លឹម សុខតៃ៖ ជំនាញវិស្វកម្មសំណង់ស៊ីវិលនិងស្ថាបត្យកម្មមានទីផ្សារខ្ពស់

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ វិស័យសំណង់នៅកម្ពុជា បានរីកលូតលាស់យ៉ាងខ្លាំង ខណៈអ្នកជំនាញអចលនទ្រព្យព្យាករណ៍ថា នៅរយៈពេល១០ ទៅ១៥ឆ្នាំទៀតវិស័យនេះ នៅតែល្អប្រសើរ។
ទន្ទឹមនឹងការរីកលូតលាស់នៃវិស័យនេះ គេបានសង្កេតឃើញថា ចំនួននិស្សិតដែលចូលសិក្សាជំនាញវិស្វកម្ម សំណង់ស៊ីវិល និងស្ថាបត្យកម្ម នៅតាមសាកលវិទ្យាល័យនានានៅកម្ពុជា ក៏មានការកើនឡើង គួរឲ្យកត់សម្គាល់ផងដែរ។
ជាក់ស្តែងនៅសាកលវិទ្យាល័យន័រតុនក្នុង រយៈពេលពីរឆ្នាំចុងក្រោយនេះ សាកលវិទ្យាល័យទទួលបាននិស្សិតចូលរៀនជំនាញវិស្វកម្ម សំណង់ស៊ីវិល និងស្ថាបត្យកម្ម ប្រមាណ ជាង១ពាន់នាក់ក្នុងមួយឆ្នាំៗ។
លោក លឹម សុខតៃ ទីប្រឹក្សាកម្មវិធីសិក្សា និងជាព្រឹទ្ធបុរសកិត្តិយស មហាវិទ្យាល័យ វិទ្យាសាស្ត្រនៅសាកលវិទ្យាល័យន័រតុន បានប្រាប់គេហទំព័រ KHB news Media ថា នៅឆ្នាំនេះ និស្សិតដែលបានចុះឈ្មោះចូលរៀនក្នុងផ្នែកវិស្វកម្មសំណង់ស៊ីវិលមានចំនួន ១ ០២៥ នាក់ ក្នុងនោះមានស្រីចំនួន ៥១ នាក់។ ចំនួននេះគឺប្រហាក់ប្រហែលទៅនឹងចំនួននិស្សិតដែលបានចុះឈ្មោះចូលរៀនក្នុងផ្នែកវិស្វកម្មសំណង់ស៊ីវិលឆ្នាំសិក្សាកាលពីឆ្នាំមុន។
លោកបន្តថា បួនឆ្នាំកន្លងទៅនេះចំនួននិស្សិតដែលបានចុះឈ្មោះចូលរៀនក្នុងផ្នែកវិស្វកម្មសំណង់ស៊ីវិលនៅសាកលវិទ្យាល័យ ន័រតុន មានការកើនឡើងខ្លាំងគួរឱ្យកត់ សម្គាល់ ជាពិសេសក្នុងរង្វង់ពីរឆ្នាំចុងក្រោយនេះ។
លោកបានពន្យល់ថា កត្តាដែលធ្វើឱ្យចំនួននិស្សិត ចុះឈ្មោះចូលរៀនក្នុងផ្នែកវិស្វកម្មសំណង់ស៊ីវិលមានការកើនឡើងខ្លាំងនេះ គឺដោយសារតម្រូវការក្នុងវិស័យវិស្វកម្មសំណង់ស៊ីវិល មានការកើនឡើងយ៉ាងគំហុកដូចជាការកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធស្ពាន ថ្នល់ និងសំណង់អគារនៅទូទាំងប្រទេស។
ជាមួយគ្នានេះ ធនធានសាស្ត្រាចារ្យផ្នែកវិស្វកម្មសំណង់ស៊ីវិលនៃសាកលវិទ្យាល័យនេះ សុទ្ធជាសាស្ត្រាចារ្យប្រកបដោយ គុណវុឌ្ឍទាំងទ្រឹស្តី និងការអនុវត្ត ដែលជំរុញឱ្យសិស្សមកសិក្សានៅសកលវិទ្យានេះ កើនឡើងផងដែរ។
លោកបានឱ្យដឹងផងដែរថា ក្នុងឆ្នាំ២០១៩ កន្លងទៅនេះ មាននិស្សិតចំនួន ៤៨៤ នាក់ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីផ្នែកវិស្វកម្មសំណង់ស៊ីវិល និង ១៩៩ នាក់ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីផ្នែកស្ថាបត្យកម្ម និងនគររូបនីយវិទ្យា។
លោកបានប្រាប់បន្ថែមថា« សម្រាប់អ្នកសិក្សាជំនាញវិស្វកម្មសំណង់ស៊ីវិល និង ស្ថាបត្យកម្មនិងនគររូបនីយវិទ្យា គឺមិនពិបាករកការងារឡើយ។ និស្សិតដែលសិក្សាជំនាញទាំង២ខាងលើបានទទួលការងារធ្វើតាំងតែពីឆ្នាំទី២ ឬទី៣ មកម្លេះ ហើយនិស្សិតលើសពី ៥០% មានការងារធ្វើនៅពេលដែលពួកគាត់កំពុងសិក្សាក្នុងឆ្នាំទី៤។
លោកថានិស្សិតស្ទើរតែ ១០០% ទទួលបានការងារធ្វើសមរម្យ និងបើកអាជីវកម្មដោយខ្លួនឯង។ តាមការយៈសម្រង់ទិន្ន័យ និស្សិតដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីផ្នែកទាំងពីរនេះ បានទទួលប្រាក់ខែពី ៣៥០ រហូតដល់ ៨០០ដុល្លា ក្នុងមួយខែ។
លោករំពឹងថា កំណើននិស្សិតដែលនឹងចុះឈ្មោះចូលរៀនក្នុងផ្នែកវិស្វកម្មសំណង់ស៊ីវិលនេះ នៅឆ្នាំក្រោយនឹងនៅតែល្អប្រសើរដូចឆ្នាំនេះខណៈដែល វិស័យសំណង់ ឬវិស័យអចលទ្រព្យនៅកម្ពុជា នៅតែមានសន្ទុះខ្លាំងដដែល និងនៅតែជាអំណោយផលល្អសម្រាប់អ្នកវិនិយោគលើស័យអចលទ្រព្យនៅកម្ពុជា។ ក្រៅពីសាកលវិទ្យាល័យមួយនេះ នៅតាមសាកលវិទ្យាល័យផ្សេងៗទៀត មុខវិជ្ជាវិស្វ កម្មសំណង់នេះ ក៏ធ្វើឱ្យសិស្សចាប់អារម្មណ៍សិក្សាផងដែរ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានឲ្យដឹងថាថាស្ថានភាពវិស័យអចលនទ្រព្យនៅតែមានភាពវិជ្ជមាន និងមានស្ថេរភាពបើប្រៀបធៀបទៅនឹងប្រទេសមួយចំនួននៅតំបន់អាស៊ាន។ ភាពវិជ្ជមាននេះគឺដោយសារតែកម្ពុជាមាន គោល នយោបាយច្បាស់លាស់ និងកត្តាសន្តិភាព ដែលអាចឱ្យកម្ពុជាងាយនឹងទាក់ទាញ វិនិយោគិន៕