រាជបណ្ឌិត្យសភាកម្ពុជា៖បង្ហាញពីការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មពីសម័យកាលនីមួយៗ

រាជបណ្ឌិត្យសភាកម្ពុជា៖បង្ហាញពីការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មពីសម័យកាលនីមួយៗ

អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកថា ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មពីសម័យកាលមួយទៅសម័យកាលមួយ គឺបានបង្ហាញអំពីវឌ្ឍនភាពនៃសង្គមមនុស្ស

ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងនៅក្នុងសិក្ខាសាលាជាតិ ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ក្រោមកិច្ចសហការរវាងមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់ ដែលធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

នាឪកាសនោះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា   តាមរយៈការសង្កេតសិក្សាស្រាវជ្រាវដោយពិនិត្យពីសំណង់អគារ គេអាចយល់នូវចរឹកលក្ខណៈ ឥរិយាបថសង្គម និងឥរិយាបថជនជាតិ ភ្ជាប់ទៅនឹងទស្សនវិជ្ជាសង្គម នៃប្រជាជាតិនីមួយៗបាន។

លោកបានឲ្យដឹងថា កត្តាទាំងនេះ គឺជាការបង្ហាញអំពីវឌ្ឍនភាពនៃសង្គមមនុស្ស ព្រោះមនុស្សបានវិវត្តពីការរស់នៅក្នុងរូងភ្នំ រហូតដល់ដំណាក់កាលកសាងប្រាសាទភ្នំ និងចុងក្រោយដូចជារហូតមកដល់សម័យឧដុង្គ ដែលខ្មែរយើងបានកសាងជាលក្ខណៈវត្តច្រើនជាងលក្ខណៈប្រាសាទ ពោលគឺវាជាការវិវត្តនៃសង្គមរបស់មនុស្សខ្មែរជំនាន់មុន ដែលទាំងនេះជាការប្រែប្រួលនៃស្ថាបត្យកម្មនៃប្រជាជាតិនីមួយៗ។

លោក បណ្ឌិត យង់ ពៅ បានបញ្ជាក់បន្ថែមថា៖ «ស្ថាបត្យកម្មរបស់ជាតិសាសន៍មួយ ត្រូវបានផ្លាស់ប្ដូរដោយសារកត្តាសង្គម សេដ្ឋកិច្ច ប្រវត្តិសាស្ត្ររបស់ប្រជាជាតិនីមួយៗ ហើយវាក៏អាចក្លាយទៅជាភស្តុតាងដែលបង្ហាញអំពីស្ថានភាពប្រែប្រួលនៃឥរិយាបថសង្គម ទិដ្ឋភាពសង្គមជាហូរហែរ ដោយពេលខ្លះមិនមានអ្វីជាសំណេរនោះទេ ប៉ុន្តែគេអាចមើលទៅលើស្ថាបត្យកម្ម ក៏គេអាចមើលឃើញអំពីឥរិយាបថសង្គម ទិដ្ឋភាពសង្គមផងដែរ»

គួរបញ្ជាក់ដែរថា សិក្ខាសាលាស្តីពី«ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» គឺជាផ្នែកមួយនៃការប្រមូលផ្តុំធនធានបញ្ញាញាណខ្មែរលើវិស័យរចនាបថ និង សំណង់ស្ថាបត្យកម្ម ដើម្បីរួមចំណែកលើកតម្កើងលក្ខណៈជាតិ និងការអភិវឌ្ឍសង្គមប្រកបដោយវិបុលភាព វឌ្ឍនភាព ភិយ្យោភាព និង សេចក្តីសុខក្សេមក្សាន្តក្នុងសង្គមកម្ពុជាតរៀងទៅ។

អ្នកជំនាញដែលបានចូលរួមសិក្ខាសាលានោះ ក៏បានលើកឡើងដែរថា ក្នុងបរិបទសាកលភាវូបនីយកម្ម សំណង់ និង ស្ថាបត្យកម្មខ្មែរសម័យទំនើប ចាប់តាំងពីសម័យអាណានិគមនិយមបារាំង សម័យសង្គមរាស្ត្រនិយម រហូតមកដល់សម័យបច្ចុប្បន្ន ខ្មែរតែងតែផ្សារភ្ជាប់ទៅនឹងស្ថាបត្យកម្ម និង ក្បាច់រចនាបែបបុរាណខ្មែរ ដែលបានបន្សល់ទុកជាមរតកដ៏វិសេសវិសាល តាំងពីសម័យចក្រភពអង្គរ បង្កើតបានជាតម្លៃដ៏ពិសិដ្ឋរបស់ប្រជាជាតិខ្មែរ ដែលពុំអាចកាត់ថ្លៃបាន។

ហេតុនេះ អ្នកជំនាញ ក៏បានស្នើឲ្យគ្រប់ស្ថាបត្យកម្មកម្ពុជាទាំងអស់ ត្រូវគោរពទៅតាមក្បួនខ្នាតជាចាំបាច់របស់មរតកវប្បធម៌នៃប្រជាជាតិ និងត្រូវដាក់​បញ្ចូលនៅ​រចនាបថនិងសំណង់ស្ថាបត្យរបស់ខ្មែរទៅលើការ​សាង​សង់សំណង់អគារនានា ដើម្បីបង្ហាញអំពីទម្រង់ និង លក្ខណៈពិសេសនៃក្បាច់បុរាណខ្មែរសំខាន់ៗមួយចំនួន ដែលជាមូលដ្ឋានគ្រឹះ ជាស្នូលនៃព្រលឹងខ្មែរនាសម័យស្ថាបត្យកម្ម និង សំណង់ខ្មែរសម័យទំនើបបច្ចុប្បន្ន និង សម័យក្រោយៗទៀត

អត្ថបទដោយ: Pisey