Google និងMicrosoft ពន្លឿនគម្រោងរើរោងចក្រពីចិនទៅវៀតណាម

Google និងMicrosoft ពន្លឿនគម្រោងរើរោងចក្រពីចិនទៅវៀតណាម

ចិន៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចំនួនពីររបស់អាមេរិក គឺGoogle និងMicrosoft កំពុងព្យាយាមពន្លឿនគម្រោងរើរោងចក្រផលិតកម្មរបស់ខ្លួន ចេញពីប្រទេសចិនទៅប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ជាពិសេសប្រទេសវៀតណាម ខណៈដែលមេរោគកូរ៉ូណាកំពុងរីករាលដាល។ នេះបើតាមសេចក្ដីរាយការណ៍មួយរបស់សារព័ត៌មាន Nikkei Asian Review។

ក្រុមហ៊ុនGoogle គ្រោងផ្ដើមដំណើរការផលិតកម្ម ទូរសព្ទដៃម៉ាក្ស Pixel 4A របស់ខ្លួន ជាមួយនឹងរោងចក្រដៃគូរមានទីតាំងនៅភាគខាងជើងប្រទេសវៀតណាម នាខែមេសា ខាងមុខនេះ។ ក្រុមហ៊ុន គ្រោងនឹងផលិតស្មាតហ្វូនជំនាន់ថ្មី Pixel 5 នៅក្នុងប្រទេសវៀតណាម ទាំងស្រុងតែម្ដង ហើយផលិតកម្មនឹងត្រូវចាប់ផ្ដើមនាឆមាសទី២ ឆ្នាំ២០២០នេះ។

ចំណែកក្រុមហ៊ុនMicrosoftវិញ ក៏ត្រូវបានគេរាយការណ៍ដែរថា នឹងចាប់ផ្ដើមសង្វាក់ផលិតកម្មនៃផលិតផលមួយចំនួនរបស់ខ្លួនមានដូចជា កុំព្យូទ័រយួរដៃ និងកុំព្យូទ័រលើតុនៅក្នុងប្រទេសវៀតណាម នាអំឡុងខែមិថុនា ក្នុងឆ្នាំនេះដូចគ្នា។

កន្លងមកទូរស័ព្ទស្មាតហ្វូនរបស់ក្រុមហ៊ុនGoogle និងកុំព្យូទ័ររបស់ក្រុមហ៊ុនMicrosoft ភាគច្រើនត្រូវបានផលិត និងដំឡើងក្នុងរោងចក្រ នៅឯប្រទេសចិន។ ប៉ុន្តែសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន បូករួមនឹងការផ្ទុះឡើងនូវមេរោគកូរ៉ូណាប្រភេទថ្មី បានជំរុញឲ្យក្រុមហ៊ុនធំៗទាំងនេះ ចាប់ផ្ដើមពិចារណាអំពីផលប៉ះពាល់នានា ដែលអាចបណ្ដាលមកការពឹងផ្អែកទៅលើរោងចក្រផលិតកម្មនៅក្នុងប្រទេសចិនតែមួយ ហើយក៏សម្រេចងាកទៅរកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ។

ក្រៅពីក្រុមហ៊ុនធំៗទាំងពីនេះ ក៏នៅមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនទៀត ដូចជាApple និងSamsungជាដើម សុទ្ធតែមានគម្រោង ឬបានផ្លាស់ប្ដូររួចមកទៅហើយ នូវរោងចក្រផលិតកម្មមួយចំនួនរបស់ខ្លួន ពីប្រទេសចិន​មកកាន់ទឹកដីប្រទេសវៀតណាម៕

អត្ថបទដោយ: Vasna