ទំនោរនៃការដេគ័រផ្នែកខាងក្នុងតាមបណ្តាហាងអាជីវកម្មកំពុងមានការពេញនិយម
ទំនោរនៃការដេគ័រតាមបណ្តាហាង សណ្ឋាគារ និងនៅ ភោជនីយដ្ឋាន ហាងកាហ្វេនានាមានការពេញនិយមពីសំណាក់ម្ចាស់អាជីវកម្មសម័យថ្មី ដើម្បីទាក់ទាញអតិថិ ជន និងបង្ហាញពីភាពច្នៃប្រឌិតផងដែរ។
លោកស្រី វង្ស ដារាវី អ្នកជំនាញផ្នែកឌីហ្សាញនៃក្រុមហ៊ុន Realine Design បានមើលឃើញថា សព្វថ្ងៃអាជីវកម្មឌីហ្សាញ ឬដេគ័រផ្នែកខាងក្នុងនិងខាងក្រៅតាមបណ្តាអាជីវកម្មនានាកំពុងពេញនិយមពីម្ចាស់ប្រកបអាជីវកម្មគ្រប់ប្រភេទដូចជា ហាងកាហ្វេ ហាងលក់ខោអាវ និងហាងប្រកបអាជីវកម្មនានា។
លោកស្រីមានប្រសាសន៍ថា៖«ម្ចាស់អាជីវកម្មជាច្រើនបានយល់ដឹងច្រើនពីអត្ថប្រយោជន៍នៃការឌីហ្សាញព្រោះការឌីហ្សាញ អាចបង្កើតអារម្មណ៍មួយបែបទៀតជូនម្ចាស់អាជីវកម្មផ្ទាល់នឹងអតិថិជនថែមទៀត»។
លោកស្រីបន្ថែមថា៖« អ្នកឌីហ្សាញត្រូវប្រើអារម្មណ៍ដើម្បីរកគំនិតនិងខ្លឹមសារជូនអតិថិជនដោយយើងត្រូវដឹងពីវ័យនិងការចូលចិត្តរបស់ម្ចាស់អាជីវកម្ម និងភ្ញៀវរបស់ពួកគេ យើងត្រូវដឹងថាតើ អតិថិជនរបស់ពួកគាត់នៅកម្រិតណា វ័យណា ហើយអាជីវកម្មរបស់ពួកគាត់ផ្តោតនិងលក់លើប្រភេទអ្វីគឺដើម្បីអោយការឌីហ្សាញសមស្របទៅតាមចំណង់ចំណូលចិត្តពួកគាត់»។
លោកស្រីថា ការឌីហ្សាញផ្នែកខាងក្នុងនៅតាមកន្លែងអាជីវកម្ម សណ្ឋាគារ ក្លាយជាការនិន្នាការពេញនិយមមួយបន្ថែមទៀតក្នុងប្រទេសកម្ពុជា ចំពោះម្ចាស់អាជីវកម្ម ដែលចង់បង្កើតចំណីអារម្មណ៍ នឹងទស្សនីយភាពដ៏ប្លែកភ្នែកជូនអតិថិជនរបស់ពួកគេ។
លោកស្រីដារាវីថា ការឌីហ្សាញផ្នែកខាងក្នុងគឺជាការឌីហ្សាញមួយប្រភេទដែលបង្កើតនៅអារម្មណ៍ស្រមើលស្រមៃ ដើម្បីចេញជាគំនិតមួយដូចជា ប្លង់រចនានឹងរូបភាពប្រកបដោយអត្ថន័យ និងឲ្យស្របទៅកន្លែងប្រកបអាជីវកម្ម។
លោកស្រីបន្ថែមថា៖« លើសពីនេះទៅទៀតយើងក៏ត្រូវតែសួរទៅកាន់ម្ចាស់អាជីវកម្មពីការចូលចិត្តរបស់គាត់លើពណ៍ ការតុបតែងរូបភាព ការដេគ័ររបៀបយ៉ាងដូចម្តេចអោយមានភាពស៊ីចង្វាក់គ្នា។ ការធ្វើបែបនេះគឺដើម្បីជៀសវាងពីការមិនពេញចិត្តបន្ទាប់ពីការឌីហ្សាញត្រូវបានបញ្ចប់»។
លោកស្រីបានបញ្ជាក់ថា៖« អ្នកឌីហ្សាញមានតួនាទីយ៉ាងសំខាន់ខ្លាំងព្រោះពួកគាត់ត្រូវមើលចាប់ពីទីតាំង ត្រូវការបង្កើតគំនិតឌីហ្សាញ ការស្រមើរស្រមៃពីការឌីហ្សាញ»។ ការឌីហ្សាញពីអ្នកជំនាញគឺម្ចាស់អាជីវកម្មនឹងទទួលបានអ្វីដែលពួកគាត់ចង់បាននិងទទួលបានលទ្ធផលល្អពេលដែលបញ្ចប់ការឌីហ្សាញរួចរាល់ដោយខុសពីអ្នកគ្មានជំនាញ។
អ្នកជំនាញផ្នែកឌីហ្សាញរូបនេះបានពន្យល់ទៀតថា៖«អ្នកចេះល្មមៗ នឹង អ្នកជំនាញគឺគេឲ្យតម្លៃផ្សេងគ្នាព្រោះនៅពេលដែលចេញលទ្ធផលមកគឺខុសគ្នា។ អ្នកជំនាញគឺជាអ្នកមានបទពិសោធន៍ខ្ពស់ពួកគេមានស្នាដៃល្អ ការរកគំនិតដេគ័រល្អសមស្របទៅនឹងទីតាំងនិងស្ថានភាពជាក់ស្តែង ហើយអ្វីដែលត្រូវបន្ថែមពីកន្លែងខ្វះចន្លោះ។ នៅពេលដែលចង់បានអ្នកជំនាញគឺម្ចាស់អាជីវកម្មត្រូវការចំណាយច្រើនក៏ប៉ុន្តែលទ្ធផលមកវិញគឺទទួលបានលទ្ធផលល្អ។ ដោយការជ្រើសរើសអ្នកជំនាញឌីហ្សាញគឺការឌីហ្សាញនីមួយៗប្រកបដោយគុណតម្លៃ អត្ថន័យនីមួយៗ។»
លោកស្រីកត់សម្កាល់ដែរថា៖«ការឌីហ្សាញខ្លះមើលទៅលក្ខណៈធម្មតាតែបង្កប់អត្ថន័យ និងបង្ហាញពីគុណតម្លៃ ក្នុងគោលបំណងដើម្បីឲ្យអតិថិជនចូលមកមានភាពស្រស់ស្រាយ និងធ្វើអោយពួកគេចង់មកកន្លែងនេះម្តងទៀត។ ការរៀបចំកន្លែងអាជីវកម្មគឺក្រុមហ៊ុនយើងមើលពីស្ថានភាពជាក់ស្តែង។ ការឌីហ្សាញដោយអ្នកជំនាញពួកគាត់បានសិក្សាទៅលើការប្រើប្រាស់ពណ៍ ពន្លឺ កញ្ចក់ជាដើម។»
ការឌីហ្សាញកន្លែងប្រកបអាជីវកម្មមួយត្រូវចំណាយពេលប្រហែល១ខែ ទាំងការរៀបចំប្លង់នឹងការឌីហ្សាញ។យ៉ាងណាមិញ លក្ខណៈនេះមិនអាចកំណត់ត្រឹមត្រូវបានជាក់លាក់នោះទេ ដោយអាស្រ័យទៅលើទីកន្លែង នឹងទំហំរបស់ទីតាំងអាជីវកម្ម៕