ផ្លែផ្កានៃកំណើនសេដ្ឋកិច្ចជំរុញឱ្យតម្លៃអចលនទ្រព្យកម្ពុជាហក់ឡើងខ្ពស់
សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា វិស័យអចលនទ្រព្យកម្ពុជានឹងនៅតែរឹងមាំល្អសម្រាប់ ៥ឆ្នាំទៅមុខទៀត ហើយតម្លៃអចលនទ្រព្យនៅកម្ពុជានឹងនៅតែបន្តកើនឡើងជាលំដាប់។
តម្លៃអចលនទ្រព្យនឹងបន្តកើនឡើងក្នុងកម្រិតពី១០% ទៅ១៥% ជារៀងរាល់ឆ្នាំដោយសារកម្ពុជាមានសេដ្ឋកិច្ចរឹងមាំខ្លាំងក្លា ដែលជំរុញវិស័យនេះកាន់តែរីកចម្រើន នឹងទាក់ទាញអ្នកវិនិយោគមកវិនិយោគលើវិស័យអចលនទ្រព្យ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម ប្រធានសមាគម បានថ្លែងបញ្ជាក់ថា វិស័យលំនៅឋាន វិស័យដីធ្លី និងវិស័យទិញ ជួលផ្សេងៗ ជាកត្តាជំរុញតម្លៃ អចលនទ្រព្យឲ្យមានតម្លៃខ្ពស់ និងកើនឡើងក្នុងរង្វង់ ១០ %ទៅ ១៥%។
បើធៀបនឹងប្រទេសជិតខាង ដូចជាប្រទេសថៃ វៀតណាម និងបណ្ដាប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ាននេះ សម្រាប់កម្ពុជាតម្លៃអចលនទ្រព្យនៅមិនទាន់ខ្ពស់នៅឡើយ ហេតុនេះ លោកថា សម្រាប់វិស័យលំនៅឋាននៅកម្ពុជា គឺត្រូវការបន្ថែមទៀត ព្រោះថា បើធៀបចំនួនប្រជាជន និងចំនួនខ្នងផ្ទះ គឺមិនទាន់សមាមាត្រគ្នានៅឡើយទេ។
លោកបានបន្ថែមថា៖ «មួយវិញទៀតចំនួនខ្នងផ្ទះនេះ គឺត្រូវការបន្ថែមទៀត ដោយសារតែចំនួនប្រជាជនមានការកើនឡើងជារៀងរាល់ថ្ងៃ និងត្រូវរៀបការ ហើយត្រូវការផ្ទះថ្មីសម្រាប់គ្រួសារថ្មីផងដែរ ទើបត្រូវទាមទារឱ្យមានផ្ទះបន្ថែមទៀត ដូចនេះលំនៅឋាននៅតែជាកត្តាសំខាន់សម្រាប់ ការអភិវឌ្ឍនៅកម្ពុជា ជាពិសេសលំនៅឋានសាងសង់ថ្មីៗដូចជា បុរីផ្ទះល្វែង និងវីឡាជាដើម»។
លោក ច្រឹក សុខនីម ក៏បានបញ្ជាក់ផងដែរថា វិស័យអចលនទ្រព្យរបស់កម្ពុជានឹងនៅតែមានភាពរឹងមាំសម្រាប់រយៈពេល ៥ឆ្នាំទៅមុខទៀត ដោយផ្អែកទៅលើមូលដ្ឋានតម្លៃសេដ្ឋកិច្ចក្នុងកំណើនរង្វង់៧% ជាមួយនឹងមូលដ្ឋាននៃការគាំពារពីរាជរដ្ឋាភិបាល ដោយមានស្ថិរភាពនយោបាយល្អ និងមូលដ្ឋានតម្លៃនៃការវិនិយោគពីក្រៅប្រទេសផងដែរ។
ទន្ទឹមគ្នានេះ លោក តេង រឹទ្ធី ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ R. Investment Group. បានប្រាប់ KHB ថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ លោកមើលឃើញកំណើនតម្រូវការបានធ្វើឲ្យតម្លៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមានសន្ទុះខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។
លោកបន្តថា មូលហេតុដែលធ្វើឱ្យមានកំណើននៃតម្រូវការនេះដែរ ដោយសារ កំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រជាពលរដ្ឋមានធនធានដើម្បីទិញលំនៅឋាន លំហូរវិនិយោគិនបរទេសមកវិនិយោគក្នុងវិស័យអចលនទ្រព្យកើនឡើង កំណើននៃវិស័យសំខាន់ៗរបស់កម្ពុជាបន្តរីកចំរើន ខណៈកំណើនប្រជាជនមករស់នៅទីក្រុងកាន់តែច្រើន។
លោកបន្តថា ហេតុនេះបើក្រឡេកមើលពីសំណង់ផ្ទះសំបែង គឺមិនទាន់អាចឆ្លើយតបនឹងតំរូវការលើ វិស័យអចលនទ្រព្យបាននៅឡើយទេ។
យោងតាមរបាយការណ៍ថ្មីមួយរបស់ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ V-Trust Appraisal ដែលព្យាករណ៍ពីទីផ្សារអចលនទ្រព្យនៅកម្ពុជាសម្រាប់ ១០ ឆ្នាំទៀតមានចំណងជើងថា «ភ្នំពេញឆ្នាំ ២០៣០» ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ ២០១៨ ចំនួនផ្ទះនៅក្នុងបុរីនៅភ្នំពេញមានចំនួនសរុប ១៥ ម៉ឺនផ្ទះ។
របាយការណ៍ដដែលបញ្ជាក់ថា ការផ្គត់ផ្គង់ផ្ទះនៅតាមបុរីបានបន្តកើនឡើងជាមធ្យម ៩ %ក្នុងមួយឆ្នាំ ដែលស្មើនឹងចំនួនផ្ទះ ២៥,០០០ ខ្នងក្នុងមួយឆ្នាំ។ តាមរយៈអត្រាកំណើននេះ នៅឆ្នាំ ២០៣០ ចំនួនផ្ទះនៅតាមបុរីនៅភ្នំពេញនឹងកើនដល់ ៤៥ ម៉ឺនខ្នង។
របាយការណ៍ដដែលបញ្ជាក់ថា កំណើនដ៏ខ្លាំងនេះ ដោយសារការកើនឡើងចំនួនប្រជាជននៅទីក្រុង និងកំណើនលទ្ធភាពទិញដោយមានការបង់រំលស់។
ដោយឡែកបើនិយាយពីខណ្ឌសំខាន់ៗចំនួន ៧ នៅភ្នំពេញ ដែលជាតំបន់កំពុងមានកំណើនលំនៅដ្ឋានច្រើននៅពេល បច្ចុប្បន្ននឹងបន្តកើនឡើងខ្លាំងថែមទៀតសម្រាប់រយៈពេល ១០ ឆ្នាំបន្ទាប់។
ខណ្ឌ ពោធិសែនជ័យ ខណ្ឌដង្កោ និង ខណ្ឌជ្រោយចង្វារ នឹងមានកំណើនចំនួនផ្ទះសាងសង់ថ្មី៤ ដងនៅឆ្នាំ ២០៣០ ធៀបនឹងចំនួនបច្ចុប្បន្ន ខណៈខណ្ឌ ឬស្សីកែវ ខណ្ឌសែនសុខ និង ខណ្ឌច្បារអំពៅ នឹងមានកំណើន ៣ដងដូចគ្នា។ ខណ្ឌមានជ័យនឹងមានកំណើន ២ ដង។
ខណ្ឌទាំង ៧ ខាងលើគឺជាទីតាំងដែលសំណង់ផ្ទះល្វែង ពីគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានកំពុងកើនឡើង។ ក្នុងចំណោមខណ្ឌទាំងនេះ ខណ្ឌពោធិ៍សែនជ័យបច្ចុប្បន្នមានការផ្គត់ផ្គង់ធំជាងគេដែលមានផ្ទះជិត ៥០,០០០។ ខណ្ឌសែនសុខនិងខណ្ឌដង្កោមានការផ្គត់ផ្គង់ជាង ២ ម៉ឺនដូចគ្នា។
ទោះយ៉ាងណារបាយការណ៍របស់ V Trust ព្យាករណ៍ថាមានការរីកចម្រើនយ៉ាងខ្លាំងនៅខណ្ឌដង្កោ។ ការព្យាករណ៍បានបញ្ជាក់ថា ខណ្ឌដង្កោនឹងមានផ្ទះជិត ១០០,០០០ ខ្នងនៅឆ្នាំ ២០៣០។
របាយការណ៍របស់ V Trust គឺសំដៅត្រឹមផ្ទះថ្មីដែលសាងសង់ពីបុរី ឬ សំណង់ផ្ទះល្វែងដែលមានចាប់ពី ២០ ផ្ទះឡើងទៅប៉ុណ្ណោះ។ ការសាងសង់ផ្ទះជាលក្ខណៈបុគ្គល ឬ បណ្តុំផ្ទះល្វែងបីបួនល្វែងជាប់គ្នាមិនបានរាប់បញ្ចូលក្នុងរបាយការណ៍នេះនោះទេ។
មន្រ្តីជំនាញក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ធ្លាប់មានប្រសាសន៍កាលពីពេលកន្លងទៅថា៖“កំណើននគរូបនីយកម្ម និងសំណង់បានកើនឡើងយ៉ាងឆាប់រហ័ស ជាក់ស្តែងចំនួនប្រជាជននៅក្នុងរាជធានី-ក្រុង និងទីប្រជុំជនមានចំនួនប្រមាណ ៤.៥លាននាក់ និងនៅឆ្នាំ២០៣០ នឹងបន្តកើនដល់ ៧.៩២លាននាក់ស្មើនឹង៥៤%។
ទិន្នន័យនេះបង្ហាញថា ក្នុងរយៈពេល ១៥ឆ្នាំ តម្រូវការលំនៅឋាន សំណង់អគារ និងទីប្រជុំជននឹងមានចំនួនប្រមាណ ៨០ម៉ឺនលំនៅឋានដែលគិតជាមធ្យម គឺ ៥ម៉ឺនលំនៅឋានសម្រាប់ ១ឆ្នាំ”។
មន្រ្តីជំនាញក្រសួងរៀបចំដែនដីរូបនេះ បានឱ្យដឹងដែរថា ដើម្បីគាំទ្រដល់ការរីកចម្រើននគរូបនីយកម្មនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត ដោយបានកំណត់ច្បាស់លាស់ពីតំបន់ដែលមានសក្តានុពលសម្រាប់ការអភិវឌ្ឍ និងតំបន់អភិវឌ្ឍន៍អចលនទ្រព្យឱ្យឆ្លើយតបទៅនឹងកំណើនប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច។
ប៉ូលចំនួន៥ ដែលជំរុញសេដ្ឋកិច្ចកម្ពុជា ក្នុងនោះរួមមាន ប៉ូលអភិវឌ្ឍន៍រាជធានីភ្នំពេញ ប៉ូលអភិវឌ្ឍន៍សៀមរាប ប៉ូលអភិវឌ្ឍន៍ខេត្តព្រះសីហនុ ប៉ូលអភិវឌ្ឍន៍ក្រុង និងទីប្រជុំជនតាមបណ្តោយព្រំដែន តាមបណ្តោយអ័ក្សនៃការអភិវឌ្ឍ ដោយបានសម្រេចនិងដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់នូវគោលការណ៍ប្រើប្រាស់ដីតាមលំដាប់អាទិភាព៕
,