មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះThe Phnom Penh Mega Mall ត្រូវពន្យាពេលបើកដំណើរការ

ភ្នំពេញ៖ មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះThe Phnom Penh Mega Mall ដែលមានការរចនាម៉ូតស្រដៀងទៅនឹងសំបុកឃ្មុំ មានកម្ពស់ ៩ ជាន់ ដែលគ្រោងចាប់ផ្តើមក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ នេះត្រូវបានពន្យារទៅត្រីមាសទី ៤វិញ ដោយសារការរៀបចំហេដ្ឋារចនាសម្ព័ន្ធខាងក្នុងអគារនៅមិនទាន់រួចរាល់។
លោកស្រី អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia តាមរយៈកាសែតភ្នំពេញប៉ុស្ដិ៍បានលើកឡើងថា The Phnom Penh Mega Mall ត្រូវពន្យារពេលដំណើរការរហូតដល់ត្រីមាសទី៤ឆ្នាំនេះដោយសារតែគម្រោងនេះមានបញ្ហាមួយចំនួន។ បញ្ហានោះលោកស្រីថា គឺការរៀបចំហេដ្ឋារចនាសម្ព័ន្ធខាងក្នុងអគារនៅមិនទាន់រួចរាល់។
លោកស្រីបានលើកឡើងថា ការពន្យាលពេលនេះមិនមានជាប់ទាក់ទងទៅនឹងស្ថានភាពទីផ្សារនោះទេ។ លោកស្រីថាគិតមកដល់ពេលនេះមានក្រុមហ៊ុនលំដាប់អន្តរជាតិប្រហែល ២០០ បានមកទាក់ទងរកទីតាំងជួលលក់ផលិតផលក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះThe Phnom Penh Mega Mall នេះ។
លោកស្រីសុធីតាបានបន្តថាអគារដែលចាប់ផ្តើមសាងសង់ដំបូងក្នុងឆ្នាំ ២០១២ នេះដំបូងឡើយគ្រោងប្រើប្រាស់ជាទីតាំងផ្សារទំនើបមកពីប្រទេសម៉ាឡេស៊ី Parkson Mall ប៉ុន្តែដោយសារមានបញ្ហាមួយចំនួនរវាងម្ចាស់អគារ និងប្រតិបត្តិករផ្សារទំនើបម៉ាឡេស៊ីមួយនេះ អគារនេះក៏ត្រូវបានគេទុកចោលយូរឆ្នាំ។
លោកស្រីបន្តថា ក្រោយមកអគារនេះក៏ត្រូវបានក្រុមហ៊ុនមួយវិនិយោគបន្តដើម្បីបើកជាផ្សារទំនើប The Phnom Penh Mega Mall ។ អគារដែលមានកម្ពស់ ៩ជាន់ ស្ថិតតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី និងមានផ្ទៃក្រឡាសរុប ៤៧.០០០ ម៉ែត្រការ៉េនេះ នឹងត្រូវប្រើប្រាស់ជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ។
យោងតាមរបាយការណ៍ CBRE Cambodia បានឲ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ ២០១៩ ក្នុងរាជធានីភ្នំពេញមានទីតាំងជួលលក់រាយសរុបចំនួន ១៩ អគារដោយមានផ្ទៃក្រឡាសរុប ៣១៤.០០០ ម៉ែត្រការ៉េកើនឡើង ១១,១១ ភាគរយ ធៀបនឹងឆ្នាំ ២០១៨ ដែលមានផ្ទៃក្រឡា ២៨២.៥៨០ ម៉ែត្រការ៉េ ស្មើនឹង ១៤ អគារ។ ចំណែកឆ្នាំ ២០២០ នេះត្រូវបានរំពឹងថានឹងកើនឡើងជាង ២៦១.៧៤៦ ម៉ែត្រការ៉េដែលធ្វើឲ្យផ្ទៃក្រឡាអគារជួលលក់រាយនៅក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ៥៧៥.៧០០ ម៉ែត្រការ៉េ៕