វិនិយោគិនអចលនទ្រព្យឡាវអំពាវនាវឱ្យមានច្បាប់ខុនដូ

យោងតាមបណ្ដាញ Asean News Network វិនិយោគិនអចលនទ្រព្យក្នុងស្រុកនិងបរទេស កំពុងស្នើសុំឱ្យរដ្ឋាភិបាលឡាវ ពិចារណាអនុម័តច្បាប់ខុនដូ ដែលនឹងអនុញ្ញាតឱ្យជនបរទេសធ្វើជាកម្មសិទ្ធិផ្ទះនិងខុនដូ ដោយនិយាយថាវានឹងពន្លឿនកំណើននៃទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសមួយនេះ។
លោកហ៊ូម៉ុន សៃយ៉ាឡាត ( Houmphan Saiyalath) ជានាយកគ្រប់គ្រងក្រុមហ៊ុន Rentsbuy.com បានប្រាប់កាសែត Vientiane Time កាលពីថ្មីៗនេះថា វិនិយោគិនក្នុងស្រុកបានព្រាងច្បាប់នេះរួចហើយ និងបានដាក់ជូនទៅរដ្ឋាភិបាលកាលពីពីរឆ្នាំមុន។ ប៉ុន្តែច្បាប់នេះទាក់ទងទៅនឹងវិស័យជាច្រើនរបស់រដ្ឋាភិបាល ដូច្នេះវានឹងចំណាយពេលយូរដើម្បីពិនិត្យមើលសេចក្ដីព្រាង និងប្រមូលមតិយោបល់។
លោកបានបន្ថែមថា ក្នុងចំណោមបណ្ដាប្រទេសជាសមាជិកអាស៊ាន មានតែឡាវ និងប្រ៊ុយណេប៉ុណ្ណោះ ដែលខ្វះច្បាប់នេះ។ ប៉ុន្តែប្រ៊ុយណេគឺជាប្រទេសអ្នកមាន និងគ្រប់គ្រងដោយស្ដេច ដូច្នេះច្បាប់នេះប្រហែលជាមិនចាំបាច់ទេសម្រាប់ទីនោះ។
វាជាគំនិតល្អសម្រាប់ប្រទេសឡាវ ដែលត្រូវមានច្បាប់ខុនដូ ព្រោះវានឹងលើកទឹកចិត្តដល់ជនបរទេសឱ្យវិនិយោគលើខុនដូដ៏ច្រើននៅទីនេះ។ លោកបានថ្លែងថា នៅក្នុងបណ្ដាប្រទេសអាស៊ានដទៃទៀតមានច្បាប់ស្ដីពីកម្មសិទ្ធិជនបរទេស ដែលអនុញ្ញាតឱ្យជនបរទេសកាន់កាប់អចលនទ្រព្យ ដែលធ្វើឲ្យមានកំណើនចំនួនជនបរទេស មកនិងចំណាយរាប់លានដុល្លារលើខុនដូ និងបានជំរុញឱ្យឡាវធ្វើដូចគ្នានេះដែរ សម្រាប់ជាមធ្យោបាយដើម្បីទាក់ទាញជនបរទេសឱ្យទៅទិញដី និងសាងសង់អគារខ្ពស់ៗ។
អ្នកអភិវឌ្ឍន៍សង្ឃឹមថា ច្បាប់នេះនឹងត្រូវបានអនុម័ត ដូច្នេះពួកគេអាចបន្តការសាងសង់ខុនដូដែលមានកម្ពស់ខ្ពស់បាន។ ការសាងសង់ អគារខ្ពស់ៗ ត្រូវបានគ្រប់គ្រងដោយច្បាប់សាងសង់ ដែលអគារនៅជិតការិយាល័យរដ្ឋាភិបាល និងតំបន់ទាក់ទាញភ្ញៀវទេសចរសំខាន់ៗ មិនឲ្យខ្ពស់ជាង២៦ម៉ែត្រឡើយ។ បច្ចុប្បន្ន រដ្ឋជាសមាជិកអាស៊ានទាំងអស់អនុញ្ញាតឱ្យជនបរទេសមានផ្ទះ ខុនដូ ចាប់ពីជាន់ទី១ឡើង លើកលែងតែឡាវ និងប្រ៊ុយណេប៉ុណ្ណោះ។
អត្ថបទដោយ:
Dara

