រដ្ឋាភិបាលកម្ពុជាស្នើកូរ៉េសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េឆ្លងទៅអរិយក្សត្រ

រដ្ឋាភិបាលកម្ពុជាស្នើកូរ៉េសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េឆ្លងទៅអរិយក្សត្រ

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថាកម្ពុជាមានស្ពានមិត្តភាពកម្ពុជា-ជប៉ុន ស្ពានមិត្តភាពកម្ពុជា -ចិន ប៉ុន្តែមិនទាន់មានស្ពានមិត្តភាពកម្ពុជា-កូរ៉េ នៅឡើយនោះទេ ដូច្នេះសម្ដេចនឹងស្នើដល់ភាគីកូរ៉េដើម្បីសាងសង់ស្ពាននៅកម្ពុជា។

សម្តេចបញ្ជាក់ថាស្ពាននេះនឹងចំណាយថវិកាប្រមាណពី ៤០លាន ដុល្លារ ទៅ៥០លានដុល្លារអាមេរិក។ ការថ្លែងបែបនេះរបស់សម្ដេចនាយករដ្ឋមន្រ្តីបានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០ ២០  ក្នុងឳកាសអញ្ជើញជាអធិបតីភាពក្នុងកម្មវិធី​បើកសម្ពោធការដ្ឋានសាងសង់ផ្លូវជាតិ លេខ២ និងផ្លូវជាតិលេខ២២។

សម្ដេចបានបញ្ជាក់ថាសម្ដេចនឹងស្នើដល់ប្រធានាធិបតីកូរ៉េ លោក មូន ជេអ៊ីនសាង សង់ស្ពានដើម្បីឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ។ សម្ដេចបន្តថាគម្រោងសាងសង់ស្ពានដែលគ្រោងស្នើពីភាគីកូរ៉េនេះ នឹងត្រូវធ្វើឆ្លងកាត់អរិយក្សត្រដែលធ្វើឲ្យប្រជាពលរដ្ឋងាយស្រួល និងកាត់បន្ថយក្នុងការធ្វើដំណើរ។

សម្ដេចបានលើកឡើងបន្តថាក្រោយបើកការដ្ឋានសាងសង់ផ្លូវជាតិ​លេខ២ និង​ផ្លូវជាតិ លេខ ២២ នឹងមានការបើកការដ្ឋានសាង សង់ជាបន្តបន្ទាប់ ពិសេសសម្ដេចបានបញ្ជាក់ថានៅខែ៣ ខាងមុខរដ្ឋាភិបាលនឹងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៥៨ ផង ដែរ។

សូមបញ្ជាក់ថាគម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ២ និង​ផ្លូវជាតិលេខ ២២ មាន​ប្រវែង​សរុប ៧២,១៧​គីឡូម៉ែត្រគ្រោង​​នឹង​ចំណាយ​ថវិកា​ប្រមាណ​ ៥៦លាន​ដុល្លារ​អាមេរិក​ ក្រោម​កម្ចី​ឥណទាន​ពី​រដ្ឋាភិបាល​កូរ៉េ​ និង​ថវិកា​រ​ប​ដិ​ភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ប្រមាណ​ ៨,៥លាន​ដុល្លារ​អាមេរិក។ គម្រោង​នេះ ឆ្លង​កាត់​រាជធានី-ខេត្ត​ចំនួន៣ រួមមាន​ខេត្ត​កណ្តាល រាជធានី​ភ្នំពេញ និង​ខេត្ត​តាកែវ​ 

អត្ថបទដោយ: Nary