CVEA គ្រោងចុះ MOU ជាមួយសមាគមអឺរ៉ុប និងអាមេរិក ដើម្បីបើកជើងមេឃថ្មីនៃវិស័យអចលនទ្រព្យកម្ពុជា

CVEA គ្រោងចុះ MOU ជាមួយសមាគមអឺរ៉ុប និងអាមេរិក ដើម្បីបើកជើងមេឃថ្មីនៃវិស័យអចលនទ្រព្យកម្ពុជា

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) លោក ច្រឹក សុខនីម បានឱ្យដឹងថា ដើម្បីទាក់ទាញការវិនិយោគមកកាន់ប្រទេស ពិសេសឈានទៅបើកជើងមេឃថ្មីឱ្យវិស័យអចលនទ្រព្យកម្ពុជា CVEA គ្រោងនឹងចុះ MOU ជាមួយសមាគមអចលនទ្រព្យអឺរ៉ុប និងសហរដ្ឋអាមេរិក នាកម្មវិធីសន្និសីទ និងពិព័រណ៍ប្រចាំឆ្នាំរបស់សមាគមជាតិអ្នកវាយតម្លៃអចលនទ្រព្យសហអាមេរិក(NAR) ដែលនឹងធ្វើឡើង នៅថ្ងៃទី០៨-១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

ការលើកឡើងនេះ គ្រាដែលលោកបានដឹកនាំប្រតិភូ និងសមាជិករបស់ខ្លួនចំនួន ២៣នាក់ ទៅចូលរួមកម្មវិធីសន្និសីទ និងពិព័រណ៍ប្រចាំឆ្នាំរបស់សមាគមជាតិអ្នកវាយតម្លៃអចលនទ្រព្យសហអាមេរិក(NAR)នៅ ទីក្រុងសេនហ្រ្វេនស៊ីស្កូ សហរដ្ឋអាមេរិក។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នាអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៦ ខែ វិច្ចិកា ប្រធានសមាគមខាងលើបានបញ្ជាក់ថា ការចូលរួមកម្មវិធីជួបជុំដ៏ធំប្រចាំឆ្នាំនេះ សមាគមផ្ដោតលើគោលបំណងសំខាន់ៗមួយចំនួន ដូចជាការសិក្សាបន្ថែមលើផ្នែកបច្ចេកវិទ្យាក្នុងវិស័យអចលនទ្រព្យ ផ្នែកវាយតម្លៃ និងការពង្រឹងទំនាក់ទំនងអន្ដរជាតិ ក្នុងនាមសមាជិករបស់ NAR ក៏ដូចជាដើម្បីទាក់ទាញការវិនិយោគមកកាន់ប្រទេសជាដើម ។ លើសពីនេះ CVEA ក៏ត្រៀមបើកជើងមេឃថ្មី តាមរយៈការចុះ MOU ជាមួយសមាគមអចលនទ្រព្យអឺរ៉ុប និងសហរដ្ឋអាមេរិក នាឱកាសនោះផងដែរ ។

លោក ច្រឹក សុខនីម បញ្ជាក់ថា «យើងមានផែនការចុះ MOU ចំនួន ៣ ក្នុងនោះមានសមាគមនៅសហរដ្ឋអាមេរិកចំនួន ២ និងសមាគមនៅអឺរ៉ុប ១ ដែលយើងកំពុងធ្វើការហ្នឹង ដោយយើងផ្ដោតលើការសហការគ្នា ។ កម្ពុជាយើងអត់ទាន់បើកជំហរជើងមេឃទៅខាងអឺរ៉ុប ហើយសហរដ្ឋអាមេរិក ក៏មិនទាន់ទូលំទូលាយប៉ុន្មានដែរ តែឥលូវយើងកំពុងពង្រីកទីផ្សារទៅផ្នែកអឺរ៉ុប  និងអាមេរិកអ៊ីចឹងយើងអាចនាំភ្ញៀវរបស់យើង មិនត្រឹមតែអាចទៅសហរដ្ឋអាមេរិកទេ គឺអាចទៅអឺរ៉ុបថែមទៀត នេះគឺជាទិសដៅធំរបស់យើង យើងចង់ពង្រីកសក្ដានុពលលើពិភពលោក» ។

គួរបញ្ជាក់ថា កម្មវិធីសន្និសីទ និងពិព័រណ៌ប្រចាំឆ្នាំរបស់ NAR តែងរៀបចំជារៀងរាល់ចុងឆ្នាំ ដោយមានបណ្ដាប្រទេសជាសមាជិលើពិភពលោកជាច្រើនចូលរួម ក្នុងនោះក៏មានតំណាងសមាគម CVEA របស់កម្ពុជាចូលរួមផងដែរ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ថ្មីៗ ពិសេសការបង្ហាញនូវវឌ្ឍនាភាព និងសក្ដានុពល នៃវិស័យអចលនទ្រព្យកម្ពុជាទៅកាន់ពិភពលោក ក៏ដូចជាការកៀរគរវិនិយោគិន មកធ្វើការវិនិយោគនៅកម្ពុជាកាន់តែច្រើនផងដែរ៕

 

អត្ថបទដោយ: Pisey