កាលីហ្វ័រញ៉ាក្លាយជារដ្ឋដំបូងគេ តម្រូវឱ្យគេហដ្ឋានសាងសង់ថ្មីប្រើប្រាស់ថាមពលព្រះអាទិត្យ

សហរដ្ឋអាម៉េរិក៖ រដ្ឋកាលីហ្វ័រញ៉ា កំពុងព្យាយាមបង្កើនស្ដង់ដារ នៃការអភិវឌ្ឍប្រកបដោយចេរភាពរបស់សហរដ្ឋអាម៉េរិក តាមរយៈការដាក់ចេញនូវបទបញ្ជាថ្មីមួយ ដោយតម្រូវឱ្យគេហដ្ឋានដែលសង់ថ្មីទាំងអស់ បំពាក់នូវបន្ទះ សូឡាផលិតថាមពលពីពន្លឺព្រះអាទិត្យ ក្នុងចំនួនកំណត់ណាមួយជាអប្បបរមា។ គណៈកម្មការថាមពលរដ្ឋកាលី ហ្វ័រ ញ៉ា (CEC) បានអនុម័តបទបញ្ជាថ្មីនេះជាឯកឆន្ទ ហើយរំពឹងថានឹងមានការដំឡើងបន្ទះសូឡាប្រមាណ ៧៤,០០០ គ្រឿង នៅក្នុងឆ្នាំ ២០២០នេះ។
បទបញ្ជាថ្មីនេះ បានចូលជាធរមានកាលពីថ្ងៃទី០១ ខែមករាឆ្នាំ ២០២០ ខណៈដែល ១ភាគ៥ នៃគេហដ្ឋានសរុបក្នុងរដ្ឋកាលីហ្វ័រញ៉ា បានបំពាក់បន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យរួចទៅហើយ។ ការណ៍នេះនឹងធ្វើឱ្យ បរិមាណនៃការប្រាស់ថាមពលពន្លឺព្រះអាទិត្យនៅក្នុងរដ្ឋនេះ ប្រែប្រួលកាន់ខ្លាំង។ គេរំពឹងថានឹងមានការដំឡើងបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យបន្ថែម ក្នុងបរិមាណជាថាមពលពី ប្រមាណ១២៣ ទៅ ៣៣៤ មេហ្កាវ៉ាត់ក្នុងមួយឆ្នាំ ចាប់ពីដើមឆ្នាំ២០២០នេះ រហូតដល់ឆ្នាំ ២០២៤។
លោក Abigail Ross Hopper ប្រធានសមាគមឧស្សាហកម្មថាមពលព្រះអាទិត្យ បានប្រាប់សារពត៌មាន Greentech Media ថា នឹងមានអតិថិជនប្រមាណ ១០ ម៉ឺននាក់ ជារៀងរាល់ឆ្នាំ ត្រូវការប្រើប្រាស់ថាមពលអគ្គីសនី ដែលមានប្រភពពីពន្លឺព្រះអាទិត្យ សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងគេហដ្ឋាន។ នេះមានន័យថា ក្រុមហ៊ុនផ្គត់ផ្គង់បន្ទះសូឡា នឹងទទួលបានការងារកាន់តែច្រើនបន្ថែមទៀត ចំណែកអ្នកប្រើប្រាស់ក៏នឹងទទួលបានជម្រើសថ្មីៗកាន់តែច្រើនផងដែរ។
បើតាម គណៈកម្មការថាមពលរដ្ឋកាលីហ្វ័រញ៉ា (CEC) បទបញ្ជានេះនឹងតម្រូវឱ្យ គេត្រូវចំណាយទឹកប្រាក់ជាមធ្យម ៨,៤០០ដុល្លារ ដើម្បីដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ សម្រាប់គេហដ្ឋានមួយខ្នង។ មានន័យថាម្ចាស់គេហដ្ឋានត្រូវបង់ប្រាក់ប្រហែល ៤០ដុល្លារក្នុងមួយខែ បន្ថែមទៅលើតម្លៃដើមនៃគេហដ្ឋាន។ ប៉ុន្តែ គេនឹងអាចកាត់បន្ថយចំណាយជាមធ្យមប្រហែល៨០ដុល្លារ ក្នុងមួយខែ ទៅលើការប្រើប្រាស់អគ្គិសនីប្រចាំខែ។ ក្រៅពីផលចំណេញផ្នែកសេដ្ឋកិច្ចការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ បានរួមចំណែកយ៉ាងច្រើនក្នុងការកាត់បន្ថយផលប៉ះពាល់ចំពោះបរិស្ថាននិងការកើនកម្ដៅនៃភពផែនដី។
គួរបញ្ជាក់ថា កាលីហ្វ័រញ៉ា ជារដ្ឋនាំមុខគេរបស់សហរដ្ឋអាម៉េរិក ក្នុងការប្រើថាមពលអគ្គិសនីដែលមានប្រភពពីព្រះអាទិត្យ និងមានក្រុមហ៊ុនធំៗជាច្រើនកំពុងវិនិយោគលើឧស្សាហកម្មថាមពលផលិតថាមពលប្រភេទនេះ។ គេរំពឹងថាភាពជោគជ័យនៃរដ្ឋកាលីហ្វ័រញ៉ានឹងក្លាយជាគំរូក្នុងការអនុវត្តសម្រាប់រដ្ឋដទៃៗទៀត ហើយរដ្ឋ Massachusettsប្រហែលជានឹងក្លាយជារដ្ឋទី២ ដែលអនុម័តបទបញ្ជានេះ៕