កម្ពុជាចំណេញលុយប្រមាណ៥០០លានដុល្លារពីការទិញស៊ីម៉ង់ត៍ពីក្រៅប្រទេសក្នុងមួយឆ្នាំៗ

កម្ពុជាចំណេញលុយប្រមាណ៥០០លានដុល្លារពីការទិញស៊ីម៉ង់ត៍ពីក្រៅប្រទេសក្នុងមួយឆ្នាំៗ

កំពត៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានរោងចក្រស៊ីម៉ង់តិ៍ទាំង៥ នៅកម្ពុជា បានធ្វើឱ្យកម្ពុជាចំណេញលុយប្រមាណ៥០០លានដុល្លារពីការទិញស៊ីម៉ង់តិ៍ពីក្រៅប្រទេស។

ប្រមុខរដ្ឋាភិបាលកម្ពុជាថ្លែងបែបនេះ ស្របពេលដែលសម្តេចចូលរួមពិធីដាក់សម្ពោធឱ្យដំណើរការរោងចក្រផលិតស៊ីម៉ង់តិ៍ទី៥ នៅកម្ពុជាដែលមានតម្លៃប្រមាណ ១១០លានដុល្លារសហរដ្ឋអាមេរិក ដែល​​​មាន​ទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ជាមួយនឹង​កំណើន​នៃ​វិស័យ​សំណង់ និង​អចល​ទ្រព្យ​កំពុងមានសន្ទុះខ្លាំង​នៅ​ប្រទេស​កម្ពុជា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឲ្យ​តម្រូវការ​ស៊ីម៉ង់ត៍​នៅ​លើ​ទីផ្សារ​ក៏​មានការ​កើនឡើង​ខ្ពស់​ផង​ដែរ​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺថា​កន្លង​មក​រាល់​ការ​ផ្គត់​ផ្គង់​ស៊ីម៉ង់ត៍​ជា​ច្រើន​ប្រភេទ​នៅ​ទីផ្សារ​កម្ពុជាគឺជា​ការ​នាំ​ចូល​ពី​បណ្តា​ប្រទេស​នានា​។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា៖« វត្តមានរោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង ដែលជារោង​ចក្រទី៥ គឺ ជាសមិទ្ធផលថ្មីមួយទៀតសម្រាប់កម្ពុជា បន្ថែមពីលើរោងចក្រដែលមានស្រាប់»។ »ហេតុនេះ  វត្តមានរោងចក្រស៊ីម៉ង់តិ៍ទាំង៥នៅកម្ពុជា ធ្វើឱ្យកម្ពុជាចំណេញលុយប្រមាណ៥០០លានដុល្លារ ពីការទិញស៊ីម៉ង់តិ៍ពីក្រៅប្រទេស»។ សម្តេចថា នេះជាចលករសំខាន់ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាបានបន្ថែមទៀត។

យោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ដែលបានបង្ហាញឡើង ក្នុងពិធីដាក់សម្ពោធឱ្យដំណើរការជាផ្លូវការរោងចក្រផលិតស៊ីម៉ង់តិ៍ទី៥ របស់ក្រុមហ៊ុនថៃប៊ុនរ៉ុងបានបង្ហាញ​ឱ្យដឹងថា គិតមកដល់ចុងឆ្នាំ២០១៩នេះ កម្ពុជាមានរោងចក្រផលិតស៊ីម៉ង់តិ៍​ធំៗចំនួន៥នៅកម្ពុជា មានទុនសរុបវិនិយោគ ៨០០លានដុល្លារ​ដែលអាចផលិតស៊ីម៉ង់តិ៍ជិត៨​លានតោនក្នុងឆ្នាំ និង​អាច​ផ្តល់ការងារជូនប្រជាពលរដ្ឋបានជាង២.៧០០នាក់ ។

របាយការណ៍ដដែលឱ្យដឹងទៀតថា កន្លងមកនៅឆ្នាំ២០១៧  និង២០១៨ កម្ពុជាសម្រេចបាននូវ​ការផ្គត់ផ្គង់ស៊ីម៉ង់តិ៍បានតាមសេចក្តី​ត្រូវការ​ទាំងស្រុង ប៉ុន្តែដោយសារកំណើននៃការសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនានា បានកើនឡើងយ៉ាង​គំហុក ក្នុងរយៈកាលចុងឆ្នាំ២០១៨ និង២០១៩ ចុងក្រោយនេះ បានធ្វើឱ្យស៊ីម៉ង់តិ៍​ក្នុង​ស្រុក​មិនអាច​ផ្គត់ផ្គង់​តាម​តម្រូវការទីផ្សារ ធ្វើឱ្យមានការនាំចូល​ស៊ីម៉ង់ត៍ពីក្រៅប្រទេសក្នុងបរិមាណ​តិចតួច ដើម្បីបង្គ្រប់តម្រូវការក្នុងស្រុក។

សូមបញ្ជាក់ថា រោងចក្រផលិតស៊ីម៉ង់តិ៍ទី៥ នៅកម្ពុជាតម្លៃប្រមាណ១១០លានដុល្លារសហរដ្ឋអាមេរិក ដែលបានដាក់សម្ពោធឱ្យដំណើរការជាផ្លូវការនៅទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជារបស់ក្រុមហ៊ុនថៃប៊ុនរ៉ុង សាងសង់លើផ្ទៃដីទំហំជិត ៧០០ហិកតា បំពាក់ដោយឧបករណ៍បច្ចេកទេសទំនើប ហើយមានសមត្ថភាពផលិតស៊ីម៉ង់បានប្រមាណ ២,៥០០តោនក្នុងមួយថ្ងៃ ស្មើនឹងជិត ១លានតោនក្នុងមួយឆ្នាំ។

រោងចក្រនេះ អាចផ្តល់ការងារអចិន្ត្រៃយ៍ដល់បុគ្គលិកប្រមាណ ៣៣៥នាក់ ក្នុងនោះមានជនជាតិបរទេសប្រមាណ ៣៥នាក់។ ក្រៅពីផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរបានជាច្រើននាក់ហើយនោះ ក្រុមហ៊ុនត្រូវបង់ថ្លៃសួសារថ្មកំបោរចូលរដ្ឋប្រមាណ ៦៨ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដោយមិនទាន់គិតប្រាក់ចំណូលពន្ធអាករ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗទៀតនោះឡើយ។ជាងនេះទៀត រោងចក្រនេះ នឹងផលិតស៊ីម៉ង់តិ៍២ប្រភេទ គឺ១ ផលិតស៊ីម៉ង់តិ៍ជាប្រភេទបាវ និងប្រភេទទី២ គឺផលិតស៊ីម៉ង់តិ៍សម្រាប់បូក៕

 

អត្ថបទដោយ: Pisey