កម្ពុជាមិនទាន់មានគម្រោងបើកកន្លែងកំសាន្ត ទីសាធារណៈ និងកាស៊ីណូនៅឡើយនោះទេ

កម្ពុជាមិនទាន់មានគម្រោងបើកកន្លែងកំសាន្ត ទីសាធារណៈ និងកាស៊ីណូនៅឡើយនោះទេ

ភ្នំពេញ៖ ទោះបីជាស្ថានភាពកូវីដ១៩ នៅកម្ពុជាពេលនេះមានភាពធូរស្បើយពិតមែន ពោលគិតត្រឹមថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ កម្ពុជាពុំទាន់រកឃើញករណីឆ្លងជំងឺកូវីដបន្ថែមនោះទេ ខណៈចំនួនអ្នកមានផ្ទុកវីរុសនេះនៅសល់តែ ២នាក់ប៉ុណ្ណោះ។

ថ្លែងក្នុងសន្និសិទសារព័ត៌មានស្ដីពីបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងបញ្ជាក់ថា ទោះបីបច្ចុប្បន្នកម្ពុជាមានអ្នកជាសះស្បើយច្រើន ពីវីរុសកូវីដ១៩ និងមិនមានការឆ្លងថ្មីក៏ដោយ តែកម្ពុជាមិនអាចភ្លេចខ្លួនបានឡើយ។ ពិសេសទាក់ទងទៅនឹងគម្រោងបើកឡើងវិញកន្លែងកំសាន្តនានា សាលារៀន និងកាស៊ីណូជាដើម ប៉ុន្តែសម្រាប់អាជីវកម្មធម្មតាមិនមានបញ្ហានោះទេ។

លោករដ្ឋមន្រ្តីបានបន្តថាទោះបីប្រទេសជិតខាងដូចជា ថៃ និងប្រទេសអាស៊ានមួយចំនួនមានការបើកឡើងវិញនូវផ្សារទំនើប អាជីវកម្មខ្នាតធំ និងកន្លែងសាធារណៈមួយចំនួនក៏ដោយ ប៉ុន្តែកម្ពុជាមិនអាចធ្វើតាមគេនោះទេ ព្រោះអាចជាហានិភ័យខ្ពស់ក្នុងការឆ្លងនូវវីរុសកូវីដ១៩។

សារព័ត៌មានថៃ BangKok Post កាលពីពេលថ្មីៗ បានចុះផ្សាយថារដ្ឋាភិបាលប្រទេសថៃបានអនុញ្ញាតអោយអាជីវកម្មខ្នាតធំៗ ដំណើរការឡើងវិញ ជាពិសេសនោះគឺហាងលក់គ្រឿងស្រវឹងក៏អាចនឹងតម្រូវអោយមានការដំណើរការធម្មតាឡើងវិញផងដែរបន្ទាប់ពីមានការបិទមុនគេ ព្រោះតែភ័យខ្លាចមានការឆ្លងពីការទទួលទានគ្រឿងស្រវឹងនៅពេលជួបជុំគ្នា។ 

សូមបញ្ជាក់ថាតាមរបាយការរបស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ចំនួនអ្នកមានផ្ទុកវីរុសកូវីដ១៩ នៅកម្ពុជានៅសល់តែ ២នាក់ប៉ុណ្ណោះ ខណៈចំនួនអ្នកជាសះស្បើយមានចំនួន ១២២នាក់ និងមិនមានការឆ្លងថ្មីនោះទេ៕

អត្ថបទដោយ: Nary