អ្នកជំនាញ៖ការយល់ដឹងពីច្បាប់ក្នុងវិស័យអចលនទ្រព្យនឹងជួយបង្កើនទំនុកចិត្តអ្នកវិនិយោគ
សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លើកឡើងថា នាពេលកន្លងមកនេះ សមាគមខ្លួនតែងតែបានបើកវគ្គបណ្តុះបណ្តាលជាច្រើន ដល់សមាជិករបស់ខ្លួន ជុំវិញទិដ្ឋភាពទូទៅផ្នែកច្បាប់ក្នុងវិស័យអចលនវត្ថុកម្ពុជាខណៈដែលការយល់ដឹងអំពីផ្នែកច្បាប់របស់ភ្នាក់ងារអចលនវត្ថុកម្ពុជានៅមិនទាន់អាចឆ្លើយតបបាន ទាំងស្រុងទៅ គ្រប់តម្រូវការអតិថិជន និងមានបញ្ហាជម្លោះច្រើន។
ការថ្លែងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានសហការជាមួយសមាគមជាតិអ្នកវាយតម្លៃអចលនទ្រព្យ (NAR) របស់សហរដ្ឋអាមេរិក រៀបចំបើកវគ្គសិក្សាស្តីពី «អ្នកឯកទេសក្នុងការទិញលក់អចលនទ្រព្យ ជាលក្ខណៈសកល (CIPS) នាសណ្ឌាគារភ្នំពេញ កាលពីពេលថ្មីៗនេះ។
នាឧកាសនោះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានលើកឡើងថា គោលបំណងនៃវគ្គបណ្តុះបណ្តាលពីច្បាប់ក្នុងវិស័យអចលនទ្រព្យកន្លងមកនេះ គឺដើម្បីពង្រឹងគុណភាពនៃការផ្តល់សេវាកម្មរបស់សមាជិកសមាគម ឲ្យប្រកបរបរវិជ្ជាជីវៈស្របច្បាប់ និងកាត់បន្ថយបញ្ហាជម្លោះផ្សេងៗរវាងភ្នាក់ងារនិងអតិថិជន។
លោក បន្ថែមថា វិស័យអចលនទ្រព្យ និងសំណង់ជាវិស័យស្នូលទី៤ដែលអាចរកប្រាក់ចំណូលជូនជាតិបានយ៉ាងច្រើន បន្ទាប់វិស័យទេសចរណ៍វិស័យឧស្សាហកម្មកាត់ដេរ និងវិស័យកសិកម្ម។
បន្ថែមពីនេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជារូបនេះ អះអាងបន្តថា កាលណាសមាជិកសមាគមនិងភ្នាក់ងារមានសមត្ថភាព និងយល់ដឹងអំពីច្បាប់កាន់តែច្បាស់លោកជឿជាក់ថាពួកគេនឹងអាចទាក់ទាញអ្នកវិនិយោគឲ្យមានការជឿនឹងទុកចិត្តមកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យនិងសំណង់កាន់តែច្រើនបន្ថែមទៀត។
ជាមួយគ្នានោះដែរ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកឧកញ៉ា ចេង ខេង ក៏បានថ្លែងថាសមាគមធ្វើដូច្នេះគឺដើម្បីបញ្ច្រៀតចំណេះដឹងផ្នែកច្បាប់ទាក់ទងនឹងអចលនវត្ថុទៅដល់អ្នកប្រកបរបរវិជ្ជជីវៈស្របច្បាប់ និងមិនទាន់ស្របច្បាប់ អាចយកទៅប្រើប្រាស់សម្រាប់សាធារណៈជន និងអតិថិជនរបស់ខ្លួនជាមួយនឹងភាពត្រឹមត្រូវ និងភាពប្រកួតប្រជែងស្មើភាពគ្នា។
លោកឧកញ៉ា ចេង ខេង បន្តថា កិច្ចការនេះជាផ្នែកមួយសំខាន់សម្រាប់បង្កើនការទុកចិត្តនៅក្នុងទីផ្សារ ហើយក៏អាចទាក់ទាញបានការវិនិយោគពីបរទេសដែរ។
យោងតាមរបាយការណ៍ ពីអគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីការងារដោះស្រាយវិវាទពាក់ព័ន្ធនឹងការងារសាងសង់ និងផ្អាក់ការដ្ឋាន កាលពីពេលថ្មីៗ បានបង្ហាញថា សរុបវិវាទសំណង់ដែលទទួលបានចាប់ពីឆ្នាំ២០១៦ មកដល់ខែកញ្ញាឆ្នាំ២០១៩ មានចំនួន១០៩ ករណី។
ក្នុងនោះវិវាទទួលបានពីរាជធានីចំនួន៩១ករណីនិងវិវាទទទួលបានពីខេត្តចំនួន១៥ករណី ក្នុងនោះវិវាទត្រូវបានបញ្ជូនទៅមន្ទីដែនដីរាជធានីខេត្តវិញចំនួន១២ករណី វិវាទបញ្ជូនទៅ តុលាការចំនួន០៨ករណី វិវាទបានបញ្ជូនទៅរដ្ឋបាលរាជធានីភ្នំពេញចំនួន៤ករណី វិវាទផ្អាកការ ដ្ឋានចំនួន៩ការដ្ឋាន វិវាទបានដោះស្រាយបញ្ចប់ចំនួន៣១ករណី វិវាទបានដកឃ្លាទៅសម្រុះសម្រួលចំនួន២៩ករណី និងវិវាទកំពុងដោះស្រាយបន្តសរុបចំនួន១៦ករណី។
ជាមួយគ្នានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានឱ្យដឹងថា បច្ចុប្បន្នច្បាប់សំណង់ គឺស្ទើរតែបានសម្រេចជោគជ័យ ១០០% ដែលគ្រោងនឹងដាក់ចូលឱ្យប្រើប្រាស់ជាធរមាននាពេលឆាប់ៗខាងមុខនេះ។
ក្រសួងរំពឹងថា ក្រោយច្បាប់នេះដាក់ឱ្យប្រើប្រាស់ជាធរមាន ច្បាប់នេះនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនពិសេសជួយកាត់បន្ថយជម្លោះនៅក្នុងវិស័យអចលនទ្រព្យ។
យ៉ាងណា សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគាត់សំគាល់ឃើញថា ការបណ្តុះបណ្តាលផ្នែកច្បាប់គឺជាកិច្ចការសំខាន់សម្រាប់ភ្នាក់ងារអចលនវត្ថុឲ្យមានការយល់ដឹងជុំវិញផ្លូវច្បាប់។ សមាគមយល់ថា បើទោះជាភ្នាក់ងារអចលនវត្ថុភាគច្រើនបានដឹងក៏ដោយក៏នេះគឺជាការក្រើនរំលឹកឡើងវិញនូវអ្វីដែលយើងបានចេះដឹងកន្លងមកព្រមទាំងជួយបង្កើននូវទំនាក់ទំនងកាន់តែល្អនិងមានប្រសិទ្ធិភាពនៅក្នុងវិស័យនេះ ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលអភិវឌ្ឍន៍វិស័យអចលនទ្រព្យកម្ពុជា៕