ពលរដ្ឋក្នុងខេត្តព្រះសីហនុជួបវិបត្តិផ្ទួនៗក្រោយការចាកចេញរបស់ជនជាតិចិននិងវត្តមានវីរុសកូរ៉ូណា

ពលរដ្ឋក្នុងខេត្តព្រះសីហនុជួបវិបត្តិផ្ទួនៗក្រោយការចាកចេញរបស់ជនជាតិចិននិងវត្តមានវីរុសកូរ៉ូណា

ភ្នំពេញ ៖ បន្ទាប់ជនជាតិ​ចិន​បានចាកចេញពីប្រទេសកម្ពុជា បន្ទាប់ពីការ​បិទ ល្បែង​អន​ឡាញ  ពលរដ្ឋ​ក្នុងខេត្ត​ព្រះសីហនុ ដែលធ្លាប់តែទទួលបានផល​ ប្រយោជន៍ខ្ពស់​ពី​វត្ត​មាន​ជន​ជាតិចិន ដូចជា​ការជួល​ផ្ទះទៅជនជាតិ​ ជួលអគារ​ ជួលដីជាដើម បាននិងកំពុ​ងជួប​វិបត្តិ​ជា​​បន្តបន្ទាប់​។

ផលលំបាកគឺដោយសារតែ​ពួកគេជាប់បំណុល​ក្នុង​ធនាគា​រ ដោយការ​យក​ឥណទានពីធនា​គារមក​សាងសង់​អគារ​ ផ្ទះ​ ទុកជួលឲ្យតែជនជាតិចិន​  ប៉ុន្តែតែនៅពេលជនជាតិ​ចិន​ចាក​ចេញ​​ក៏ធ្វើឲ្យ​សំណង់ត្រូវគាំង​​និងមិនមានប្រភពចំណូល​សម្រាប់បង់ទៅធនាគារ​វិញ ។

បន្ទាប់ពី​បញ្ហា​ចិនចាកចេញពីខេត្តព្រះសីហនុនេះ ធ្វើឲ្យពលរដ្ឋ​មានវិបត្តិមួយទៅហើយ​ ប៉ុន្តែ​នៅពេលដែល​វីរុស​កូរ៉ូណា​មានវត្តមាននៅខេត្តព្រះសីហនុ​ថែមទៀតនោះ ធ្វើឲ្យចរន្ត​សេដ្ឋកិច្ច​នៃខេត្ត​នេះ ហាក់បាន​បន្ត​ស្ងាត់មួយកម្រិតទៀត​ ដោយសារតែពលរដ្ឋមួយ​ចំនួន​ធំ​ មិនសូវ​ហ៊ានចេញពីផ្ទះព្រោះខ្លាច​ឆ្លងនឹងជម្ងឺនេះ អ្នកប្រកបរបរ​នៅតាមទីផ្សារ​ក៏​មិន​សូវ​កាក់​កប​ដូចមុនដែរ ក្នុងនោះ​អាជីវកម្ម​ដឹកជញ្ជូន​ដូចជា​រ៉ឺម៉ក​កង់​បី ម៉ូតូឌុប និ​​ងតា​ក់​ស៊ី​ក្នុង​ខេត្ត​ក៏កំពុងមានបញ្ហា​ផងដែរ ។

ប្រជាពលរដ្ឋមួយរូបនៅក្នុងខេត្ត​ព្រះសីហនុនេះ លោក​ ងួន ណេត ​បានឲ្យដឹងថា រហូត​​​មក​ដល់​ពេល​នេះ​​​​បញ្ហា​ផ្ទះជួល​នៅតែមានវិបត្តិ​ដដែល​ក្រោយចូលឆ្នាំចិន​រួច​ ។ លោ​ក​ថា​៖«​ កាលពីចុងឆ្នាំមុននេះ ពលរដ្ឋ​ដែលមានផ្ទះ​ជួល មានអគារ​ជួល​សង្ឃឹមថា ក្រោយ​ចូល​ឆ្នាំ​ចិន​រួច ជនជាតិចិន​នឹងត្រឡប់មក​កាន់​ខេត្ត​ព្រះ​សី​ហនុ​​ឡើងវិញ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​​អាចរក​ចំណូល​ពីចិន​តាមរយៈការជួលអគារ ឬផ្ទះជួល​ទៅ​ជនជាតិចិន​ទាំង​នោះ​ តែ​ក្រោយ​មក​​ ពោល​​គឺបន្ទាប់​ចូលឆ្នាំចិនរួច ចិននៅតែមិនមក​ និងកាន់តែ​ស្ងាត់ ដោយ​សារ​តែ​វីរុស​​កូរ៉ូណា​​ត្រូវបានរកឃើញមួយករណី​នៅក្នុងខេត្តព្រះសីហនុ » ។​ 

លោបន្តថា​ផល​ប៉ះពាល់​គឺកាន់តែខ្លាំង​ ដោយសារតែ​បំណុល​ធនាគារ​កាន់តែកើនច្រើន​ទាំង​ដើម​ទាំងការ ហើ​យ​ពលរដ្ឋខ្លះ​​ពិបាក​ក្នុងការស្វែង​រក​ប្រាក់​ដើម្បី​មក​​បង់​ធនាគារ​ប្រចាំខែ ។ ម្យ៉ាង​អា​ជីវ​កម្ម​​ផ្សេងទៀតនៅតាមផ្សារ​ក៏ហាក់ស្ងប់ស្ងាត់ទៀត ដោយ​សារ​តែ​ពល​រដ្ឋ​មិនហ៊ានចេញ ហើយនៅពេលចេញ​ទៅផ្សារ​ម្ដង​ៗ​ពួក​គាត់​ត្រូវ​ពាក់​ម៉ាស់​​បិទជិត​ការពារ​ជម្ងឺ​ដ៏សាហាវដែលផ្ទុះឡើង​នៅប្រទេសចិន ។

បើតាម​លោក​ច្រឹក សុខនីម​ប្រធានសមាគម​អ្នកវាយតម្លៃនិងភ្នាក់​ងារ​អចលនវត្ថុកម្ពុជា បាន​​​មាន​ប្រ​សា​ស​ន៍​ថា​ព្រឹត្តិការណ៍នៅក្នុងខេត្តព្រះសីហនុ​​ នឹងមិនអាចប៉ះពាល់​ធ្ងន់ធ្ងរដល់​វិស័យ​​អចលនទ្រព្យ​កម្ពុជា​ទាំងមូល​នោះទេ ។

គុណវិបត្តិ​នៅក្នុងខេត្ត​ព្រះសីហនុ​ ដោយ​សារ​តែការ​ឡើង​ថ្លៃហួសហេតុពេកធ្វើឲ្យ​ស្ថាន​ការ​ណ៍​​មិន​អាចគ្រប់គ្រង​បាន។​ ជាក់​ស្ដែ​ង​តម្លៃ​ជួល​អចលនទ្រព្យ ដូចជា​ផ្ទះ អគារ និង​ដី​ធ្លី​ជា​ដើម បានហក់​ឡើង​ខ្ពស់​ ដែល​វា​មិ​ន​មែន​ជា​​តម្លៃទីផ្សារឡើយ​ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​តម្លៃ​នេះ​បានធ្លាក់​ចុះមកវិញ​និងទទួល​រង​នូវ​ផល​​ប៉ះពាល់បែបនេះ ។

គួរ​បញ្ជាក់ថា ក្រៅពីតំបន់ក្រុង​ព្រះសីហនុ តំបន់ផ្សេងទៀត​ដូចជា​នៅបាវិតជាដើម ក៏កំពុង​ទទួល​រងនូវផល​វិបត្តិធ្ងន់ធ្ងរ​ផងដែរ ពីការ​ចាកចេញរបស់ចិន​នៅក្នុងរយៈពេលប៉ុន្មាន​ខែ​កន្លង​​ទៅនេះ ។​

នៅក្នុងក្រុង​បាវិត​ គេសង្កេតឃើញថាសកម្មភាពពាណិជ្ជកម្ម​និង​ការ​អភិវឌ្ឍ​​នានា​ត្រូវស្ងប់ស្ងាត់​​ខ្លាំង ។ បណ្ដាការដ្ឋាននានា​ បាន​​បិទ​អត់មានកម្មករ​ធ្វើការ​ដូច​មុន​ទៀត​ឡើយ បណ្ដាអាជីវកម្ម​ផ្សេងទៀត​ជាពិសេស​អាជីវកម្ម​កាស៊ីណូ សណ្ឋាគារ និង​ភោជ​នីយដ្ឋានក៏បានស្ងប់ស្ងាត់​ផងដែរ ៕

អត្ថបទដោយ: Neth