អត្ថប្រយោជន៍នៃតំបន់បៃតងនៅក្នុងគម្រោងសាងសង់

អត្ថប្រយោជន៍នៃតំបន់បៃតងនៅក្នុងគម្រោងសាងសង់
ក្រោយពីមានលំហូរនៃការវិនិយោគលើវិស័យសំណង់អគារពាណិជ្ជកម្ម និង លំនៅឋានប្រណីតៗ​មកកម្ពុជា បច្ចុប្បន្នគេសង្កេតឃើញថាពលរដ្ឋកម្ពុជាកាន់តែមានការវិវត្ដបែបផែន នៃការរស់នៅទៅរក ភាពសុខដុមរមនាច្រើន ដោយមិនផ្ដោតតែលើការរស់នៅដើម្បីរស់នោះទេ ពោលពួកគាត់ត្រូវការបរិយាកាស ជុំវិញខ្លួនល្អ មានសោភ័ណ្ឌភាព ដែលអាចបង្កើតអារម្មណ៍ស្រស់ស្រាយ។ ដូច្នេះហើយទើបបច្ចុប្បន្នមានគម្រោងលំនៅឋាន និង ពាណិជ្ជកម្មជាច្រើនសុទ្ធតែបានគិតគូរពីកន្លែងលំហែរ និងសួនច្បារ ជាដើម។ ដូច្នេះតើការរៀបចំឱ្យមានតំបន់បៃតងនៅតាមគម្រោងសាងសង់នានាមានសារសំខាន់យ៉ាងណាខ្លះ? លោកសេន ពិសិដ្ឋ អ្នកគ្រប់គ្រងគម្រោង នៃក្រុមហ៊ុនសុខគាហ្គាឌិន (Sokea Garden) ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មលើផ្នែកឌីហ្សាញ តុបតែង និង ថែទាំសួនច្បារតូចធំ តាំងពីឆ្នាំ១៩៩៩មក បានលើកឡើងថា កាលពីប៉ុន្មានឆ្នាំមុន លោកមើលឃើញថាទោះបីប្រទេសកម្ពុជាមានការអភិវឌ្ឍលើសំណង់អគារខ្ពស់ៗ ឬបុរីខ្លះៗក៏ដោយ ក៏ប៉ុន្ដែពលរដ្ឋហាក់ពុំទាន់មានការយល់ដឹងច្រើនពីអត្ថប្រយោជន៍នៃការរស់នៅជិតតំបន់បៃតងទេ។ ពោលពួកគាត់ទិញផ្ទះដើម្បីតែរស់នៅតែម្ដងមានន័យថាពួកគាត់គិតតែបញ្ហាគុណភាពសំណង់មួយមុខតែប៉ុណ្ណោះ។ «ផ្ទុយទៅវិញឈានចូលមកដល់បច្ចុប្បន្នប្រទេសកម្ពុជាមានសេដ្ឋកិច្ចល្អ ប្រជាជនរស់នៅស្មើមុខស្មើមាត់ជាមួយប្រជាជននៃប្រទេសជិតខាង គាត់បានធ្វើដំណើរទៅក្រៅប្រទេសច្រើន នាំឲ្យពួកគាត់មានការវិវត្ដផ្នត់គំនិតច្រើន គឺគាត់យល់ច្បាស់ពីសេចក្ដីសុខនៃជីវិត ដូច្នេះហើយនៅពេលទិញផ្ទះ ឬសាងសង់គេហ​ដ្ឋាន ​ពួកគាត់មិនត្រឹមតែត្រូវការសំណង់មានគុណភាពប៉ុណ្ណោះទេ ពួកគាត់ក៏បានចំណាយថវិកាបន្ថែមលើការសាងសង់ដើម្បីរៀបចំសួនច្បារក្នុងលំនៅឋានតែម្ដង។ ពិសេសអ្នកមានលទ្ធភាពអាចរស់នៅក្នុងបុរី ឬផ្ទះល្វែង តែងតែសម្លឹងរកគម្រោងអភិវឌ្ឍន៍ណាដែលមានសួនច្បារ មានដាំដើមឈើ ឬកន្លែងសម្រាប់ដើរកម្សាន្ដ»។ លោកបានថ្លែងប្រាប់គេហទំព័រ KHB Media​ យ៉ាងដូច្នេះ។ ប្រធានគ្រប់គ្រងគម្រោងដែលមានបទពិសោធន៍ផ្នែកការរចនាសួនច្បារជាង២០ឆ្នាំរួបនេះ បន្ថែមទៀតថា បច្ចុប្បន្នមិនត្រឹមតែប្រជាពលរដ្ឋមានតម្រូវការក្នុងការរស់នៅជិតតំបន់បៃតងប៉ុណ្ណោះទេ សូម្បីតែអ្នកវិនិយោគលើគម្រោងអគារខ្ពស់ៗ និងបុរីជាច្រើនបានគិតគូររួចជាស្រេច អំពីលំហរសម្រាប់បង្កើតតំបន់បៃតង(សួនច្បារ)ក្នុងគម្រោងរបស់គេ។ លោកសង្កត់ធ្ងន់ថា៖​ «ទោះបីជាពួកគាត់ដឹងថា ការបង្កើតសួនផ្កាឬដាំដើមឈើជាការចំណាយថវិកា ច្រើនឥតមានចំណូលត្រឡប់មកវិញ ថែមទាំងត្រូវចំណាយថវិកាក្នុងការថែទាំទៀតផង ប៉ុន្ដែពួកគាត់នៅតែបង្កើតវាឡើង បើមិនដូច្នេះការប្រកួតប្រជែងក្នុងទីផ្សារប្រកត់ជាមានបញ្ហា ព្រោះបើគាត់មិនបង្កើតតំបន់បៃតងទេ គម្រោងគាត់អាចពិបាកលក់ ឬលក់ចាញ់គម្រោងផ្សេងៗដែលគេបានគិតគូរការរស់នៅនិងភាពសុខដុមរមនារបស់អតិថិជនតាមរយៈការរៀបចំជាតំបន់បៃតងនេះ»។ បើតាមលោក ពិសិដ្ឋ នៅប្រទេសអភិវឌ្ឍន៍ជាច្រើន តែងតែបានគិតមុននឹងបង្កើតគម្រោងបុរី ឬ សំណង់អគារខ្ពស់ៗ គេតែងបានដាក់បញ្ចូលនូវ​លំហរសួនច្បារចូលទៅក្នុងប្លង់គម្រោងរបស់​គេ។ លោកបញ្ជាក់ថា៖«មានប្រទេសខ្លះបានកំណត់ឱ្យត្រូវតែមានការបង្កើតសួនច្បារ ឬការដាំដើមឈើនៅក្នុងគម្រោងអភិវឌ្ឍន៍សំណង់ខ្លួន ពោលគឺគំនិតនេះត្រូវបានបញ្ចូលជាបទបញ្ញាតិនៃច្បាប់សំណង់តែម្ដង បើពុំដូច្នេះគម្រោងនោះនឹងមិនត្រូវបានអនុញ្ញាត​ឱ្យសាងសង់ឡើយ ព្រោះការនៅជិតតំបន់បៃតង នឹងធ្វើឱ្យអ្នករស់នៅជិតនោះមានអារម្មណ៍ស្រស់ស្រាយ កាត់បន្ថយភាពស្មុគស្មាញ ងាយស្រួលដកដង្ហើម ដែលធ្វើឱ្យអ្នករស់នៅមានអារម្មណ៍សុខដុមរមនាបំផុត»។ បើយោងតាមសំដីអ្នកជំនាញអចលនទ្រព្យជាច្រើនបានលើកឡើងថា បច្ចុប្បន្នស្ទើរទាំងអស់នៃគម្រោងអភិវឌ្ឍន៍ត្រូវបានផ្ដោតសំខាន់ទៅលើគុណភាពសំណង់អគារនិងតំបន់បៃតង ព្រោះវាជាការគិតគូរដល់សុខមាលភាពអតិថិជនផង និងងាយស្រួលក្នុងការប្រកួតប្រជែងក្នុងការលក់ផងដែលការអភិវឌ្ឍន៍បែបនេះគឺអោយឈ្មោះថាការអភិវឌ្ឍទៅរកបែបធម្មជាតិ ដែលខុសពីការអភិវឌ្ឍបែបសេដ្ឋកិច្ច។ ដូច្នេះហើយទើបបច្ចុប្បន្នគេសង្កេតឃើញថា លំនៅឋានឬអគាររបស់គម្រោងណាមួយដែលខិតទៅជិតតំបន់បឹង មាត់ទន្លេ មានបរិយាកាសខ្យល់បរិសុទ្ធ កាន់តែមានតម្លៃខ្ពស់។ លោកសេន ពិសិដ្ឋ បន្ថែមថា ដោយសារតែមានការយល់ដឹងច្រើនពីសំណាក់ពលរដ្ឋទៅលើការរស់នៅ និងបរិស្ថានល្អទើបធ្វើឱ្យអាជីវកម្មរបស់លោកអាចពង្រីកខ្លួនយ៉ាងមានសក្ដានុពល រហូតឈានទៅទទួលបានគម្រោងធំៗក្នុងការរៀបចំ Green Space ដូចជាក្រុមហ៊ុនអរគីដេវីឡា ក្រុមហ៊ុនផ្សារទំនើប​អ៊ីអនម៉ល ក្រុមហ៊ុនភេសជ្ជកម្ពុជាកូកា-កូឡា និងក្រុមហ៊ុនតម្លើងគ្រឿងបង្គុំរថយន្ដរបស់ជប៉ុននៅតំបន់សេដ្ឋកិច្ចពិសេស។ អ្វីដែលធ្វើឱ្យក្រុមហ៊ុនលោកអាចឈរជើងបានយូរនិងទទួលបានការគាំទ្រពីអតិថិជនមកដល់បច្ចុប្បន្នព្រោះឈរលើគោលការណ៍ ភាពស្មោះត្រង់ជាមួយអតិថិជន គុណភាពល្អ និង សេវាកម្មល្អ។ លោកបញ្ជាក់ថា៖​​ «ភាពស្មោះត្រង់គឺយើងផ្ដោតលើការមិនភូតកុហក់អតិថិជនមានន័យថា នៅពេលយើងបង្ហាញអតិថិជនពីប្រភេទផ្កាណាដែលត្រូវយកទៅរៀបចំសួន គឺយើងពិតជាយកផ្កានោះទៅដាក់ពិតប្រាកដ។ គុណភាព សេវាកម្មយើងរៀបចំឲ្យបានម៉ត់ចត់ ត្រឹមត្រូវតាម ព្រមទាំងមានការប្រឹក្សាយោបល់ជាមួយអតិថិជនយ៉ាងល្អដើម្បីជៀសវៀងការចំណាយប្រាក់ច្រើនពីអតិថិជន»។ លោកបញ្ជាក់ថាបើសិនបើអតិថិជនណាដែលមានបំណងស្ថាបនាសួនច្បារ គួរតែរកអ្នកជំនាញថែទាំសួន ឬដើមឈើឱ្យមកជួយឌីហ្សាញ និង រៀបចំឲ្យ ដោយមិនគួរធ្វើវាដោយខ្លួនឯងនោះទេ ជៀសវៀងនូវលទ្ធផលទទួលបានមិនដូចបំណង ព្រោះការថែទាំសួនដោយខ្លួនឯងមិនដូចអ្នកជំនាញនោះទេ។ លោកថ្លែងថា៖ «អ្នកបច្ចេកទេសគេធ្វើការងារថែទាំគេដឹងថាដើមឈើឬផ្កាណាត្រូវការទឹក ឬត្រូវការកំដៅថ្ងៃខ្លាំង ដូច្នេះអ្វីដែលអ្នកជំនាញធ្វើនឹទទួលបានលទ្ធផលល្អ។ផ្ទុយទៅវិញបើគាត់ធ្វើដោយខ្លួនឯង ឬអោយអ្នកគ្មានជំនាញធ្វើនឹងធ្វើឱ្យគាត់ខាតបង់ច្រើន ពិសេសពុំទទួលបានទល្ធផលដូចបំណងឡើយ»។ ដោយសារតែមើលឃើញពីភាពសំខាន់នៃបរិស្ថានបៃតងជុំវិញខ្លួនពិតជាមានសារសំខាន់ក្នុងការរស់នៅលោកសេង ពិសិដ្ឋ ក៏សូមសំណូមពរទៅអជ្ញាធរ ឬស្ថាប័នពាក់ព័ន្ធពិសេស ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គួរតែគិតគូរដាក់បញ្ចូលការរៀបចំសួនច្បារនៅក្នុងប្លង់អភិវឌ្ឍន៍សំណង់អគារ បុរី ផ្ទះល្វែង ចូលជាបញ្ញាតិច្បាប់មុននឹងឱ្យសាងសង់។ ចំពោះការរៀបចំសួនច្បារសាធារណៈ គួរតែគិតគូរឱ្យបានល្អិតល្អន់ មុននឹងបង្កើតសួនច្បារ គួរតែរកប្រភពទឹកនិងវិធីសាស្រ្ដថែទាំឱ្យបានត្រឹមត្រូវជៀសវៀងរៀបចំចំណាយថវិកាច្រើន ហើយបែជាមិនទទួលបានសួនច្បារដែលមានភាពស្រស់បំព្រង។ លោកបញ្ជាក់ថា៖«ពេលធ្វើដំណើរខ្ញុំឃើញកន្លែងខ្លះរៀបចំសួនតាមផ្លូវស្អាត ពិសេសពេលរដូវវស្សាមានភ្លៀងដើមឈើស្មៅមើលទៅស្រស់បំព្រង ប៉ុន្ដែពេលរដូវប្រាំងគ្មានប្រភពទឹកក្នុងការថែទាំដើមឈើស្មៅទាំងនោះឡើងស្លោកស្ទើរតែងាប់អស់ហើយ។ ចំណុចនេះខ្ញុំគិតថាយើងគូរតែមានដំណោះស្រាយឱ្យបានល្អដើម្បីរក្សាសួនច្បារទាំងនោះឱ្យនៅស្រស់បំព្រង»៕ បើមានចំណាប់អារម្មណ៏​ សូមទំនាក់ទំនង ក្រុមហ៊ុន សុខគាហ្គាឌិន អាស័យដ្ឋាន : ផ្ទះលេខ ១៧៧ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ  ទូរស័ព្ទ : (KHMER) (855) 15 95 20 68 / 16 68 11 98 /                 (ENGLISH) (855) 15 33 2008 / 12 820 119 អ៊ីម៉ែល : [email protected] វេបសាយ : http://www.sokeagarden.com
អត្ថបទដោយ: Medikan