កម្ពុជានឹងត្រូវការផ្ទះ១លានខ្នងទៀតត្រឹមឆ្នាំ២០៣០

កម្ពុជានឹងត្រូវការផ្ទះ១លានខ្នងទៀតត្រឹមឆ្នាំ២០៣០

តាមការប៉ាន់ស្មានសម្រាប់រយៈពេល ១៥ឆ្នាំខាងមុខ (២០១៥-២០៣០) កម្ពុជានឹងមានតម្រូវ​ការ​​​លំនៅ​ឋាន​​ប្រមាណ​១លានខ្នង ទៀតក្នុងនោះ សម្រាប់តំបន់រាជធានី ទីក្រុង និង ទីប្រជុំ​ជនមានប្រមាណ ៨០មឺន លំនៅឋាន ដែលគិតជាមធ្យម មានតម្រូវ ការប្រមាណ ៥មឺន​លំនៅឋានក្នុងមួយឆ្នាំ។ ថ្លែងនៅក្នុងពិធីសម្ភោធបើកការដ្ឋានសាងសង់អគារ World Trade Center Phnom Penh កាលពីថ្ងៃ២៦មករានេះ ឯកឧត្តម ជា សុផារា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានលើកឡើងថា សព្វថ្ងៃនេះកម្ពុជាមាន ទីក្រុងរណប បូរី លំនៅឋាន និង លំនៅ​ឋានមានលក្ខណៈ​ជាបូរី​សរុបចំនួន ១៨៧ទីតាំង និងមានសំណង់អគារខ្ពស់ៗចាប់​ពី​៥ជាន់​ឡើងទៅ ចំនួន ៩២៥អគារ។ វិស័យសំណង់បានក្លាយជាសរសរស្តម្ភមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិស័យ កសិកម្ម ទេសចរណ៍ និង វិស័យ វាយនភ័ណ្ឌ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ តម្រូវការលំនៅឋាន​បន្ថែមនេះក៏មានការជម្រុញដោយសារ កំណើនភ្ញៀវ ទេសចរណ៍អន្តរជាតិ និងជនបរទេសមក​រស់នៅ និង ធ្វើការនៅកម្ពុជាដែរ។ ជាក់ស្តែងបើតាមឯកឧត្តមរដ្ឋមន្រ្តី នៅក្នុងទស្សវត្ស​ចុងក្រោយនេះ ចំនួនអ្នកទេសចរណ៍​មក​ទស្សនាកម្ពុជាបានកើនឡើង ដល់ ៥,៦លាននាក់ នៅឆ្នាំ២០១៧ និង ទទួលបានចំណូល​ប្រមាណ ៣,៤០០លានដុល្លារ។ ចំនួនសណ្ឋាគារសរុបមាន ៧៨១ ស្មើនឹង ៤៥,០៧០បន្ទប់ ផ្ទះសំណាក់មាន ២,២៥០ ស្មើនឹង ៣៣,៧២៧បន្ទប់ និង ភោជនីយដ្ឋានចំនួន ២,២៣៩។ នៅឆ្នាំ២០១៧ ទុនវិនិយោគក្នុងវិស័យសំណង់មានចំនួន ៦,៤០០លានដុល្លារអាមេរិច និងបាន​ផ្តល់ការងារធ្វើប្រចាំឆ្នាំជូន យុវជនប្រមាណ២០នាក់។​ ប្រទេសចំនួន ១៨ បានមកដាក់​ទុន​វិនិយោគនៅកម្ពុជា ក្នុងនោះប្រទេសជប៉ុន ជាប់ចំណាត់ថ្នាក់ លេខ៣។ ជាមួយនឹងការរីកចម្រើនវិស័យសំណង់ ចំនួន ក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និង សាងសង់ដែលចុះបញ្ជីនៅ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ មានចំនួន ១,០៣១​ក្រុមហ៊ុន ដែលក្នុងនោះ ក្រុមហ៊ុនសិក្សាគម្រោងប្លង់មាន ចំនួន ៤០ ក្រុមហ៊ុន និងក្រុមហ៊ុនសាងសង់មានចំនួន ៩៩១ក្រុមហ៊ុន។ ស្ថាបត្យករសរុបមានចំនួន ២,៤៣៥នាក់ និង វិស្វករ មានចំនួន៣០,០០០ នៅទូទាំងប្រទេស។ ឯកឧត្តមក៏បានរំលឹកដល់អ្នកវិនិយោគទាំងអស់ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាម​បទដ្ឋានគតិ​យុត្ត និង បច្ចេកទេស ដើម្បីធានា សុវត្ថិភាព ប្រសិទិ្ធភាព និងចូលរួមការពារបរិស្ថាន។    

អត្ថបទដោយ: Vutha