រដ្ឋាភិបាលបញ្ចេញថវិកា ១០០លានដុល្លារដើម្បីជួយសហគ្រាសណាដែលរងគ្រោះដោយសារកូវីដ១៩

រដ្ឋាភិបាលបញ្ចេញថវិកា ១០០លានដុល្លារដើម្បីជួយសហគ្រាសណាដែលរងគ្រោះដោយសារកូវីដ១៩

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកា ១០០លានដុល្លារដើម្បីសម្រួលនីតិវិធីផ្ដល់ប្រាក់កម្ចីឱ្យ​សហគ្រាសធុនតូច និងមធ្យម ក្នុងពេលប្រឈមនឹងជំងឺកូវីដ១៩ ដើម្បីជួយសម្រួលការធ្វើវិនិយោគក្នុងអាជីវកម្ម។

កាលពីថ្ងៃទី៧ ខែឧសភា មន្រ្តីនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឲ្យដឹងថា ការបង្កើតធនាគារ SME ដើម្បីចងក្រងក្នុងផ្ដល់ប្រាក់កម្ចី ដើម្បីត្រៀមជួយ SME នៅពេលដែលប្រឈមខាតបង់ទុន បន្ទាប់ពីកូវីដ១៩ ត្រូវបានបញ្ចប់នាពេលខាងមុខ ។ លោកថាធនាគារនេះបានសម្រួលបែបបទជាច្រើន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ SME បានទទួលប្រាក់កម្ចីដែលមានភាពលឿនរហ័ស។

លោកបន្តថា «រាជរដ្ឋាភិបាលដាក់ចេញនៅ SME Bank នេះក៏ស្ថិតនៅក្នុងកាលៈទេសៈដែលជួបបញ្ហាកូវីដ ដើម្បីដាក់ឲ្យទាន់ពេលវេលា ដើម្បីជូនដល់ SME ទាំងអស់នៅស្រុកខ្មែរ ដែលគាត់មានឲ្យទទួលប្រាក់កម្ចី ដើម្បីយកទ្រទ្រង់អាជីវកម្មរបស់គាត់ ។ ហើយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននិងកំពុងបង្កើតក្រុមការងារ ដើម្បីធ្វើការចុះពិនិត្យ និងតាមដាន រកមើលសហគ្រាសណាដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដើម្បីកំណត់មុខសញ្ញាត្រូវតែជួយជាបន្ទាន់ផងដែរ ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានបញ្ចេញថវិកាចំនួន ១០០លានដុល្លារ ដើម្បីដាក់ឲ្យសហគ្រាសធុនតូចនិងមធ្យមខ្ចី ក្នុងអត្រាការប្រាក់ទាប ដើម្បីយកទៅប្រើប្រាស់ ក្នុងការប្រកបអាជីវកម្មនានា ទៅតាមតម្រូវការផងដែរ ៕

អត្ថបទដោយ: Nary