ជា សុផារ៉ា៖ ជំរុញអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់អនុវត្តច្បាប់សំណង់ឲ្យតឹងរ៉ឹងបំផុត

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ជំរុញជាថ្មីម្តងទៀត ដល់អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ដែលបានចុះបញ្ជីទាំងអស់នៅទូទាំងប្រទេស ឱ្យអនុវត្តតាមច្បាប់ស្តីពីសំណង់ឲ្យបានហ្មត់ចត់ ដើម្បីធានាថារាល់សំណង់ទាំងអស់មានគុណភាព និងសុវត្ថិភាពជាចម្បង។
ការលើកឡើងពីសំណាក់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅពេលពេលនេះ ត្រូវបានធ្វើឡើងក្នុងវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ ដល់អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់លើកទី៣កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា សំណង់ដែល សាងសង់ ត្រូវគោរពគម្លាតរវាងឯកជនទាំងសងខាង រក្សាគម្លាតឱ្យស្របទៅតាមបទ ដ្ឋាននគរូបនីយកម្ម និងគោរពចំពោះទីតាំងសាធារណៈដូចជាលូទឹកនិងហេដ្ឋារចនាសម្ព័ននានា ដើម្បីធានាថារាល់ការងារសាងសង់ទាំងអស់មានសុវត្ថិភាព និងគុណភាពរឹងមាំ។
លោកបានសង្កត់ធ្ងន់ទៀតថា «ក្នុងចំណុចនេះក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានរៀបចំប្លង់រដ្ឋបាលនៅគ្រប់ទីកន្លែងទាំងអស់នៅទូទាំងប្រទេសដើម្បីដកហេដ្ឋារចនាសម្ព័ន្ធចេញឱ្យអស់ ដូច្នេះប្លង់ដែលបានរៀបចំហើយនេះគឺត្រូវមានការទទួលស្គាល់និងចុះហត្ថលេខាពីអាជ្ញាធរថ្នាក់ក្រោមជាតិហើយបញ្ជូនមកក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដើម្បីឱ្យការសាងសង់នោះមានភាពជាក់លាក់ហើយម្ចាស់សំណង់ ហើយរាល់សំណង់នេះត្រូវសង់មិនឱ្យប៉ះពាល់ដល់កន្លែងដែលបានដកចេញដូចជាទីរមណីយដ្ឋានរឺក៏មូលដ្ឋានផ្សេងៗទៀតដែលចាត់ទុកថាជាទីកន្លែងវប្បធម៌រឺសំណង់វប្បធម៌នោះទេ»។
រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីរូបនេះ បានស្នើដល់ស្ថាបត្យករនិងវិស្វករទាំងអស់ត្រូវខិតខំអនុវត្តច្បាប់សំណង់នេះឱ្យស្របតាមវិជ្ជាជីវៈនិងក្រមសីលធម៌របស់គណៈវិស្វករនិងគណៈស្ថាបត្យករឱ្យបានសុក្រឹត្យពីព្រោះនាពេលអនាគតនឹងមានការអនុវត្តដ៏តឹងរ៉ឹងដែលជាទិសដៅក្នុងការផ្សព្វផ្សាយច្បាប់សំណង់នេះគឺនឹងមានការផ្សព្វផ្សាយទៅដល់បណ្តាក្រុមហ៊ុនប្រកបអាជីវកម្មលើវិស័យសំណង់ទាំងជាតិនិងអន្តរជាតិផងដែរ។
សូមបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបើកវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ដល់អ្នកវិជ្ជាជីវៈក្នុងវីស័យសំណង់លើកទី៣ ដោយមានស្ថាបត្យករ និងវិស្វករ ចំនួនជាង៧០០ នាក់ចូលរួម ក្នុងទិសដៅធានាការងារសាងសង់ទាំងអស់មានសុវត្ថិភាព និងគុណភាពរឹងមាំ។
នាឱកាសនោះដែរ អគ្គលេខាធិការគណៈវិស្វករកម្ពុជា លោក លឹម សុថាវ បានបង្ហាញក្តីរំពឹងទុកដែរថា ក្រោយពេលបញ្ចប់វគ្គផ្សព្វផ្សាយនេះ អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ ពិសេសវិស្វករ និងស្ថាបត្យករ ទាំងអស់ដែលបានចូលរួមនឹងទទួលបានការបញ្ជាក់អំពីការផ្តល់នូវអាជ្ញាបណ្ណប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ពីក្រសួងដើម្បីឱ្យគ្រប់តាមលក្ខខ័ណ្ឌដែលក្រសួងបានរៀបចំ ជាពិសេសគឺច្បាប់ស្តីពីសំណង់ បង្កើនការជឿទុកចិត្តរបស់វិនិយោគិននៅក្នុងវិស័យសំណង់ផងដែរ៕