ជាង១៧ឆ្នាំចិននៅតែគ្រងដំណែងជាអ្នកវិនិយោគលេខ១នៅកម្ពុជា

ជាង១៧ឆ្នាំចិននៅតែគ្រងដំណែងជាអ្នកវិនិយោគលេខ១នៅកម្ពុជា
រយៈពេលជាង ១៧ឆ្នាំមកហើយ ពោលគិតចាប់តាំងពីឆ្នាំ២០០០ រហូតមកដល់ ដើមឆ្នាំ២០១៨នេះ ប្រទេសចិននៅតែគ្រង​ដំណែង​លេខ១ ក្នុងការ​វិនិយោគនៅកម្ពុជាលើគ្រប់វិស័យ ដែលមានទុនវិនិយោគក្នុងទំហំទឹកប្រាក់​ ​ប្រមាណជាង ២ពាន់់​លានដុល្លារអាមេរិក។ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀចចំដែនដី នគររូបនីយកម្ម និងសំណង់បានធ្លាប់ប្រាប់ឲ្យដឹងថា បច្ចុប្បន្ន​ កម្ពុជា មាន​ប្រទេស​ចំនួន​១៨ ដែល​កំពុង​វិនិយោគ​​លើ​វិស័យ​ផ្សេង​ៗ ជា​ពិសេសវិស័យ​សំណង់​អគារ ហើយមាន​តែ​ប្រទេស​៣​ប៉ុណ្ណោះ​ដែល​បោះទុន​វិនិយោគ​ច្រើន​ជាងគេ ។ ប្រទេស​ទាំង​៣ ដែល​កំពុង​វិនិយោគ​ច្រើន​ជាងគេ​នោះ រួម​មាន ចិន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ដែលមានទុនវិនិយោគក្នុងទំហំ​ទឹកប្រាក់​ ​ប្រមាណជាង ២ពាន់់លានដុល្លារអាមេរិក, កូរ៉េ​ជាប់​ចំណាត់ថ្នាក់​លេខ​២ ​មាន​ទឹកប្រាក់​វិនិយោគ​ប្រមាណ​១.៦៣៧​លាន​ដុល្លារ​អា​មេ​រិ​ក និង​ជប៉ុន​ជាប់​ចំណាត់​លេខ​៣ បោះទុន​វិនិយោគ​ក្នុង​រយៈពេល​១៧​ឆ្នាំ ស្មើនឹង​ទឹកប្រាក់​ប្រមាណ​២៤៥​លាន​ដុល្លារ​អា​មេ​រិ​ក ។​ លោកបាន​បន្ត​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​វិស័យ​៤ ​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច ក្នុង​នោះ​មាន វិស័យ​កាត់ដេរ ទេសចរណ៍ កសិកម្ម និង​សំណង់ ។ សម្រាប់​​វិស័យ​សំណង់ កាលពី​ឆ្នាំ​២០១៦ មាន​ទុន​វិនិយោគ​ប្រមាណ​៥.៥៧៩​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​៦៨% ធៀប​នឹង​ឆ្នាំ​២០១៥ ហើយ​រយៈពេល​១០​ខែ​ឆ្នាំ​២០១៧ ទុន​វិនិយោគ​លើ​វិស័យ​សំណង់​មាន​រហូត​ដល់​៦.២៦៧​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ប្រមាណ​២៧% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៦ ។ ​នៅឆ្នាំ២០១៧ ទុនវិនិយោគក្នុងវិស័យសំណង់មានចំនួន ៦,៤០០លានដុល្លារអាមេរិច និងបាន​ផ្តល់ការងារធ្វើប្រចាំឆ្នាំជូន​យុវជនប្រមាណ​២០ មឺុននាក់។ លោកបានជម្រាបផងដែរថា រហូត​មក​ដល់​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​ក្នុង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប្រមាណ​១.០៣៨​ក្រុមហ៊ុន ក្នុង​នោះ​មាន​ក្រុមហ៊ុន​ក្រៅ​ប្រទេស​ចំនួន​៣២៤​ក្រុមហ៊ុន គឺ​មក​ពី​ចិន កូរ៉េ ជប៉ុន វៀតណាម ថៃ ម៉ា​ឡេ​ស៊ី សិង្ហ​បុរី សហរដ្ឋអាមេរិក បារាំង ឥណ្ឌូ​ណេ​ស៊ី កា​ណា​ដា អូស្ត្រាលី អេ​ស្ប៉ា​ញ ឥណ្ឌា និង​ហ្វ៊ី​លី​ពី​ន​ជាដើម  ។ ពហុកីឡាដ្ឋានមរតកតេជោ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន
អត្ថបទដោយ: Medikan