វេបសាយ​អចលនទ្រព្យ​​ថៃ​ប្រែ​ខ្លួន​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ខ​

វេបសាយ​អចលនទ្រព្យ​​ថៃ​ប្រែ​ខ្លួន​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ខ​
គេហទំព័រ​​អចលន​ទ្រព្យ​ដ៏ធំ​បំផុត​របស់​ប្រទេស​ថៃ DDproperty ​ដែលជា​ផ្នែក​មួយ​​​ នៃ PropertyGuru Group ដែល​ជា​ក្រុមហ៊ុន​​អចលន​ទ្រព្យ​អនឡាញ​ឈាន​មុខ​គេ​នៅ​អាស៊ី បាន​​នាំមក​នូវ​បច្ចេកវិទ្យា​ថ្មី​មួយ​ក្នុង​​ទូរស័ព្ទ​ដៃ សម្រាប់​ស្វែង​រក​ទិញ​អចលនទ្រព្យ។ ជាមួយ​​នឹងបទពិសោធន៍​បច្ចេកវិទ្យា​និង​ឧស្សាហកម្ម១០ឆ្នាំ​របស់​ខ្លួន ក្រុមហ៊ុន DDproperty បាន​បោះ​ជំហាន​ទៅ​រក​ដំណាក់កាល​ថ្មី​មួយ​ទៀត ពី​បណ្ដាញ​ព័ត៌មាន​អចលនទ្រព្យ​ក្នុង​តំបន់​ ទៅ​ជា​ក្រុមហ៊ុន​​បច្ចេកវិទ្យាដ៏​​ធំ​​មួយ។ វា​រួមបញ្ចូល​ទាំង​គេហទំព័រ កម្មវិធី​ទូរស័ព្ទ និង​​​យីហោ​ថ្មី​មួយ ដែល​ធ្វើ​​ឱ្យ Ddproperty មាន​តួនាទី​​ជា​អ្នក​ផ្ដល់​ប្រឹក្សាដ៏​សំខាន់ ដល់​អ្នក​ស្វែងរក​អចលនទ្រព្យ។ ក្រុមហ៊ុន​បាន​​​ឲ្យ​ដឹង​ថា គេហទំព័រ​ថ្មី និង​កម្មវិធី​ទូរស័ព្ទ មាន​បំណង​​ធ្វើ​ឱ្យ​ការ​ស្វែង​រក​​អចលនទ្រព្យ​គ្រប់​ប្រភេទកាន់តែ​មាន​ភាព​ងាយស្រួល និង​ដោយ​ផ្ទាល់។ DDproperty បាន​ដឹង​អំពី​តម្រូវការ និង​ចំណង់​ចំណូល​ចិត្ត​របស់​អ្នកប្រើ ដូច្នេះ​ដំណោះស្រាយ​ទាំងនេះ​នឹង​​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ​ឆ្លាតវៃ ​និង​​​ត្រឹមត្រូវ​ជាង​មុន។ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន PropertyGuru Group លោក​ Hari Krishnan បាន​និយាយ​ថា មនុស្ស​រាប់​លាន​នាក់​នៅ​អាស៊ីអាគ្នេយ៍ អាច​ស្វែងរក​ទិញ​​ផ្ទះ​​​ដែល​ខ្លួន​​ប្រាថ្នា ជាមួយ​នឹង​​កម្មវិធី​នេះ។ មិន​ត្រឹម​តែ​មាន​ភាព​សាមញ្ញ និង​​ឆាប់​រហ័ស ប៉ុន្តែ​ជា​ដំណោះស្រាយ​ជាមួយ​នឹង​បុព្វសិទ្ធិ​និង​ការ​ទទួល​ខុសត្រូវ។​
អត្ថបទដោយ: Dara