ឡាវដាក់សំណើទៅប្រទេសជាសមាជិកដើម្បីសាងសង់ទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គ

ឡាវដាក់សំណើទៅប្រទេសជាសមាជិកដើម្បីសាងសង់ទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គ

ភ្នំពេញ៖ គណៈកម្មការទន្លេមេគង្គហៅកាត់ (MRC) បានឲ្យដឹងថា រដ្ឋាភិបាលបានដាក់សំណើមួយទៀតនូវគម្រោងសាងសង់ទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គ ដែលអាចផលិតថាមពលអគ្គិសនីពេញមួយឆ្នាំបាន ៦៨៤មេហ្កាវ៉ាត់។

យោងតាមក្រសួងព័ត៌មានកម្ពុជាបានឲ្យដឹងថាគណៈកម្មការទន្លេមេគង្គ នៅថ្ងៃទី១២ ខែឧសភា បានបញ្ជាក់ថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គថ្មីមួយទៀតរដ្ឋាភិបាលប្រទេសឡាវនេះ គឺស្ថិតនៅក្នុងស្រុក សាណាខាំ ដែលមានទីតាំងភូមិសាស្ត្រនៅចន្លោះខេត្តសាយ៉ាបូរី និងខេត្តវៀងចន្ទ។ 

គម្រោងថ្មីនេះបានស្នើឡើងខណៈគម្រោងចំនួន ៥ ទៀតរួមមាន៖ គម្រោងទំនប់វារីអគ្គិសនីសាយ៉ាបូរី ដនសាហុង ប៉ាក់បេង ប៉ាក់ឡាយ និងលួងប្រាបាង នាពលកន្លងមក បាននឹងកំពុងដាក់ឆ្លងកាត់ដំណើរការពិគ្រោះយោបល់ជាមុនទៅលើផលប៉ះពាល់ឆ្លងដែនដែលអាចកើតមានលើបរិស្ថាន លំហូរទឹក គុណភាពទឹក និងជីវភាពរស់នៅរបស់សហគមន៍តាមដងទន្លេ។

លោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ មានប្រសាសន៍ថា «ប្រទេសឡាវ បានដាក់ស្នើគម្រោងប្រើប្រាស់ទឹកមានលក្ខណៈពេញមួយឆ្នាំលើដងទន្លេមេនៃទន្លេមេគង្គ ដែលគម្រោងនេះតម្រូវឲ្យឆ្លងកាត់ដំណើរការកិច្ចពិគ្រោះយោបល់ជាមុន។ ការដាក់ស្នើនេះនឹងផ្តល់លទ្ធភាពឲ្យប្រទេសជាសមាជិកទទួលបានការជូនដំណឹង ព្រមទាំងសាធារណជនទូទៅទទួលបាននូវព័ត៌មានលម្អិត និងធ្វើការសិក្សាពីគម្រោងប្រើប្រាស់ទឹក និងផលប៉ះពាល់របស់ពីគម្រោងនេះ»។ 

រដ្ឋាភិបាលឡាវបានផ្តល់នូវសំណុំឯកសារវិស្វកម្ម និងការសិក្សាលទ្ធភាពគម្រោងក្នុងកម្រិតបច្ចេកទេស រួមមានការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមរបស់គម្រោងទំនប់វារីអគ្គិសនីសាណាខាំ ព្រមទាំងការសិក្សាលើកំណកកករ និងជលផលទៅកាន់ប្រទេសជាសមាជិករួមមាន៖ ប្រទេសកម្ពុជា ថៃ និងវៀតណាម ដើម្បីទទួលបានការពិគ្រោះយោបល់ និងការឯកភាព ដើម្បីឈានទៅការសាងសង់ក្នុងឆ្នាំ២០២០នេះ ក្រោមដើមទុនជាង ២ពាន់លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍របស់គណៈកម្មការទន្លេមេគង្គ បច្ចុប្បន្នមានគម្រោងចំនួន ៤៩តាមដៃនៃដងទន្លេមេគង្គក្រោម ត្រូវបានដាក់ស្នើសម្រាប់ដំណើរការជូនដំណឹងក្រោមនីតិវិធីពិគ្រោះយោបល់ជាមុន និងកិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់ទឹកលើដងទន្លេមេនៃដងទន្លេមេគង្គរបស់គណៈកម្មការទន្លេមេគង្គ។ ក្នុងចំណោមសំណើគម្រោងសាងសង់ទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គក្រោមទាំងនេះ មានគម្រោងស្នើពីប្រទេសកម្ពុជាមានចំនួន ៣គម្រោង ឡាវចំនួន ៣០គម្រោង ថៃចំនួន ២គម្រោង និងពីប្រទេសវៀតណាម ១៤គម្រោង៕

អត្ថបទដោយ: Nary