ពិព័រណ៍អចលនទ្រព្យ ជំរុញទីផ្សារអចលនទ្រព្យកម្ពុជាទៅកាន់ឆាកអន្តរជាតិ
ភ្នំពេញ៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុក និងអន្តរជាតិប្រមាណជាង៨០ ក្រុមហ៊ុនមានវត្តមាននៅក្នុង «ពិព័រណ៍អចលនទ្រព្យកម្ពុជា ឆ្នាំ ២០១៩» (Realestate Expo 2019) ដែលធ្វើឡើងនៅសណ្ឋាគារ ណាហ្គា វើល នាថ្ងៃទី៤ដល់ថ្ងៃទី ៥ តុលានេះ។
ខណៈអ្នកជំនាញបានអះអាងថា កម្មវិធីនេះនឹងអាចជួយទាក់ទាញអ្នកវិនិយោគបរទេស ពិសេស វាជាវេទិការផ្លាស់ប្តូរព័ត៌មានដល់អ្នកចូលរួមវិនិយោគលើវិស័យអចលនទ្រព្យ និងសំណង់ នៅកម្ពុជា។
Realestate.com.kh Expo 2019 គឺជាព្រឹត្តិការណ៍ចុងក្រោយបំផុតនៃពិព័រណ៍អចលនទ្រព្យ ដែលរៀបចំឡើងដោយ ក្រុមហ៊ុន Realestate.com.kh។ ព្រឹត្តិការណ៍នេះ នឹងនាំយក អ្នកមានបំណងចង់ទិញអចលនទ្រព្យមកពីក្នុងស្រុក និង ក្រៅស្រុក បានជួបពិភាក្សាគ្នាផ្ទាល់ ជាមួយអ្នកអភិវឌ្ឍន៍គម្រោង អចលនទ្រព្យធំៗ រួមមាន គម្រោង បុរី វីឡា ខុនដូ និងការិយាល័យ។
លោក សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន Worldbridge Group និងជាវាគ្មិនកិត្តិយសនៅក្នុងកម្មវិធីពិព័រណ៌នេះ បានថ្លែងថា មានវិនិយោគិនបរទេស និងក្នុងស្រុក ជាច្រើនមិនទាន់បានស្គាល់ ឬ យល់ដឹងពីស្ថានភាពនៃការអភិវឌ្ឍវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាទេ។
ដូច្នេះកម្មវិធីនេះនឹងជួយជំរុញទីផ្សារអចលនទ្រព្យនៅកម្ពុជាកាន់តែប្រសើរឡើងទាំងនៅក្នុងស្រុក និងនៅលើឆាកអន្តរជាតិ ជាពិសេសវាជាវេទិកានាំអ្នកវិយោគលើវិស័យអចលនទ្រព្យ មករៀនសូត្រពីការទិញលក់ដោយស្របច្បាប់ថែមទៀតនៅកម្ពុជា។
ជាមួយគ្នានេះ លោក ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យកម្ពុជា CAMBODIA PROPERTIES LIMITED (CPL) បានប្រាប់ថា វិស័យអចលនទ្រព្យ និងសំណង់កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស កម្ពុជា ហើយភាពរីកចម្រើននៅក្នុងវិស័យនេះនឹងបន្តលើសពី ៥ ឆ្នាំទៅមុខទៀត។ លោកបន្តថា កម្មវិធីនេះនឹងអាចទាក់ទាញចំណាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អ្នកវិនិយោគបរទេសឱ្យចូលមកទិញ និងបណ្តាក់ទុននៅកម្ពុជាផងដែរ។
សូមជម្រាបថា ពិព័រណ៍អចលនទ្រព្យកម្ពុជានៅក្នុងឆ្នាំ២០១៨ បានលក់អចលនទ្រព្យស្មើរនឹងទំហំទឹកប្រាក់ប្រមាណ ៣០លានដុល្លារ។ ដោយឡែកពិព័រណ៍អចលនទ្រព្យកម្ពុជានៅឆ្នាំ២០១៩នេះ អ្នកជំនាញអចលនទ្រព្យ រំពឹងថា ការលក់អចលនទ្រព្យនឹងមានការកើនឡើងក្នុងចំនួនទ្វេដងលើសពីឆ្នាំមុន៕