ចង់កែប្រែឫឌីហ្សាញអគារចាស់ៗមកប្រើជាថ្មីគួរធ្វើដូចម្តេចទើបមានសុវត្ថិភាព?

ចង់កែប្រែឫឌីហ្សាញអគារចាស់ៗមកប្រើជាថ្មីគួរធ្វើដូចម្តេចទើបមានសុវត្ថិភាព?
អ្នកដែលមានអគារចាស់ៗធ្លាប់គិតថាចង់កែប្រែ ឬឌីហ្សាញវាបន្ថែមទៅជាអគារថ្មី ដើម្បីប្រើប្រាស់ជាគុណប្រយោជន៍​ក្នុងអាជីវកម្ម ឬសម្រាប់រស់នៅដោយសុវត្ថិភាពឫទេ? លោកអ្នកប្រហែលជាមិនដឹងថាគួរវាយអគារនោះ ចោលហើយសាងសង់អគារថ្មី រឺ កែច្នៃអគារនោះឡើងវិញមែនទេ? បច្ចុប្បន្ននៅកម្ពុជា មានសេវាកម្មមួយឈ្មោះថា សេវាកម្មវិភាគលើអគារចាស់ៗ ដែលក្រុមការងារបច្ចេកទេសទាំងនោះ នឹងអាចចុះទៅវិភាគសំណង់អគារលោកអ្នក ដើម្បីដឹងថាអគារនោះអាចប្រើប្រាស់បន្ដដោយសុវត្ថិភាពដែរឬទេ? លោកកាំង សាំងឡាយ​ Design Manager នៃក្រុមហ៊ុន​ ITCG Consulting & Design  បានលើកឡើងថា ការវិភាគឬសិក្សាលើអគារចាស់ៗគឺធ្វើឡើងនៅពេលម្ចាស់អគារស្នាក់នៅ ឬអគារបម្រើអាជីវកម្មផ្សេងៗ ចង់ធ្វើកែប្រែ ឬ ឌីហ្សាញទៅជាកន្លែងមួយថ្មី ដែលអាចមានបន្ទុកបន្ថែមទៀតនៅលើអគារ ឬក៏ធ្វើការវិភាគទៅលើអគារចំណាស់ដែលមានអាយុកាលរាប់ឆ្នាំ ដោយគេពុំបានដឹងពីសាវតាច្បាស់​ថាតើវាអាចប្រើប្រាស់បានបន្តទៀត ឬគួវាយកំទេចចោលដើម្បីបញ្ជៀសនូវរាល់ហានិភ័យកើតឡើងដល់អ្នកប្រើប្រាស់។ Design Manager នៃក្រុមហ៊ុន ITCG Consulting & Design បានលើកជាឧទាហរណ៍ថា ក្នុងករណីមានផ្ទះពីរល្វែងដែលគេធ្លាប់រស់នៅ ប៉ុន្ដែក្រោយមកម្ចាស់កម្មសិទ្ធិ ឬអ្នកជួលបន្តចង់ឌីហ្សាញទៅជាហាងកាហ្វេឬភោជនីយដ្ឋាន នៅពេលមានការកែប្រែបន្ទុកនៅលើអគារបែបនេះ អតិថិជនចាំបាច់ត្រូវតែស្វែងរកអ្នកបច្ចេកទេសទៅវិភាគឬសិក្សាលើសំណង់អគារនោះថាតើគ្រឹះនៃផ្ទះនោះបានបុកចូលទៅក្នុងដីទេ? ប្រសិនបើបុកចូលជាប្រភេទគ្រឹះអ្វី ហើយជម្រៅណា? ជើងតាងប្រើទំហំប៉ុណ្ណា? ដែកប៉ុន្មានដើម? ទើបគេចាប់ផ្ដើមគិតដល់​សរសរឬធ្មឹមក្រវ៉ាត់ និងប្លង់សេ។ លោកបញ្ជាក់ថា៖«នៅពេលបានទិន្និន័យទាំងនោះអស់ហើយ ទើបយើងចាប់ផ្ដើមយកមកបញ្ចូលរូបគំរូ 3D ឱ្យកម្មវិធីគណនាឡើងវិញទៅតាមអ្វីដែលអតិថិជនចង់បាន ព្រោះភោជនីយដ្ឋាន ឬហាងកាហ្វេ បន្ទុកវាត្រូវកើនឡើងជាងអគារស្នាក់នៅធម្មតា ដោយសារមានអតិថិជនចេញចូលច្រើន។ នៅពេលនោះកម្មវិធីនឹងប្រាប់ថា តើសំណង់អគារនេះ វាអាចឆ្លើយតបទៅនឹងការកែប្រែដើម្បីបំរើបំរាស់ថ្មីឬទេ? នៅពេលដែលវាមិនគ្រប់ក្នុងការទទួលបន្ទុកថ្មី គេមានរូបមន្ដក្នុងការជួយ ដោយអាចថែមសរសរឬពង្រីកសរសរ ឬថែមដែកជាដើម។ ក្នុងករណីស្ទើរគ្រឹះក៏អ្នកជំនាញអាចធ្វើបាន ដោយធ្វើកំណាយដីបន្ទាប់មកពង្រីកជើងតាង ប៉ុន្ដែក្នុងករណីថែមគ្រឹះម្ចាស់អគារត្រូវចាយថវិកាច្រើនជាករណីផ្សេងៗ»។ លោកកាំង សាំងឡាយ​ បង្ហើបប្រាប់ថា ពាក់ព័ន្ធនិងការកែច្នៃអគារចាស់ៗនេះ គឺវាមានភាពចំណេញច្រើនដល់អតិថិជន ព្រោះម្ចាស់កម្មសិទ្ធិ ឬអ្នកជួលមិនចាំបាច់វាយអគារទាំងមូលចោលហើយសង់ថ្មីឡើងវិញ គ្រាដែលអគារនៅមានអាយុកាលអាចប្រើប្រាស់បន្តបាន។ ម្យ៉ាងវាពាក់ព័ន្ធថវិកា ឬទុនវិនិយោគអាចថា ពួកគាត់មានទុនល្មមក៏អាចធ្វើការងារនេះ ដើម្បីបង្កើតអាជីវកម្មបានយ៉ាងងាយស្រួល។ លោកបន្ថែមទៀតថា៖«ឧទាហរណ៍ថាគាត់ទៅជួលទីតាំងគេធ្វើកុងត្រាតែប្រាំឆ្នាំ បើគាត់ទៅវាយអគារចាស់សង់ថ្មី ពេលណាបានហើយ? ត្រូវចាយលុយប៉ុន្មាន? សល់ពេលប៉ុន្មានដែលអាចរកស៊ីបានផលចំណេញបានដើមទុនមកវិញ?​ ដូច្នេះការទទួលយកសេវាកម្មវិភាគ​លើអគារ ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ ប្រសិនបើពួកគាត់ស្វែងរកអ្នកជំនាញពិតប្រាកដ ព្រោះចំណេញទាំងថវិកា មិនជួបហានិភ័យបាក់ស្រុតថែមទៀត»។ លោកបន្ថែមថា ៖«មានសំណង់អគារមួយសង់តាំងពីសម័យបារាំង គាត់ស្រលាញ់ទីតាំងខ្លាំងណាស់ ហើយឱ្យខ្ញុំសិក្សាវិភាគដើម្បីបើកជាកន្លែងម៉ាស្សាដែលយកប្រ៊េនមកពីអាមេរិក។ នៅពេលខ្ញុំសិក្សាគឺមិនអាចធ្វើបានទេ ដែលតម្រូវឲ្យវាយអគារនោះចោលធ្វើថ្មីតែម្ដង ព្រោះអគារនោះពុំសូវប្រើប្រាស់ដែកជាជំនួយច្រើនទេ ដោយវាជាសំណង់ពីសម័យអាណានិគមន៍។ សំនួរសួរថា ប្រសិនបើគាត់មានលុយធ្វើអ្វីចិត្ដឯង មិនរកអ្នកជំនាញទៅវិភាគ ឬសិក្សាលើអគារនោះឱ្យជាងកែប្រែ ឬឌីហ្សាញតែម្ដង នៅពេលគាត់បើកអាជីវកម្ម ឬអាជីវកម្មកំពុងដំណើរការស្រាប់តែអគារនោះជួបបញ្ហា តើគាត់នឹងទទួលខុសត្រូវបែបណា?»។ ជាមួយគ្នានេះ Design Manager នៃក្រុមហ៊ុន ITCG Consulting & Design ប្រាប់ទៀតថា បច្ចុប្បន្នមានប្រជាពលរដ្ឋតិចណាស់ដែលបានដឹងពីការប្រើប្រាស់សេវាកម្មប្រភេទនេះ និងអត្ថប្រយោជន៍របស់វា ដោយភាគច្រើនលោកទទួលបានការងារពីក្រុមអ្នក​សាង​សង់ ឬជាងនៅពេលអតិថិជនគាត់ឱ្យទៅកែផ្ទះ គាត់ពុំហ៊ានធ្វើដោយប្រថុយប្រថានខ្លាចជួបហានិភ័យទើបមករកអ្នកជំនាញ។ លោកប្រាប់ទៀតថា ពាក់ព័ន្ធនឹងការវិភាគលើអគារ ឬសំណង់នេះគេមិនមែនវិភាគតែលើអគារចាស់ៗទេ ជួនកាលអគារថ្មីក៏គេវិភាគដែរ គឺវិភាគទៅលើបន្ទុកដែលបច្ចុប្បន្នគេច្រើនធ្វើទៅលើសំណង់អគាររោងចក្រ។ ហើយបច្ចុប្បន្នក្រុមហ៊ុនលោកក៏ទទួលបានការងារជាច្រើនពីរោងចក្រដែរ មានន័យថា រាល់ការបញ្ជារទិញពីក្រុមហ៊ុននៅក្រៅស្រុកម្ដង ម្ចាស់រោងចក្រក្នុងស្រុកត្រូវទៅរកអ្នកជំនាញទៅវិភាគមើលលើបន្ទុកនៃសំណង់នោះម្តងដែរ។ លោកកាំង សាំងឡាយ​ បន្ថែមថា៖«មូលហេតុដែលរោងចក្រក្នុងស្រុកត្រូវធ្វើបែបនេះ គឺជាតម្រូវការរបស់អ្នកបញ្ជា ទិញនៅបរទេស ព្រោះនៅបរទេសគេមានច្បាប់របស់គេនៅពេលបញ្ជាទិញទំនិញពីរោងចក្រណាមួយ លុះត្រាតែមានរបាយការណ៍វិភាគលើសំណង់រោងចក្រនោះថាតើអាចមានសមត្ថភាពផ្ទុកសម្ភារៈ និងកម្មករបានកម្រិតណាទើបគេបញ្ជាទិញ ដើម្បីធានាសុវត្ថិភាពជូនកម្មករ។ ក្រៅពីច្បាប់តម្រូវ គេ (អ្នកបញ្ជាទិញ) ក៏មិនចង់ពាក់ព័ន្ធនៅពេលរោងចក្រនោះទទួលការងារពីគេហើយត្រូវជួបហានិភ័យដែរ»៕  
អត្ថបទដោយ: Medikan