ប្រធានសមាគមអ្នកសាងសង់កម្ពុជា៖ ស្នើអ្នកផ្គត់ផ្គងសម្ភារៈសំណង់ត្រូវអនុលោមតាមគុណភាពនិងបច្ចេកវិទ្យាទំនើប

ការផ្គត់ផ្គង់ ការផលិត និងការនាំចូលសម្ភារៈសំណង់មានការកើនឡើងខ្លាំងក្នុងប្រមាណឆ្នាំចុងក្រោយនេះកំណើនយ៉ាងគំហុកនេះ គឺគាំទ្រដោយការងើបឡើងខ្លាំងនៃវិស័យសំណង់នៅកម្ពុជា។
ដោយឃើញពីសន្ទុះនៃកំណើននៃវិស័យសំណង់នេះ សមាគមសាងសង់កម្ពុជា (CCA) បានអំពាវនាវដល់អ្នកផ្គត់ផ្គង់សម្ភារៈសំណង់ទាំងអស់ ដែលផលិតនិងនាំចូល សម្ភារៈសំណង់ ត្រូវអនុលោមតាមស្តង់ដារ និងគុណភាពជាចម្បង។
អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានឲ្យដឹងថា តម្រូវការសម្ភារៈ គ្រឿងសំណង់ផ្សេងៗ មានការកើនឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកថា ការកើននេះគឺកើតចេញពី ស្ថេរភាពនយោបាយ និងស្ថេរភាពផ្នែកសេដ្ឋកិច្ចក្នុងប្រទេស រួមផ្សំនឹង វិស័យសំណង់ក្នុងប្រទេសកម្ពុជា ក៏កំពុងមានការរីកលូតលាស់ខ្លាំងទាំងនៅក្នុងទីប្រជុំជននិងជនបទ។
អ្នកឧកញ៉ា ពុង ឃាវសែថា៖ «ដូចដែលយើងបានឃើញកន្លងរួចមកហើយថា នៅរាជធានីភ្នំពេញបច្ចុប្បន្នមានសំណង់អគារខ្ពស់ៗ ទំនើបៗ ធំស្កឹមស្កៃបានរីកដុះដាលគួរឱ្យមានភាពស្ញប់ស្ញែង ហើយសំណង់ទាំងនោះមានដូចជា អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ ធនាគារ ផ្សារទំនើប សណ្ឋាគារ អគារស្នាក់នៅរួមទាំងបុរីលំនៅឋាន ត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់ ដែលសំណង់ទាំងអស់នេះសុទ្ធតែមានលក្ខណៈទំនើបទាន់សម័យ និងបានប្រើប្រាស់បច្ចេកវិទ្យាសម្ភារៈបរិក្ខារ និងឧបករណ៍ក្នុងការសាងសង់ដែលមានគុណភាពខ្ពស់ មានបច្ចេកទេសទំនើប និងមានស្តង់ដារខ្ពស់ និងត្រឹមត្រូវមិនចាញ់បណ្តារប្រទេសកំពុងអភិវឌ្ឍន៍ដទៃនៅលើពិភពលោកឡើយ»។
ប្រធានសមាគមអ្នកសាងសង់កម្ពុជារូបនេះ ក៏បានអំពាវនាវដល់អ្នកផ្គត់ផ្គង់សម្ភារៈសំណង់ទាំងអស់ធ្វើការផលិត និងនាំចូលតែសម្ភារៈ បរិក្ខារ និងគ្រឿងចក្រសំណង់ណាដែលមានគុណភាព និងបច្ចេកវិទ្យាទំនើបៗ ដើម្បីធានាគុណភាព និងសុវត្ថិភាពសំណង់។
ពាក់ព័ន្ធនឹងការលើកឡើងនេះប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា លោក ឧកញ៉ា លី ហួរ បានលើកឡើងដែរថា បច្ចុប្បន្នវិស័យសំណង់កំពុងលេចធ្លោ និងរីកចម្រើន ហើយវិស័យនេះ នៅក្នុងឆ្នាំ២០១៨ បានជួយឲ្យមានកំណើនសេដ្ឋកិច្ចជាតិកើនក្នុងរង្វង់ជាមធ្យម ៧.៥%។
លោក ឧកញ៉ាបន្តថា ក្នុងមួយឆ្នាំៗ កម្ពុជាមានតម្រូវការលំនៅឋាន៥ម៉ឺនខ្នង់ផ្ទះ សម្រាប់បំពេញតម្រូវការរស់នៅ។ ដូច្នេះតម្រូវការដ៏ច្រើនលើសលប់នេះ ធ្វើឲ្យអ្នកវិនិយោគលើការផលិត និងការនាំចូលសម្ភារៈសំណង់ពុំអាចផ្គត់ផ្គង់បានតាមតម្រូវការទីផ្សារនៅឡើយ។ ជាមួយគ្នានេះ លោកឧកញ៉ា ក៏បានប្តេជ្ញាចិត្តនឹងជម្រុញការអនុវត្តច្បាប់សំណង់ឲ្យបានល្អ ដើម្បីធានាដល់គុណភាព នៃវិស័យសំណង់កម្ពុជា។
ចំណែកឯ លោក ប៊ុន ចាន់សុភាព នាយកប្រតិបត្តនៃក្រុមហ៊ុន ធីខេ អេស គ្រុប ដែលជាក្រុមហ៊ុននាំចូលផលិតផល ម៉ាក់ Makita ពាក់ព័ន្ធនឹងវិស័យសំណង់ និងវិស័យកសិកម្ម ពីប្រទេសជប៉ុន បានលើកឡើងថា កង្វះគុណភាពក្នុងវិស័យសំណង់ គឺជារឿងគួរឲ្យចាប់អារម្មណ៍ ចាំបាច់ត្រូវតែមានការគិតគួរនិងយកចិត្តទុកដាក់ខ្ពស់សម្រាប់អនាគតសង្គមខ្មែរ។
អ្នកផ្គត់ផ្គង់សម្ភារៈសំណង់រូបនេះ បានឲ្យដឹងទៀតថា កន្លងមកមានផលិតផលមួយចំនួន មានការក្លែងបន្លំម៉ាកផលិតផលដែលគ្មានគុណភាពនិងគ្មានស្តង់ដារច្បាស់លាស់ ជាក់ស្តែងដូចជាផលិតផលម៉ាក់ Makitaផ្ទាល់ កន្លងមកមានការក្លែងបន្លំនៅលើទីផ្សារផងដែរ។
លោក ចាន់សុភាព ក៏បានអំពាវនាវដល់អ្នកប្រកបមុខរបរលើវិស័យសំណង់ទាំងអស់ ត្រូវគិតនិងនាំចូលផលិតផល ដែលមានគុណភាពខ្ពស់ មានក្រុមហ៊ុនច្បាស់លាស់ និងការទទួលស្គាល់គុណភាពត្រឹមត្រូវ ដើម្បីបញ្ចៀសគ្រោះថ្នាក់អ្នកប្រើប្រាស់ ចំណេញពេលវេលា និងចំណេញថវិកាថែមទៀត។
គួរបញ្ជាក់ថា កម្ពុជាមានហេតុការបាក់រលំអាគារ និងគ្រោះថ្នាក់ដែលបណ្តាលមកពីការផ្គត់ផ្គង់សម្ភារៈសំណង់មិនទាន់មានគុណភាព និងស្របតាមស្តង់ដារត្រឹមត្រូវ ដែលកន្លងមកក៏បានបណ្តាលឲ្យស្លាប់និងរបួសរយៈពេលប៉ុន្មានខែចុងក្រោយនេះផងដែរ។
ទោះបីជាវាមិនទាន់ធ្ងន់ធ្ងរដូចនៅប្រទេសមួយចំនួនក្តី ដែលមានអ្នកស្លាប់និងរបួសរាប់ពាន់អ្នកក៏ដោយក៏នេះជាសញ្ញាដំបូងមួយសម្រាប់ដាស់ស្មារតីសង្គមខ្មែរយើងឲ្យគិតគូរដល់គ្រោះថ្នាក់ជាច្រើនទៀតដែលអាចកើតឡើងនៅពេលខាងមុខ៕