កម្ពុជាដាក់សម្ពោធឱ្យប្រើប្រាស់មន្ទីរពិសោធន៍រ៉ែមានតម្លៃ២.៥លានដុល្លារនៅខេត្តកំពង់ឆ្នាំង

កម្ពុជាដាក់សម្ពោធឱ្យប្រើប្រាស់មន្ទីរពិសោធន៍រ៉ែមានតម្លៃ២.៥លានដុល្លារនៅខេត្តកំពង់ឆ្នាំង

រដ្ឋាភិបាលកម្ពុជាកាលពីម្សិលមិញ បានដាក់សម្ពោធ មន្ទីរពិសោធន៍ភូគព្ភសាស្ត្រជាតិនៃកម្ពុជា ដើម្បីធ្វើការស្រាវជ្រាវពីសក្ដានុពលធនធានរ៉ែក្នុ ប្រទេសកម្ពុជា។

មន្ទីរពិសោធន៍ភូគព្ភសាស្ត្រជាតិនៃកម្ពុជា មានទីតាំងស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ។ មន្ទីពិសោធន៍នេះ សង់ឡើងក្រោមជំនួយឥតសំណងមាន​តម្លៃ ២.៥​លាន​ដុល្លារ របស់សាធារណរដ្ឋប្រជាមានិតចិន ទើបត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០១៩។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា មន្ទីរពិសោធន៍ភូគព្ភសាស្រ្តជាតិនៃកម្ពុជា ជាផ្លែផ្កានៃអនុស្សរណៈយោគយល់គ្នាស្តីពី សហប្រតិបត្តិការវិស័យភូគព្ភសាស្ត្រ និងធនធានរ៉ែ រវាងក្រសួងរ៉ែ និងថាមពលនៃកម្ពុជា និងក្រសួងដែនដី និងធនធាននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១១កន្លងទៅ។

លោកបន្តថា ដើម្បីជំរុញដំណើរការនៃគម្រោងនេះ ក្រសួងដែនដី និងធនធាននៃប្រទេសចិន បានប្រគល់ភារកិច្ច ដល់ការិយាល័យភូគព្ភសាស្ត្រ ស្វែងរុករក និងអាជីវកម្មរ៉ែនៃខេត្តគ័ងស៊ី ដើម្បីពិភាក្សា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី គម្រោងសាងសង់មន្ទីរពិសោធន៍ភូគព្ភសាស្ត្រជាតិនៃកម្ពុជា ជាមួយនឹងអគ្គនាយកដ្ឋានធនធានរ៉ែនៃ ក្រសួងរ៉ែ និងថាមពល ។

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលរូបនេះ បញ្ជាក់បន្ថែមថា នៅក្រោមកិច្ចព្រមព្រៀងនេះដែរ ភាគីចិនទទួលបន្ទុករាល់ការចំណាយ លើការសាងសង់អគារមន្ទីរពិសោធន៍ និងបំពាក់សម្ភារៈបរិក្ខារវិភាគ រៀបចំប្រព័ន្ធធានាគុណភាពវិភាគ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនទៀត ព្រមទាំងបណ្តុះបណ្តាលជំនាញវិភាគដល់មន្ត្រីកម្ពុជាជាដើម។

ដោយឡែកភាគីកម្ពុជាមានភារកិច្ចផ្តល់ទីតាំង ដែលមានទំហំយ៉ាងតិច១៤,០០០ម៉ែត្រក្រឡា សម្រាប់ការសាងសង់មន្ទីរពិសោធន៍ ដែលមានទីតាំងស្ថិននៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងជួយសម្រួលលើការងាររដ្ឋបាលច្បាប់ និងទំនាក់ទំនងអាជ្ញាធរមូលដ្ឋាន។

គួរបញ្ជាក់ថា មន្ទីរពិសោធន៍ភូគព្ភសាស្ត្រជាតិនៃកម្ពុជានេះ បានប្រារព្ធពិធីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ហើយប្រើប្រាស់ពេលសាងសង់ប្រមាណ២ឆ្នាំ។​មន្ទីពិសោធន៍​នេះ​ដែរ មានអគារចំនួន៤រួមមាន
១៖ អគារបន្ទប់ពិសោធន៍ មាន៤ជាន់ចែកចេញជា៤០បន្ទប់។
២៖ បន្ទប់អគារស្នាក់មាន២ជាន់ ចែកចេញជា១១បន្ទប់។
៣៖ អគារសម្រាប់កិនបំបែកថ្ម មាន១ជាន់ចែកចេញជា ៣បន្ទប់។និង
៤៖ អគារឃ្លាំងជាអគារសម្រាប់ដាក់សំណាកគំរូរ៉ែមានមួយជាន់ចែកចេញជា២បន្ទប់ រួមនឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័សំខាន់ៗដទៃទៀតដូចជា៖ របង ក្លោងទ្វា ផ្លូវ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹក និងប្រព័ន្ធលូបង្ហូរទឹក។

ទាំងភាគីកម្ពុជា និងចិនរំពឹងថា ការដាក់ឲ្យដំណើរការ មន្ទីរពិសោធន៍ភូគព្ភសាស្ត្រជាតិនៃកម្ពុជា ក្នុងវិស័យរ៉ែ នឹងជួយពង្រីកចំណេះដឹងបន្ថែម ក្នុងក្របខណ្ឌវិជ្ជាជីវៈជាអ្នកបច្ចេកទេសដល់មន្រ្តីក្រសួង។

លើសពីនេះក្រុមហ៊ុនដែលកំពុងប្រតិបត្តិការ ក្នុងវិស័យរ៉ែក៏នឹងអាចកាត់បន្ថយ នូវការចំណាយថវិកា ពេលវេលាក្នុងការយកសំណាករ៉ែទៅពិសោធន៍នៅបរទេស ព្រមទាំងបានធ្វើឱ្យប្រទេសកម្ពុជា អាចមានប្រភពចំណូលថ្មីមួយបន្ថែមទៀតផងដែរ៕

 

អត្ថបទដោយ: Pisey