នៅវេលាល្ងាចថ្ងៃ ៤ កុម្ភះ នេះ រហូតដល់យប់ទល់ភ្លឺ ការដ្ឋានសាងសង់ស្ពានអាកាសស្តុបផ្សារដីហុយ នឹងត្រូវចាក់បេតុងតភ្ជាប់តួស្ពាន ត្រង់ទីតាំងប្រសព្វភ្លើងស្តុបនូវបរិមាណបេតុងចំនួន ៥០០ម៉ែត្រគូប។
យោងតាមទំព័រហ្វេសប៊ុករបស់ មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ នៅវេលាម៉ោង ២២:០០យប់នេះ រហូតដល់ទល់ភ្លឺ ការដ្ឋាននឹងបិទចរាចរផ្លូវខាងស្តាំអបស្ពាន ទិសដៅចូលរាជធានីភ្នំពេញ ដោយពង្វាងទៅផ្លូវងាកខាងស្តាំរួចបត់ឆ្វេងមកមហាវិថីសហព័ន្ឋរុស្សីវិញ។

គួរបញ្ជាក់ផងដែរថា ស្ពានអាកាសផ្សារដីហុយនេះ ត្រូវបានសាងសង់សម្រេចបានជាង៩០%ហើយ ដែលគ្រោងនឹងបើកដំណើរការជាសាធារណៈមុនខែមេសា ដើម្បីស្វាគមន៍ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ នេះបើយោងតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។
ស្ពានអាកាសផ្សារដីហុយស្ថិតនៅផ្លូវប្រសព្វ រវាងផ្សារដីហុយ មហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវហាណូយ ដែលមានប្រវែង៦០៥ម៉ែត្រ និងទទឹង១៧ម៉ែត្រ។

វាជាគម្រោងស្ពានអាកាសទី៥ នៅរាជធានីភ្នំពេញ ដែលត្រូវបានបើកការដ្ឋានសាងសង់ចាប់តាំងពីខែសីហា ឆ្នាំ២០១៦ ដោយក្រុមហ៊ុនសាងសង់ OCIC ក្រោមហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន។
រដ្ឋាភិបាលក៏គ្រោងនឹងសាងសង់ស្ពានអាកាសពីរបន្ថែមទៀត ១នៅស្ទុបកាណាឌីយ៉ា និង១ទៀតនៅស្តុបក្រសួងកសិកម្ម ដើម្បីដោះស្រាយបញ្ហាស្ទះចរាចរណ៍ក្នុងក្រុងសព្វថ្ងៃ។