កំពត៖ ផ្លូវ១ខ្សែចូលសហគមន៍ទេសចរណ៍ត្រពាំងសង្កែគ្រោងចំណាយថវិកាកសាងប្រមាណ ៧ម៉ឺនដុល្លារ

កំពត៖ ផ្លូវ១ខ្សែចូលសហគមន៍ទេសចរណ៍ត្រពាំងសង្កែគ្រោងចំណាយថវិកាកសាងប្រមាណ ៧ម៉ឺនដុល្លារ

កំពត៖ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពត បានឯកភាពគ្នាកសាងផ្លូវមួយខ្សែប្រវែងប្រមាណ ៤០០ម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៣៣ (កំពត-កែប) ចូលទៅកាន់សហគមន៍ទេសចរណ៍ត្រពាំងសង្កែ ដោយគ្រោងប្រើប្រាស់ថវិកាប្រមាណ ៧ម៉ឺនដុល្លារ ដែលនឹងចាប់ផ្តើម​សាងសង​នា​ពេលឆាប់ៗខាងមុខនេះ។

ការថ្លែងឡើងពីថ្នាក់ដឹកនាំទាំងពី ត្រូវបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយប្រជាសហគមន៍ទេសចរណ៍ត្រពាំងសង្កែ នាពេលថ្មីៗនេះ នៅទីស្នាក់ការសហគមន៍ផ្ទាល់ ដែលស្ថិតនៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ។

ភាគីទាំងពីរ បានឯកភាពគ្នាកសាងផ្លូវ១ខ្សែចូលសហគមន៍ទេសចរណ៍ត្រពាំងសង្កែ បន្ទាប់ពីមើលឃើញពីការខិតខំរបស់ប្រជាសហគមន៍ និងភាពខ្វះខាតក្នុងសហគមន៍ទេសចរណ៍ត្រពាំងសង្កែនាពេល កន្លងមក។

នាឱកាសនោះ លោក ស៊ឹម ហៀម ប្រធានសហគមន៍ទេសចរណ៍ត្រពាំងសង្កែ បានលើកឡើងថា ប្រជា​សហគមន៍​មានការត្រេកអរយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តយ៉ាងដូច្នេះ និងបានប្ដេជ្ញាខិតខំថែរក្សា និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍មួយនេះឱ្យកាន់តែមានភាពទាក់ទាញបន្ថែម និងមាននិរន្តរភាព។

ជាងនេះទៀត លោកបានលើកឡើងថា នៅក្នុងសហគមន៍មានបម្រើសេវាកម្មទេសចរណ៍មួយចំនួន ដូចជា ជិះទូកកាណូតទស្សនាព្រៃកោងកាងតាមព្រែកត្រពាំងសង្កែ មានបម្រើសេវាកម្មស្នាក់នៅ និងសេវាកម្មម្ហូបអាហារ ពិសេសគឺមានកូនកោងកាងសម្រាប់លក់ឱ្យភ្ញៀវទិញយកទៅដាំទុកជាអនុស្សាវរីយ៍ផងដែរ។ ទេសភាពព្រៃកោងកាងនៅទីនោះ ពិតជាមានភាពស្រស់ស្អាតខ្លាំងមែនទែន ដែលភ្ញៀវទេសចរពិតជាមិនខកចិត្តឡើយក្នុងការទៅទស្សនា។

បន្ថែមពីនេះ លោកប្រធានសហគមន៍បានឲ្យដឹងបន្តថា ក្រៅពីចូលរួមក្នុងសកម្មភាពទេសចរណ៍ សហគមន៍ទេសចរណ៍នេះក៏ជាជម្រកព្រៃកោងកាងចុងក្រោយ និងសំខាន់បំផុតក្នុងខេត្តកំពតផងដែរ ដែលនាពេលបច្ចុប្បន្ន សហគមន៍បាននិងកំពុងខិតខំអភិរក្ស និងដាំកូនកោងកាងឡើងវិញនៅលើទឹកដីរបស់សហគ​មន៍។

លោក ស៊ឹម ហៀម បានបញ្ជាក់ថា ព្រៃកោងកាង គឺជាគម្របកាបូនដ៏សំខាន់មិនចាញ់ព្រៃឈើក្នុងតំបន់ធំៗនៅកន្លែងដទៃឡើយ ប៉ុន្តែប្រជាជនភាគច្រើនមិនបានយល់ពីសារប្រយោជន៍របស់វា ដោយលោកអះអាងថា ដល់ថ្នាក់មានស្ថាប័នបរិស្ថានអន្តរជាតិមួយចំនួនក៏បានមកដល់ទីនេះ និងមានការទទូចសុំឱ្យបង្កើនផ្ទៃដីដាំដុះព្រៃកោងកាងនេះឱ្យបានកាន់តែធំ ព្រោះវាផ្ដល់អត្ថប្រយោជន៍យយ៉ាងច្រើនដល់បរិស្ថាន។

ដោយមើលឃើញពីចំណុចខាងលើនេះ ទើបក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពត បានលើកទឹកចិត្តយ៉ាងផុសផុលផងដែរ ដោយជំរុញឱ្យប្រជាសហគមន៍បង្កើនការដាំដុះកូនកោងកាងនេះឱ្យបានកាន់តែច្រើន ដើម្បីរួមចំណែករក្សាស្ថិរភាពបរិស្ថាន ស្ថិរភាពគម្របកាបូន អភិរក្សព្រៃកម្ររបស់ជាតិ បង្កើនមច្ឆាជាតិក្នុងសមុទ្រ បង្កើនផលនេសាទ ពិសេសគឺដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកាន់តែច្រើន និងឱ្យពួកគេបានមើលឃើញអំពីព្រៃកោងកាងកម្ពុជាផ្ទាល់តែម្ដង។នេះបើតាម​ការបញ្ជាក់បន្ថែមពី ប្រធានសហគមន៍ទេសចរណ៍ត្រពាំងសង្កែ៕

អត្ថបទដោយ: Pisey