អជ្ញាធរអប្សរាប្រកាសរកឃើញសំណង់ឈើជិត១០០០ឆ្នាំបង្ហាញអំពីប្រវត្តិនៃការកសាងស្រះទឹក
ខេត្តសៀមរាប៖ អជ្ញាធរជាតិអប្សរាបានប្រកាសអំពីការរកឃើញសំណង់ឈើអាយុកាលជិត១០០០ឆ្នាំ ក្នុងការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅបាតស្រះ ខាងជើងប្រាសាទអង្គរវត្ត។ ការរកឃើញថ្មីនេះ មិនត្រឹមបកស្រាយអំពីប្រវត្តិនៃការកសាងស្រះទឹករបស់បុព្វបុរសខ្មែរ តែជាភស្ថុតាងសំខាន់ ជួយស្រាយចម្ងល់របស់មហាជនអំពីការបោះបង់ចោលក្រុងអង្គរ។ ការពិតទឹកដីដ៏ពិសិដ្ឋមួយនេះ មិនធ្លាប់ត្រូវបានបោះបង់ចោលម្តងណាឡើយ អង្គរនៅតែមានមនុស្សរស់នៅ ចាប់តាំងពីសម័យផ្តើមកសាង នាសតវត្សរ៍ទី១២ ដោយព្រះបាទសូរ្យវ័រ្មនទី២ រហូតដល់សម័យទំនើប។
(ក្រុមអ្នកបុរាណវិទ្យា កំពុងធ្វើកំណាយស្រាវជ្រាវលើដីបាតស្រះខាងជើងប្រាសាទអង្គរវត្ត)
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន កាលពីថ្ងៃទី២៦ ខែមីនានេះ អជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា សំណង់ឈើបុរាណមានអាយុកាលជិត១០០០ឆ្នាំ ដែលទើបរកឃើញនៅចំកណ្តាលស្រះនោះ ជាសំណង់ដែលមានរចនាសម្ព័ន្ធដ៏ល្អឆ្នើម ព្រោះមានអាយុកាលរាប់រយឆ្នាំហើយ តែនៅអាចរក្សាទ្រង់ទ្រាយបានល្អដូចដើម។ ដោយមានការបញ្ចុះយ៉ាងត្រឹមត្រូវនូវ ស្រទាប់ខ្សាច់ ស្រទាប់ថ្ម ស្រទាប់កំណករុក្ខជាតិ និងធញ្ញជាតិ ស្រទាប់សត្វសមុទ្រ ព្រមទាំងបំណែកកុលាលភាជន៍ជាច្រើនសម័យកាល ត្រូវបានរៀបចំយ៉ាងស្អាត ប្រកបដោយភាពច្នៃប្រឌិតផ្នែកសិល្បៈ លាយឡំនឹងជំនឿ ព្រោះមានតម្កល់បដិមា នៃព្រហ្មមញ្ញសាសនាមួយអង្គទៀតផង។
(សំណង់ឈើបុរាណមានអាយុកាលជិត១០០០ឆ្នាំ ដែលទើបរកឃើញនៅចំកណ្តាលស្រះខាងជើងប្រាសាទអង្គរវត្ត)
បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ លោក អ៊ឹម សុខរិទ្ធី បានថ្លែងអះអាងថា របកគំហើញថ្មីនេះ ជាប្រវត្តិសាស្ត្រនៃការរកឃើញដំបូងនៅទឹកដីអង្គរ ដែលរួមចំណែកដោះស្រាយអាថ៌កំបាំងដ៏អស្ចារ្យ ម្តងរហូតពីររឿង។ ទីមួយ អំពីប្រវត្តិនៃការកសាងស្រះ លោកថា បដិមាព្រហ្មមញ្ញសាសនាទើបរកឃើញនោះ បើតាមជំនឿខ្មែរ តំណាងឱ្យចំណេះដឹង បញ្ញាញាណ និងមន្តអាគម ដូច្នេះការកសាងស្រះទឹកដែលមានបញ្ចុះទេពលាយជាមួយ គឺបង្ហាញពីការគារពតាមជំនឿ បង្កើននូវទំនុកចិត្តជាទីពឹងរបស់មនុស្ស ធ្វើឱ្យទឹកក្នុងស្រះក្លាយជាទឹកពិសិដ្ឋ សម្រាប់ប្រោះព្រំមនុស្សទាំងឡាយដែលមកសំពះព្រះពិស្ណុលោក។
លោក អ៊ឹម សុខរិទ្ធី បានបញ្ជាក់ថា៖ «នេះជាភស្ថុតាងវិទ្យាសាស្ត្រ នៃការស្រាវជ្រាវបែបបុរាណវិទ្យា ដែលបំពេញបន្ថែមទៅលើព័ត៌មានកន្លងមក ដែលយើងពឹងផ្អែកតែលើការស្រាវជ្រាវលើសិលាចារឹក បដិមាសាស្ត្រ និងប្រវត្តិសិល្បៈជាដើម»។
(លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ)
បុរាណវិទូរូបនេះ បានបញ្ជាក់បន្ថែមថា រឿងទីពីរ ភស្ថុតាងនៃការរកឃើញថ្មីនេះ បានជួយបកស្រាយអាថ៍កំបាំងដ៏ធំមួយទៀតទាក់ទងនឹងប្រវត្តិនៃសំណង់ប្រាសាទអង្គរវត្ត ព្រោះមិនត្រឹមបង្ហាញអំពីវិធីនៃការកសាងស្រះទឹក បរិស្ថានធម្មជាតិ តែរបកគំហើញថ្មីនេះបានបង្ហាញពីដំណើរនៃការរស់នៅរបស់មនុស្សទៅតាមសម័យកាល។ ដូច្នេះអង្គរមិនដែលមានការបោះបង់ចោលនោះទេ គឺមានមនុស្សរស់នៅលើទឹកដីនេះមិនដាច់ ចាប់តាំងពីការកសាង រហូតដល់សម័យទំនើប។
ទោះបែបណាក្តី ដំណាក់កាលដំបូងនៃការសិក្សាស្រាវជ្រាវនេះ ក្រុមអ្នកបុរាណវិទ្យានៅមិនទាន់អាចកំណត់អំពីប្រភេទឈើបានច្បាស់លាស់នៅឡើយទេ ឯការកំណត់អំពីតួនាទីនៃសំណង់ឈើនេះ ក៏នៅពុំទាន់អាចបកស្រាយបាននៅឡើយដែរ។ ប្រធាននាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ លោក អ៊ឹម សុខរិទ្ធី បានបញ្ជាក់ថា លទ្ធផលបែបណា គឺរង់ចាំការយកបំណែកឈើទៅពិសោធន៍ និងសិក្សាតាមបែបវិទ្យាសាស្ត្រ ជាមួយអ្នកជំនាញផ្សេងៗទៀត៕