មជ្ឈមណ្ឌលពាណិជ្ជកម្មថ្រាយអ៊ឹមនឹងបើកដំណើរការណ៍ចុងឆ្នាំ២០២០នេះ

មជ្ឈមណ្ឌលពាណិជ្ជកម្មថ្រាយអ៊ឹមនឹងបើកដំណើរការណ៍ចុងឆ្នាំ២០២០នេះ

ភ្នំពេញ៖ ទំនិញប្រមាណមួយលានស្លាកយីហោ ដែលសហការណ៍នាំចូលដោយក្រុមហ៊ុននានាជាងមួយម៉ឺនស្ថាប័ន នឹងបង្ហាញខ្លួននៅតាមបណ្តាតូបលក់ទំនិញបោះដុំ និងលក់រាយនៅមជ្ឍមណ្ឌលពាណិជ្ជកម្មថ្រាយអ៊ឹម នាចុងឆ្នាំ២០២០នេះ។

គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្រាយអ៊ឹម ស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ នារាជធានីភ្នំពេញ។ គម្រោងនេះសាងសង់ឡើងលើផ្ទៃដីប្រមាណ១០ហិកតា។ ថ្រាយអ៊ឹមដែលមានមូលដ្ឋាននៅប្រទេសចិន និងមានភាពជោគជ័យខ្លាំងក្នុងការបើកដំណើរការមជ្ឍមណ្ឌលពាណិជ្ជកម្មនៅខេត្តយុនណាន។ ក្រុមហ៊ុនអភិវឌ្ឍន៍នឹងពាំនាំយកលំនាំនៃភាពជោគជ័យនេះមកជូនដល់ប្រជាជនកម្ពុជា។

គួរបញ្ជាក់ថា គម្រោងមជ្ឍមណ្ឌលពាណិជ្ជកម្មថ្រាយអ៊ឹមទី១ សាងសង់នៅប្រទេសចិន ក្នុងទំហំផ្ទៃដីប្រមាណ៥០ហិកតា ដែលធំជាងគម្រោងនៅកម្ពុជាដល់ទៅ៥ដង។

ដោយឡែកនៅកម្ពុជា ក្រុមហ៊ុននេះបានវិនិយោគសាងសង់មជ្ឍមណ្ឌលពាណិជ្ជកម្មចំនួន៦ អគារ ដោយគិតមកទល់ពេលនេះអគារពាណិជ្ជកម្មចំនួន៤ សម្រេចបានប្រមាណ៧០ភាគរយ ហើយគ្រោងនឹងចាប់ផ្តើមសកម្មភាពអាជីវកម្មនៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១យ៉ាងយូរ​។

អ្នកស្រី លី ធីតា ប្រធានផ្នែកលក់នៃមជ្ឈមណ្ឌលពាណិជ្ជកម្មថ្រាយអ៊ឹមបានរៀបរាប់ថា៖ «ក្រុមហ៊ុនយើងដូចមានភាពលេចធ្លោជាងគេ ព្រោះក្នុងគម្រោងទាំងមូល ក្រុមហ៊ុនបានរួមបញ្ជូល ផ្សារទំនើប ខុនដូ សណ្ឋាគារ កន្លែងកម្សាន្ត មន្ទីរពេទ្យ និងសាលារៀនជាដើម»។

ប្រធានផ្នែកលក់រូបនេះបានបញ្ជាក់បន្ថែមថា គម្រោងដែលមានទុនវិនិយោគជាង១ពាន់លានដុល្លារនេះ នឹងសហការជាមួយក្រុមហ៊ុនដៃគូមកពីបណ្តាប្រទេសចំនួន១០ផ្សេងទៀតផងដែរ​។ ក្រុមហ៊ុនទាំងអស់នោះ មកពីប្រទេសជប៉ុន អ៊ីតាលី អេស្បាញ រុស្សី បារំាង កូរ៉េ ចិន វៀតណាម ថៃ និងប្រទេសកម្ពុជា។

អ្នកស្រី ធីតា បានបន្ថែមថា៖ «ចំនួនតូបលក់ទំនិញក្នុងអគារពាណិជ្ជកម្មនីមួយៗ មានប្រមាណជាង១,៥០០តូប ដែលធ្វើឲ្យមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនេះកាន់តែមានភាពរស់រវើក និងមមាញឹកខ្លាំងឡើង»។

អ្នកស្រី ធីតា បានអះអាងថា៖ «គិតមកទល់ពេលនេះ ការលក់តូបបានប្រមាណ៧០ភាគរយដូចគម្រោងយើងដែរ។ យើងលក់ចាប់តាំងពីអគារទី១ ឬអគារAមុនគេ ឥឡូវតូបនៅអគានីមួយៗនៅសល់តិចណាស់ »។

សូមបញ្ជាក់ថា រចនាបថនៃអគារស្រស់ស្អាត មានភាពលេចធ្លោ ព្រោះរួមបញ្ជូលគ្នារវាងរចនាបថបែបបុរាណ និងទំនើប ហើយមានហេដ្ឋារចនាសម្ព័ន្ធផ្លូវធ្វើដំណើរចេញចូលធំទូលាយ ​ផ្តល់​ទាំងជម្រើសជណ្តើរជើង និងជណ្តើរយន្ត។ ឯចំណតឡាន និងម៉ូតូតាមអគារក៏បែងចែកច្បាស់លាស់ ហើយសំណង់ក៏រក្សាបាននូវគុណភាពជាចម្បងថែមទៀត។

គម្រោងទាំងមូលនេះ នឹងផ្តល់កុងត្រាជួលជូនអតិថិជនរហូតដល់៤០ឆ្នាំ ក្នុងគោលបំណងឆ្ពោះរកគោលដៅអនាគត ដើម្បីប្រែកា្លយជាមជ្ឈមណ្ឌលទេសចរណ៍ កម្សាន្ត និងលក់បោះដុំដ៏ធំជាងគេនៅប្រទេសកម្ពុជា។

អ្នកស្រី ធីតា បានថ្លែងបញ្ជាក់ថា អំឡុងខែមិថុនាខាងមុខនេះ ម្ចាស់គម្រោងនឹងរៀបចំពិធីប្រគល់តូបគ្រប់ប្រភេទជូនអតិថិជនរបស់ខ្លួន ហើយផ្តើមដំណើរការសកម្មភាពអាជីវកម្មត្រឹមដំណាច់ឆ្នាំ២០២០នេះតែម្តង៕

អត្ថបទដោយ: Vanda