អ្នកឧកញ៉ា ពុង ឃាវ​សែ៖ ការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី អាចនឹងរួចរាល់នៅឆ្នាំ២០២៣

អ្នកឧកញ៉ា ពុង ឃាវ​សែ៖ ការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី អាចនឹងរួចរាល់នៅឆ្នាំ២០២៣

អ្នកឧកញ៉ា ពុង ឃាវ​សែ អគ្គនាយកនៃក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ដែលជាក្រុមហ៊ុនទទួលសិទ្ធិសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានឲ្យដឹងថា បើមិនមានឧបសគ្គណាមួយពាក់ព័ន្ធនឹងការដោះស្រាយវិវាទដីធ្លីទេ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី អាចនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣ខាងមុខ។

ការលើកឡើងពីសំណាក់ អ្នកឧកញ៉ា ពុង ឃាវ​សែ អគ្គនាយកនៃក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជានៅពេលនេះ​ ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ពិធីបើកសន្និបាត​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​លើក​ទី៨​របស់​សមាគម​អ្នក​សាងសង់​កម្ពុជា​និង​សម្ពោធ​បើក​ការ​តាំង​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា​ឆ្នាំ២០១៩ ​ ដែល​ធ្វើឡើង​កាល​ពី​ថ្ងៃទី៥ ខែធ្នូ។

តាមរយៈការផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន អ្នកឧកញ៉ា ពុង ឃាវ​សែ អគ្គនាយកនៃក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) បានឲ្យដឹងបន្ថែមថា​ រហូត​មក​ទល់​ពេល​នេះ​ដំណើរ​​ការ​សាងសង់អា​កាស​យានដ្ឋានអន្តរជាតិភ្នំពេញថ្មី ​​ កំពុង​ស្ថិត​ក្នុងដំណាក់បុកគ្រឹះ ដើម្បីធ្វើផ្លូវ​សម្រាប់​យន្តហោះ។

អ្នកឧកញ៉ា បន្តថា ដំណើរការ​សាងសង់ព្រលានបច្ចុប្បន្ន មិនសូវមាន​ឧបសគ្គពីប្រជាពលរដ្ឋដែលជាម្ចាស់ដីប៉ុន្មានទេ ហើយអ្នកឧកញ៉ាជឿជាក់ បើសិនជាដំណើរការ​ប្រមូលដីធ្លីបន្តគ្មានឧបសគ្គ ដូច្នេះប្រលានយន្តហោះនេះ អាចនឹងរួចរាល់នៅឆ្នាំ ២០២៣ ខាងមុខ។

ជុំវិញដំណឹងពី ការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី  អាចនឹងរួចរាល់នៅឆ្នាំ២០២៣នេះដែរ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) លោក ច្រឹក សុខ​នីម បានលើកឡើងថា ដំណើរការគម្រោងដ៏មហិមានេះ គឺជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជា ដែលអាចនឹងទទួលបានចំណូលជាច្រើនជូនជាតិ បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះដាក់ឱ្យដំណើរនាពេលអនា​គត។

ជាងនេះទៀត លោកថា វិស័យអចលនទ្រព្យនិងសំណង់កម្ពុជា នឹងទាក់ទាញវិនិយោគបរទេសបន្ថែម ម្យ៉ាងទៀត ដីនៅតំបន់ព្រលាននឹងមានការអភិវឌ្ឍ បន្ទាប់តំបន់នេះត្រូវបានជ្រើសរើសជាតំបន់ ដែលត្រូវសាងសង់ព្រលានយន្ដហោះនេះ។

គួរបញ្ជាក់ថា ទីតាំងព្រលានយន្តហោះថ្មីក្នុងប្រទេសកម្ពុជា នឹងសាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវចំណាយទុនវិនិយោគរហូតដល់ទៅ ១,៥០០លានដុល្លារអាមេរិក។ ក្នុងនោះទឹកប្រាក់ ១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង ២៨០លានដុល្លារជារបស់ក្រុម OCIC របស់ឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់ ១២០លានដុល្លារអាមេរិក៕

 

អត្ថបទដោយ: Pisey