន់តែមានប្រសិទ្ធភាព។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា គម្រោងកែសម្រួលលំហូរ ចរាចរណ៍នៅតំបន់ក្តាន់​២នេះ នឹងត្រូវចាប់ផ្តើមអនុវត្តន៍នៅដើមឆ្នាំ២០២០នេះ ខណៈដែលតំបន់នេះកំពុងប្រឈមការកកស្ទះចរា​ចរណ៍ ជារៀងរាល់ថ្ងៃ ដែលរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកថា តាមរយៈការសិក្សាជាលក្ខណៈវិទ្យាសាស្រ្តរបស់ក្រុមនិស្សិត នៃវិទ្យាស្ថានបច្ចេកទេសកម្ពុជាបានបង្ហាញថាក្នុងមួយថ្ងៃៗ មានយានយន្តប្រមាណជាង ៥ម៉ឺន ៣ពាន់គ្រឿង បានឆ្លងកាត់នៅលើផ្លូវសហ​ព័ន្ធ​រុស្ស៊ីត្រង់ចំណុចប្រសព្វក្តាន់២ ខណៈយានយន្តជាង ៥ម៉ឺនគ្រឿងទៀតបានចេញដំណើរពីផ្លូវបឹងកក ឆ្លងកាត់​ផ្លូវសហព័ន្ធរុស្ស៊ី ដែលធ្វើឲ្យចំណុចនេះ ប្រឈមការកកស្ទះជាប្រចំា ស្ទើរពេញមួយថ្ងៃ។

ដើម្បីជាមធ្យោបាយក្នុងការដោះស្រាយចំពោះមុខ សាលារាជធានីភ្នំពេញ បានសម្រេចកែលម្អចរាចរណ៍នៅតំបន់នេះ ដោយត្រូវបង្កើតជារង្វង់មូលត្រង់ចំណុចកា្តន់២ ដែលត្រូវចំណាយតិច ហើយស្ថាបនាលឿនរហ័សដោយពុំបាច់រង់ចាំ ការធ្វើផ្លូវក្រោមដីបានឡើយ។  

បើយោងតាម លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងកែលម្អប្រព័ន្ធចរាចរណ៍ឡើងវិញ នៅត្រង់ចំណុចប្រសព្វក្តាន់២ នឹងអាចធ្វើឲ្យប្រសើរឡើងអំពីលំហូរចរាចរណ៍ នៅតំបន់នេះ រហូតដល់ជាង៤០% ខណៈដែលគម្រោងនេះ គ្រោងនិងចំណាយថវិការហូតដល់ ជាង ​១.៩០០​លានរៀល៕

អត្ថបទដោយ: Nary