ប្រជាជនកម្ពុជាកាន់តែច្រើនឡើង មានលទ្ធភាពប្រើប្រាស់ម៉ាស៊ីនត្រជាក់ជាលក្ខណៈគ្រួសារ ឫពាណិជ្ជកម្មជាដើម។ ការយល់ដឹងពីការប្រើប្រាស់ និងការថែទាំម៉ាស៊ីនត្រជាក់ប្រកបដោយប្រសិទិ្ធភាពគឺជាការសំខាន់។
លោក យ៉ា ចន្ធី អគ្គនាយកក្រុមហ៊ុន YC Aircon ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មតម្លើង និងថែទាំម៉ាស៊ីនត្រជាក់គ្រប់ធននៅកម្ពុជា បានកត់សម្គាល់ឃើញថា មានប្រជាជន និងម្ចាស់អាជីវកម្មមួយចំនួនមិនទាន់យល់អំពីការប្រើប្រាស់ម៉ាស៊ីនត្រជាក់ឲ្យបានត្រឹមត្រូវស្របតាមស្តង់ដារបច្ចេកទេស ទំហំប្រើប្រាស់ និងប្រភេទអគារនៅឡើយទេ។
Split system គឺជាប្រភេទម៉ាស៊ីនត្រជាក់ដែលមានក្បាលមួយកន្ទុយមួយ ត្រូវបានគេរចនាឡើងសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ។ ប៉ុន្តែប្រព័ន្ធនេះ ក៏ត្រូវបានរចនាសម្រាប់ការប្រើប្រាស់បែបពាណិជ្ជកម្មខ្នាតតូច និងមធ្យមផងដែរ ទៅតាមល័ក្ខខ័ណ្ឌនៃអគារ និងតម្រូវការរបស់អ្នកប្រើប្រាស់។

Centralized system គឺជាប្រភេទម៉ាស៊ីនត្រជាក់ខ្នាតមធ្យម ដែលមានកន្ទុយតែមួយ តែអាចផ្គត់ផ្គង់បានច្រើនបន្ទប់ ឬអគារទាំងមូល ដែលត្រូវបានឌីហ្សាញឡើងសម្រាប់អគារពាណិជ្ជកម្ម ឬការិយាល័យកម្រិតមធ្យម។
Chiller system ជាប្រព័ន្ធម៉ាស៊ីនត្រជាក់ខ្នាតធំ ដែលត្រូវប្រើសម្រាប់អគារការិយាល័យធំៗ និងខ្ពស់ៗដូចជា អគារធនាគារកាណាឌីយ៉ា អគារធនាគារវឌ្ឍនៈ ផ្សារទំនើបធំៗដូចជា Aeon Mall ជាដើម វាមានសមត្ថភាពខ្លាំង ហើយធន់នឹងការប្រើប្រាស់សម្រាប់អគារទាំងនេះជាងប្រភេទ Centralize system ដែលមានតម្លៃថោកជាង និងអាយុកាលប្រើប្រាស់តិចជាង។

លោកចន្ធីដែលមានបទពិសោធន៍នៅក្នុងវិស័យម៉ាស៊ីនត្រជាក់ជាង១០ឆ្នាំមកហើយ បានសង្កេតឃើញថា ប្រព័ន្ធ split system មានតម្រូវការច្រើនជាងគេនៅកម្ពុជាដោយសារតែអ្នកប្រើប្រាស់ភាគច្រើនស្គាល់តែប្រភេទនេះ ខណៈដែលប្រព័ន្ធ Centralized sytem មានតម្រូវការប្រហែល ៣០% ប៉ុណ្ណោះនៃតម្រូវការទាំងអស់។
«
ចំពោះម្ចាស់អគារដែលគិតពីការសន្សំសំចៃរយៈពេលយូរ ហើយមានថវិការគ្រប់គ្រាន់អាចជ្រើសរើសយកប្រព័ន្ធ Centralized System។ ប្រសិនជាអគាររបស់គាត់ចង្អៀតមិនមានកន្លែងតម្លើងកន្ទុយម៉ាស៊ីនត្រជាក់ជាប្រភេទ split unit បាន គាត់ក៏អាចតម្លើងប្រព័ន្ធ Centralized System បានដែរ។»។
ថ្វីបើប្រព័ន្ធ Centralize system ត្រូវបានគេរចនាឡើងសម្រាប់អគារពាណិជ្ជកម្ម ឬការិយាល័យធំៗក្តីក៏លោកសង្កេតឃើញមានម្ចាស់ផ្ទះមួយចំនួនបានយកប្រព័ន្ធនេះ មកតម្លើងនៅផ្ទះវីឡារបស់ខ្លួនដែរ។ ការណ៍នេះ លោកលើកឡើងថា ជាការខ្ជះខ្ជាយថវិកា និងថាមពលអគ្គិសនី។ «
ខណៈប្រព័ន្ធ Centralize system នេះអាចជួយសន្សំសំចៃភ្លើងសម្រាប់អគារពាណិជ្ជកម្មធំៗបានពី២៥% ទៅ ៣០% ប៉ុន្តែវានឹងធ្វើឲ្យម្ចាស់ផ្ទះវីឡាទាំងនោះខ្ជះខ្ជាយការចំណាយច្រើនលើថាមពលវិញ។»
ជាយោបល់របស់លោក សម្រាប់អគារអាផាតមិន ដែលមានការផ្តល់សេវាកម្មស្នាក់នៅជារួម និងមមាញឹកដូចសណ្ឋាគារ អគារការិយាល័យជួល ផ្សារទំនើបធំៗ គួរតម្លើងប្រព័ន្ធ Centralized system ដែលអាចផ្តល់ផលចំណេញដល់ម្ចាស់បានច្រើន។ ប៉ុន្តែសម្រាប់ការប្រើប្រាស់រយៈពេលខ្លីដូចជាក្នុងផ្ទះ បន្ទប់អាផាតមិនជួល ដែលមានការបង់ទឹកភ្លើងពីអ្នកជួលបន្ទប់ដោយឡែក គួរប្រើប្រព័ន្ធ Split system វិញ ព្រោះវាទាក់ទងនឹងចំណាយដោយឡែក។
លោក ចន្ធី ក៏បានសង្កេតឃើញនូវបម្រែបម្រួលនៃការប្រើប្រាស់ប្រហែលជា ៣០% ដែលអ្នកប្រើប្រាស់ផ្លាស់ប្តូរពីការប្រើប្រព័ន្ធក្បាលមួយកន្ទុយមួយ (split system) នៅអគារពាណិជ្ជកម្ម មកជា Centralize system វិញ ដោយសារពួកគេយល់ពីការសន្សំសំចៃ។

ចំពោះការផ្គត់ផ្គង់ម៉ាស៊ីនត្រជាក់ និងគ្រឿងបន្លាស់វិញ លោកលើកឡើងថា កម្ពុជាមិនទាន់មានរោងចក្រតម្លើងម៉ាស៊ីនត្រជាក់ ឬគ្រឿងបង្គំម៉ាស៊ីនត្រជាក់នៅឡើយទេ ដូច្នេះម៉ាស៊ីនត្រជាក់ទាំងអស់ មានលក់នៅទីផ្សារកម្ពុជានាំចូលពីបរទេស មានដូចជា ថៃ វៀតណាម ម៉ាឡេស៊ី ចិន ជប៉ុន កូរ៉េ និង ប្រទេសមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងខ្សែរផលិតកម្មម៉ាស៊ីនត្រជាក់ម៉ាកធំៗ។ បច្ចុប្បន្ននៅកម្ពុជាមានម៉ាកម៉ាស៊ីនត្រជាក់ល្បីៗជាច្រើនកំពុងចរាចរណ៍នៅទីផ្សារដូចជា Panasonic Samsung LG York Daikin Maqui, Carrier, Media, Mitsubishi, Gree Tran និងមានម៉ាកមិនសូវល្បីជាច្រើនទៀតផងដែរ។
ចំពោះតម្រូវការម៉ាស៊ីនត្រជាក់វិញ លោកចន្ធី សង្កេតឃើញថា កម្ពុជាមានកំនើនតម្រូវការម៉ាស៊ីនត្រជាក់ស្ទើរគ្រប់ទីកន្លែង ដោយសារកំណើនសីតុណ្ណភាព អាកាសធាតុប្រែប្រួល ភាពស្អុះស្អាប់ក្នុងការរស់នៅ និងការធ្វើការងារ ស្របនឹងកំនើនជីវភាពរបស់ប្រជាជន «
ជាទូទៅឲ្យតែមាន ការសាងសង់អគារពាណិជ្ជកម្ម សណ្ឋាគារ ឬការិយាល័យពីតូចទៅធំ ផ្ទះវិឡា តែងតែមានការបំពាក់ប្រព័ន្ធម៉ាស៊ីនត្រជាក់ជានិច្ច»។
លោកបានអោយដឹងបន្ថែមថា សព្វថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជាបានហាមមិនឲ្យមានការនាំចូលម៉ាស៊ីនត្រជាក់ប្រភេទ ហ្គាស R22 ដោយសារមានការហាមឃាត់ពីអង្គការបរិស្ថានពិភពលោកថា ម៉ាស៊ីនត្រជាក់ប្រភេទនេះបង្ករផលប៉ះពាល់ដល់បរិស្ថានខ្ពស់ ហើយណែនាំឲ្យប្តូរមកប្រើម៉ាស៊ីនត្រជាក់ប្រភេទហ្គាស R410 ឬR407 វិញ។
លោកបានផ្តល់យោបល់ឲ្យអ្នកប្រើប្រាស់ គួរប្តូរពីការប្រើម៉ាស៊ីនត្រជាក់ធម្មតា (non-inverter) ដែលស៊ីភ្លើងខ្លាំង ហើយច្រើនតែប្រើហ្គាសR22 ដែលប៉ះពាល់បរិស្ថានខ្លាំង មកប្រើប្រាស់ម៉ាស៊ីនត្រជាក់ប្រភេទជា inverter វិញព្រោះមានការសន្សំសំចៃភ្លើងខ្ពស់ មានប្រព័ន្ធកំចាត់មេរោគផង ហើយភាគច្រើនប្រើប្រព័ន្ធហ្គាស R410 ដែលប៉ះពាល់ដល់បរិស្ថានតិច។

លោកសង្កេតឃើញថាកំហុសឆ្គងសាមញ្ញដែលអ្នកប្រើប្រាស់ម៉ាស៊ីនត្រជាក់ភាគច្រើនមិនសូវគិតដល់ ហើយការជួលជាងតម្លើងដែលគ្មានជំនាញច្បាស់លាស់ មកតម្លើងម៉ាស៊ីនត្រជាក់នោះ ពួកគេមិនគិតពីកម្រាស់ទុយោស្ព័ន ឬតម្លើងមិនត្រូវតាមស្តង់ដារបច្ចេកទេស ព្រោះចង់បានតម្លៃថោក។ ការណ៍នេះ វានាំឲ្យបាត់បង់ភាពត្រជាក់ ឫលេចហ្គាសចេញមកក្រៅ។ អ្នកប្រើប្រាស់ខ្លះទៀត មិនបានលាងសម្អាតម៉ាស៊ីនត្រជាក់រវាង ៣ ទៅ ៦ខែទេ គឺ ចាំទាល់តែឈប់ត្រជាក់ទើបទៅរកជាងតែម្តង។
លោកផ្តល់យោបល់ឲ្យអ្នកប្រើប្រាស់ជួលសេវាកម្មលាងសម្អាត និងថែទាំម៉ាស៊ីនត្រជាក់ពីអ្នកជំនាញជាប្រចាំ យ៉ាងតិចរៀងរាល់៣ទៅ៦ខែម្តង ដើម្បីឲ្យម៉ាស៊ីនត្រជាក់មានប្រសិទិ្ធភាពខ្ពស់ និងមិនងាយខូច។ ជាចក្ខុវិស័យរបស់លោកផ្ទាល់ លោក យ៉ា ចន្ធី គិតថា ទីផ្សារម៉ាស៊ីនត្រជាក់នៅកម្ពុជានៅតែមានកំនើនខ្លាំងជានិច្ចដោយសារកត្តាអាកាសធាតុក្តៅ កំនើនជីវភាពរបស់ប្រជាជន និងកំនើនអាជីវកម្មផងដែរ។ ប៉ុន្តែលោកក៏ទទួលស្គាល់ថា ទីផ្សារកាន់តែមានការប្រកួតប្រជែងខ្លាំងជាងមុនផងដែរ៕