អ្នកអភិវឌ្ឍន៍កំពុងងាកមកវិនិយោគលើគម្រោងលំនៅឋានបែបលំហែរកាយ

អ្នកអភិវឌ្ឍន៍កំពុងងាកមកវិនិយោគលើគម្រោងលំនៅឋានបែបលំហែរកាយ

ការអភិវឌ្ឍគម្រោងលំនៅឋានបែបលំហែរកាយ ចាប់ផ្តើមពេញនិយម ពីសំណាក់អ្នកអភិវឌ្ឍន៍ក្នុងស្រុកក្នុង​រយៈ​ពេលមួយឆ្នាំចុងក្រោយនេះ។ ទំនោរនេះគឺដោយកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាការកើនឡើងនៃប្រាក់ចំណូលរបស់ប្រជាជនក្នុងស្រុក។

ប្រធានសមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម​ បានថ្លែងថា នាពេល​​​កន្លង​មក អ្នកអភិវឌ្ឍន៍ភាគច្រើនផ្តោតតែទៅលើការ​អភិវឌ្ឍសណ្ឋាគារ និង រមណីយដ្ឋាន ដោយផ្តោតលើទេសចរណ៍បែបធម្មជាតិ ឬ​ អេកូទេស​ចរណ៍។

លោកបន្តថា នាពេលបច្ចុប្បន្ននេះ អ្នកអភិវឌ្ឍន៍បានងាកចេញពីការអភិវឌ្ឍសណ្ឋាគារ ឬរមណីដ្ឋាន មកជាការសាងសង់រីសតលំហែកាយ និងផ្ទះលំហែរកាយ ដើម្បីផ្គត់ផ្គង់ដល់អ្នកដែលមានចំណូលខ្ពស់ ដែលត្រូវការលំនៅឋានសម្រាប់លំហែរកាយនាថ្ងៃចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាកផ្សេងៗ។

លោក សុខនីមបន្តថា ដោយសារតែកម្រិតជីវភាពរបស់​ប្រជាជនកម្ពុជា ជាពិសេសអ្នកដែលមានចំណូ​ល​​ខ្ពស់មានការកើនឡើងជាច្រើន ទើបអ្នកអភិឌ្ឍន៍លំនៅឋាន​​ចាប់ផ្តើមងាកមកសាងសង់​​ផ្ទះលំហែរកាយផ្ទាល់​ខ្លួន ដើម្បីផ្គត់ផ្គង់ដល់អតិថិជនដែលមានជីវភាពធូធារទាំងអស់នេះ ដោយសារតែអតិថិជនទាំងអស់មិនចង់ជួល​សណ្ឋា​គារ រីសត ឬ រមណីយដ្ឋានដើម្បីស្នាក់នៅលំហែរកាយ។

បច្ចុប្បន្នមានលំនៅឋានលហែរកាយនៅទូទាំងប្រទេសកម្ពុជាមានជាង៤០គម្រោង មានតម្លៃចាប់​ពី៣ម៉ឺន​​ដុល្លារ ៥ម៉ឹនដុល្លារ ៧ម៉ឺនដុល្លារ ១០ម៉ឺនដុល្លារ ២០ម៉ឺនដុល្លារ ឬឈានដល់១លានដុល្លារក៏មាន គឺអាស្រ័យ​លើទីតាំង​ល្អឬមិនល្អ ឬលក្ខខណ្ឌរបស់គម្រោង​​នីមួយៗ។

ចំពោះខេត្តនៅប្រទេសកម្ពុជា ដែលមាន​សក្តានុពល ក្នុងការវិនិយោគគម្រោងបែបនេះ គឺនៅខេត្តកំពត ខេត្តកែប ក្រុងព្រះសីហនុ និងផ្នែកខ្លះនៃខេត្តកោះកុង។ដោយឡែក បច្ចុប្បន្ន គេឃើញមានគម្រោងលំនៅដ្ឋានផ្ទះលំហែរកាយ ក៏ចាប់ផ្តើមរីកដុះដាលខ្លាំងនៅក្នុងខេត្តកណ្តាលផង​ដែរ។

លោក សុខនីមបានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍លំនៅឋានបែបលំហែ​កាយ​នៅកម្ពុជា ទើបតែចាប់ផ្តើម​ផុសផុល និងវិវត្ត​ទៅ​មុ​ខ​ក្នុងរយៈ​ពេល ជាងមួយឆ្នាំចុងក្រោយនេះទេ ដោយសារពលរដ្ឋដែលមានចំណូលខ្ពស់ ចង់បាន​ជីវិតបែបធម្មជាតិ  និងចង់មានសុខភាពល្អតាមរយៈការស់ក្នុងផ្ទះដែលមាន ដើម​ឈើ ចម្ការដំណាំ សួនច្បារ ជាដើម។

យ៉ាងណា លោកអះអាងថា គម្រោងគម្រោង​វិនិយោគផ្ទះបែប​លំហែ​កាយនៅកម្ពុជា នឹងបន្ត​ដំណើរ​​ក្នុងរូបភាពសន្សឹមៗ។ ហេតុនេះលោកថា បើចង់ឲ្យគម្រោង​វិនិយោគផ្ទះបែប​លំហែ​កាយកាន់តែជោគជ័យ ក្រុមហ៊ុនវិយោគឬអ្នកអភិវឌ្ឍន៍ត្រូវសិក្សាឲ្យបានលម្អិតពីកម្រិតជីវភាពពលរដ្ឋដែលមាន​ចំណូល​ប៉ុណ្ណា ដែលអាចមានលទ្ធភាពទិញផ្ទះបែបនេះ។

ស្រដៀងគ្នានេះដែរ  លោក​ ​ឌិន សុមេធា​រិ​ទ្ធ ស្ថាបនិក​រមណីយដ្ឋាន ភូមិ​ផ្កាត្រកួន​ឬ ភូមិឋានធម្មជាតិ ដែល​ជា​លំនៅឋានបែប​ទាន់សម័យ​ក្នុងស្រុក មាន​ទីតាំង​ស្ថិតនៅ​ស្រុក​ស្អាង ខេត្តកណ្តាល បាន​មានប្រសា​សន៍ថា ដោយសារ​សេដ្ឋកិច្ចក្នុងប្រទេស​មាន​ភាព​រី​ក​ចម្រើន និងកម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាមានការរីកចម្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ​ធ្វើឲ្យ​ប្រជា​ពល​រដ្ន​ខ្មែរមួយចំនួន​មាន​ភាព​ចង់បានផ្ទះផ្ទាល់ខ្លួនសម្រាប់លំហែរនាថ្ងៃចុងសប្តាហ៍ឬថ្ងៃឈប់សម្រាក ទើប​លោក​សម្រេច​បោះទុន​វិនិយោគ​អភិវឌ្ឍន៍ ​រមណី​យ​ដ្ឋា​នផ្កាត្រកួន​នេះ​ឡើង។

លោកថា​រមណី​យ​ដ្ឋា​នផ្កាត្រកួន​បាន​ដំណើរការ​លើ​ផ្ទៃដី​ក្នុង​ទំហំ ៤​ហិក​តាក្នុងជំហានដំបូងនិងបន្ទាប់មក​ពង្រីក ៦​ហិក​តា​ថែមទៀត ក្នុងពេល​បច្ចុប្បន្ន​។​

លោក សុមេធា​រិ​ទ្ធ បន្ថែមថា៖«យើងឃើញថា ប្រជាជនកម្ពុជាជាច្រើន​បាន​ចេញទៅកម្សាន្តនៅក្រៅប្រទេស ដើម្បីស្វែងរកកន្លែងវិស្សមកាលនៅពេលថ្ងៃឈប់សម្រាក ដោយសារតែមិនមានមានកន្លែងកម្សាន្តសម្រាប់ទៅលំហែរកាយច្រើននៅកម្ពុជា។ហេតុនេះលោកជឿថា៖«ឆាប់ៗនេះផ្ទះលំហែកាយបែបឯកជន នឹងក្លាយជាជម្រើសដ៏ល្អ និងស័ក្តិសមបំផុតនៅកម្ពុជា »

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌​មាន កាលពីពេលកន្លងទៅថ្មីៗនេះ ធ្លាប់បានប្រកាស​ស្វាគមន៍ និង​ សាទរ​ដល់​វិស័យ​ឯកជន ​ដែល​បង្កើត​គម្រោង​ផ្ទះលំហែកាយឯកជននេះឡើង។  

លោក ​បាន​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ដទៃ​ផ្សេងទៀត​បន្ថែម​ការវិនិយោគ​លើ​លំនៅឋាន​បែប​លំហែរ​កាយ​នេះ​ឲ្យ​បាន​ច្រើន​ទៀត ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​នាពេល​អនាគត​។​

យ៉ាងណាអ្នកជំនាញ និងអ្នកវិយោគគម្រោងផ្ទះលំហែកាយនៅកម្ពុជា នៅតែបានបង្ហាញក្តីរំពឹងថា សក្ដានុ​ពល​​នៃផ្ទះលំហែកាយនឹងកាន់តែរីកចម្រើនខ្លាំង ស្របពេលដែលវិនិយោគិននៅមានកម្រិតទាបក្នុងការដាក់ទុនវិនិយោគ ភាគច្រើនគេនិយមតែសាងសង់លំនៅឋានរស់នៅធម្មតា ឯលំនៅឋានប្រភេទនេះគឺនៅមានតិចតួចនៅឡើយ ។ដូច្នេះជាឱកាសល្អដែលវិនិយោគិនគួរសាកល្បងរៀនសូត្រស្វែងយល់ពីគម្រោងនេះ ខណៈទីផ្សារមិនទាន់ចង្អៀតនៅឡើយ៕

អត្ថបទដោយ: Pisey