ទុនវិនិយោគលើវិស័យអចលនទ្រព្យក្នុងខេត្តបាត់ដំបងបានកើនឡើងជាង៧៦លានដុល្លារ

ទុនវិនិយោគលើវិស័យអចលនទ្រព្យក្នុងខេត្តបាត់ដំបងបានកើនឡើងជាង៧៦លានដុល្លារ

បាត់ដំបង៖  វិស័យសំណង់ និងអចលនទ្រព្យនៅក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយ នៅកម្ពុជាមានភាពរីកចម្រើន និងអភិវឌ្ឍន៍ស្ទើរទូទាំងប្រទេស ខណៈខេត្តបាត់ដំបងមានកំណើនទុនវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ បានកើនឡើងរហូតដល់ជាង ៧៦លានដុល្លារ។

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានឲ្យដឹងនៅក្នុងអង្គសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងាររដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ថាវិស័យអចលនទ្រព្យ និងសំណង់នៅក្នុងខេត្តបាត់ដំបងនាពេលបច្ចុប្បន្ននេះ គឺមានការអភិវឌ្ឍ និងរីកចម្រើនគួរឱ្យកត់សម្គាល់។

លោកបានបញ្ជាក់ថាក្រោមការអនុវត្តតាមគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ខេត្តបាត់ដំបងចាប់តាំងពីឆ្នាំ២០១២ រហូតមក វិស័យសេដ្ឋកិច្ចនៅក្នុងខេត្ត ក៏ដូចជាកម្រិតជីវភាពរបស់ប្រជាជនមានការកើនឡើងជាបន្តបន្ទាប់។ ដោយឡែកសម្រាប់តែវិស័យអចលទ្រព្យនៅទូទាំងខេត្តក៏មានភាពរីកចម្រើន និងអភិវឌ្ឍន៍ផងដែរ ដែលនៅក្នុងនោះវិស័យសំណង់បានដើរតួយ៉ាងសំខាន់ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។

លោកងួន រតនៈ បានបញ្ជាក់ថា “ចាប់តាំងពីឆ្នាំ២០១២ រហូតមកត្រឹមចុងឆ្នាំ២០១៩ វិស័យសំណង់ និងអចលនទ្រព្យនៅទូទាំងខេត្តបាត់ដំបង ការរៀបចំពុះដីឡូតិ៍ សំណង់បុរីលំនៅដ្ឋាន រោងចក្រសហគ្រាសជាដើម មានសរុបរហូតដល់ ៨៣៩គម្រោង ស្មើនឹងប្រមាណ ៣២៥,៣១៨ម៉ែត្រការ៉េ ដែលមានទុនវិនិយោគសរុបចំនួន ៧៦,១៨៤,៤១០ដុល្លារ ដែលជាទិន្នន័យបង្ហាញពីភាពរីកចម្រើននៅក្នុងវិស័យមួយនេះ”៕

អត្ថបទដោយ: Nary