ខេត្តព្រះវិហារពន្លឿនការសាងសង់រង្វង់មូលស្រអែមឲ្យបានមុនថ្ងៃចូលឆ្នាំខ្មែរ

ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារបានជំរុញក្រុមការងារពន្លឿនការសាងសង់រង្វង់មូលស្រអែមឲ្យចប់សព្វគ្រប់មុនថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីខេត្ត ព្រះវិហារ។
ការសាងសង់រង្វង់មូលស្រអែម ស្ថិតក្នុងភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។គួររំលឹកថា រង្វង់មូលស្រអែមនេះបានធ្វើពិធីបែបសាសនា ក្រុងពាលី បញ្ចុះបឋមសិលាសាងសង់ កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី លោកមាស សុភា ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារ។
បើតាមលោក សំ លាងទ្រី បានគូសបញ្ជាក់ថាការយឺតយ៉ាវក្នុងការសាងសង់មួយរយះនេះ ដោយសារយើងយកប្លង់សំណង់នេះឆ្លងអាជ្ញាធរប្រាសាទព្រះវិហារ ហើយពេលនេះអាជ្ញាធរប្រាសាទព្រះវិហារបានឯកភាពអោយក្រុមការងារសាង់សង់យកទំហំ ៧៥ភាគរយនៃតួប្រាសាទដើម។
រូបសំណាក់ប្រាសាទព្រះវិហាររង្វង់មូលស្រអែមសាងសង់ឡើង ក្រោមការជ្រោមជ្រែងពីលោក ទេសរដ្ឋមន្ត្រី មាស សុភា លោក សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ។ លោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក លោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោក អ៊ុន ចាន់ដា អតីតអភិបាលខេត្តព្រះវិហារព្រមទាំងសប្បុរសជននានាជាច្រើនរូបទៀត ដោយមិនបានប្រើប្រាស់ថវិការបស់ជាតិនោះទេ។
ចំពោះការសាងសង់រូបសំណាក់គោបូរៈទី៥ នៃប្រាសាទព្រះវិហារនេះ គឺមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ជាអ្នកទទួលខុសត្រូវក្នុងការសាងសង់ទាំងស្រុង ក្នុងនោះត្រូវសាងសង់រង្វង់មូលដែលមានអង្កត់ផ្ចិត ៤០ម៉ែត្រ រូបសំណាក់គោបូរៈទី៥ នៃប្រាសាទព្រះវិហារ ខ្នាត១ លើ២៥ ស្មើនឹង៧៥ភាគរយនៃតួប្រាសាទព្រះវិហារដើម មានរូបនាគ២ ហើយនៅលើរង្វង់មូលនេះក៏នឹងមានការដាំស្មៅ ផ្កានិងដើមឈើ លម្អរយ៉ាងស្រស់ស្អាត់ផងដែរ៕