ការដាំដុះនាពេលអនាគតអាចធ្វើនៅលើអគារខ្ពស់ៗ

ការដាំដុះនាពេលអនាគតអាចធ្វើនៅលើអគារខ្ពស់ៗ
យោងតាមអត្ថបទមួយដែលត្រូវបានចេញផ្សាយនៅលើគេហទំព័រ list verse បានលើកឡើងថា ការធ្វើកសិកម្មតាមបែបបញ្ឈរ គឺជាគំនិតថ្មីមួយ ដែលអាចធ្វើបដិវឌ្ឍន៍លើវិស័យកសិកម្មនៅទូទាំងពិភពលោកបាន។ គំនិតនេះ គឺជាការធ្វើកសិកម្មតាមបែបព្យួរនៅលើជញ្ជាំងនៅតាមអគារខ្ពស់ៗ នៅតំបន់ដែលការដំាដុះ​មានការលំបាកខ្លាំង។ គំនិតនេះស្ថិតនៅក្នុង ដំណាក់កាលរចនានាពេលថ្មីៗនេះ របស់ពួកគេ។ អត្ថបទនេះបាន​ ពិពណ៌នាថាពួកវាមានលក្ខណៈជាការដាំដុះនាសម័យឌីជីថល ដែលស្រដៀងគ្នា ទៅនឹង សួនឧទ្យានព្យួរនៅទីក្រុងបាប៊ីឡោន នាសម័យបុរាណដែរ​ ​( Hanging Gardens of Babylon )។ កសិកម្មបែបបញ្ឈរនេះ ប្រសិនបើអាចធ្វើបានមែននោះ ពិតជាមានសក្តានុពលក្នុងការដោះស្រាយបញ្ហាជាច្រើន។ គេបានប៉ាន់ប្រមាណថាប្រជាជន ចំនួន 80 ភាគរយនៅលើពិភពលោក នឹងរស់នៅក្នុងតំបន់ទីប្រជុំ​ជន ត្រឹមឆ្នាំ 2050 (ដែលផ្ទុយទៅនឹងអត្រាបច្ចុប្បន្នដែលមាន 60 ភាគរយ) ។ ការព្យាករណ៍មួយចំនួន បានបង្ហាញថាការបែងចែកអាហារបែបបច្ចុប្បន្ន រួមផ្សំជាមួយនឹងការកើនឡើងនៃចំនួនប្រជាជនពិភពលោក អាចបណ្តាល ឲ្យមានការខ្វះខាតចំណីអាហារ និងផ្ទៃដីដាំដុះ។ ដូច្នេះការធ្វើកសិកម្មបញ្ឈរនេះ អាចបង្កើតបានជាផ្ទៃដីដាំដំណាំនៅលើអគារពីជាន់មួយទៅ​ជាន់មួយ​ទៀតបាន។ បន្ថែមលើស្ថានភាពដែលផ្ទៃដី ដាំដុះនៅក្នុងអគារ ស្តិតនៅក្នុងបរិយាកាសដែលអាចគ្រប់គ្រងបាន ដូច្នេះអ្នកអាចដាំដុះបានពេញមួយឆ្នាំផងដែរ។ សំណើរសម្រាប់កសិដ្ឋានបែបបញ្ឈរបែបនេះ រួមមានទាំងគម្រោងសត្វកន្ទុំរុយ Dragonfly ដែលជាគម្រោងអគារដាំដុះ មានរាងជាស្លាបសត្វកន្ទុំរុយ នៅកណ្ដាលទីក្រុងញូវយ៉កផងដែរ។ ប៉ុន្តែទោះជា​យ៉ាងណាក៏ដោយ ក៏នៅមានមន្ទិលសង្សៃដែរ ទាក់ទងនឹងសមត្ថភាពរបស់បច្ចេកវិទ្យា ដែលត្រូវ ការដើម្បីឲ្យគម្រោងនេះសម្រេចទៅបាន។  
អត្ថបទដោយ: Vutha