ក្រសួងដែនដី គ្រោងនឹងបញ្ចប់ច្បាប់សំណង់នាពេលឆាប់ៗនេះ

ក្រសួងដែនដី គ្រោងនឹងបញ្ចប់ច្បាប់សំណង់នាពេលឆាប់ៗនេះ

លោក ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា បច្ចុប្បន្នច្បាប់​សំណង់ គឺស្ទើរតែបានសម្រេចជោគជ័យ ១០០% ដែលគ្រោងនឹងដាក់ចូលឱ្យប្រើប្រាស់ជាធរ​មាន​នាពេលឆាប់ៗខាងមុខនេះ។

ការថ្លែងបែបនេះ ធ្វើឡើងនៅក្នុងជំនួបរវាងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាទីស្តីការក្រសួង កាលពីចុងខែកញ្ញាកន្ងទៅ។

ក្នុងជំនួបដដែល រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានឱ្យ​ដឹងបន្ថែមថា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តយ៉ាងសកម្មនូវគោលនយោ​បាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់ខ្លួន ជាមួយនឹងស្ថិរភាពនយោបាយនិងការអភិវឌ្ឍន៍ដែល​កម្ពុជាមានសព្វថ្ងៃនេះ ក៏មិនអាចកាត់ផ្ដាច់ចេញពីការគាំទ្រពីរដ្ឋាភិបាល និងប្រជាជនជប៉ុនបាន​ឡើយ។

បន្ថែមពីនេះ លោកថា បច្ចុប្បន្នច្បាប់សំណង់ ដែលជិតសម្រេចជោគជ័យ ១០០% នឹង​ដាក់ឱ្យ​ប្រើប្រាស់ជាធរ​មាន​នាពេលដ៏ខ្លីនេះ ហើយដើម្បីឱ្យច្បាប់សំណង់កាន់តែល្អនិងមានប្រសិទ្ធភាពថែមទៀតនោះ គឺគួរតែមានច្បាប់រៀបចំដែនដី បន្ថែមមួយទៀត ដោយមានកិច្ចសហការពីភាគីជប៉ុន ដើម្បីឱ្យដំណើរការទទួលបានលទ្ធផលល្អ និងផ្លែផ្កា។

ពាក់ព័ន្ធនឹងរឿងនេះដែរ លោក MIKAMI MA SAHARO អគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជា ក៏បានបង្ហាញពីក្ដីរីករាយ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក៏ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់របស់កម្ពុជា។ លោកបន្តថា បច្ចុប្បន្នជប៉ុនក៏កំពុងតែធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកផ្សេងៗចំពោះការកសាងឡើងវិញនូវការអភិវឌ្ឍរបស់កម្ពុជាក្នុងនោះមានផ្នែកនយោបាយ  សេដ្ឋកិច្ច និងវប្បធម៌ជាដើម។

សូមបញ្ជាក់ថា ​ច្បាប់​ស្តី​ពី​សំណង់​មាន ២២ ជំពូក និង ១១៣​មាត្រា​។ ​ច្បាប់​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ពង្រឹង​គុណ​ភាព សន្ដិសុខ សុវត្ថិភាព​សំណង់ ការពារ​ទ្រព្យ​សម្បត្តិ​និង​សុខុមាល​ភាព​របស់​ម្ចាស់​សំណង់ អ្នក​ប្រើ​ប្រាស់​សំណង់ និង​សាធារណ​ជន​។ ​ ​ច្បាប់​ថ្មី​នេះ ក៏​នឹង​បង្កើន​គណ​នេយ្យ​ភាព និង​ប្រសិទ្ធ​ភាព​ក្នុង​ការ​ប្រកប​ការ​ងារ និង​ការ​ប្រកប​វិជ្ជា​ជីវៈ​ក្នុង​វិស័យ​សំណង់ ព្រម​ទាំងបង្កើន​ការ​ជឿ​ទុក​ចិត្ត​របស់​វិនិយោ​គិន​នៅ​ក្នុង​វិស័យ​សំណង់​ផង​ដែរ​។

ក្រសួងរៀបចំដែនដីរំពឹងថា ក្រោយច្បាប់នេះដាក់ឱ្យប្រើប្រាស់ជាធរមាន ច្បាប់​នេះ​នឹង​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន ពិសេស​បង្កើនភាពសុខដុមរមនាជាមួយនឹងGDPក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយធ្វើឱ្យកម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ច ៧% ជារៀងរាល់ឆ្នាំ៕

អត្ថបទដោយ: Pisey