ធនាគារជាតិនៃកម្ពុជា៖ទំនើបកម្មនៃប្រព័ន្ធទូទាត់បានលើកកម្ពស់ការទូទាត់សងប្រាក់ជាអេឡិចត្រូនិក

ធនាគារជាតិនៃកម្ពុជា៖ទំនើបកម្មនៃប្រព័ន្ធទូទាត់បានលើកកម្ពស់ការទូទាត់សងប្រាក់ជាអេឡិចត្រូនិក
យុវវ័យ​កំពុង​ផ្ជង់ជាមួយ​នឹងបច្ចេកវិទ្យា​ហិរញ្ញវត្ថុ​
ធនាគារជាតិនៃកម្ពុជា៖ទំនើបកម្មនៃប្រព័ន្ធទូទាត់បានលើកកម្ពស់ការទូទាត់សងប្រាក់ជាអេឡិចត្រូនិក
ធនាគារជាតិនៃកម្ពុជា៖ទំនើបកម្មនៃប្រព័ន្ធទូទាត់បានលើកកម្ពស់ការទូទាត់សងប្រាក់ជាអេឡិចត្រូនិក
ធនាគារជាតិនៃកម្ពុជា៖ទំនើបកម្មនៃប្រព័ន្ធទូទាត់បានលើកកម្ពស់ការទូទាត់សងប្រាក់ជាអេឡិចត្រូនិក
ធនាគារជាតិនៃកម្ពុជា៖ទំនើបកម្មនៃប្រព័ន្ធទូទាត់បានលើកកម្ពស់ការទូទាត់សងប្រាក់ជាអេឡិចត្រូនិក

 ភ្នំពេញ៖ ការទូទាត់តាមប្រព័ន្ធឌីជីថល ឬ តាមទូរសព្ទដៃ ដែលជាមធ្យោបាយទូទាត់ថ្មីមួយនៅក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជាកំពុងមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ជាក់ស្តែងទំហំនៃការ​ទូទាត់ចល័តមាន ៣៩,៤ ភាគរយ ប្រតិបត្តិការផ្ទេរ​ប្រាក់តាមគ្រឹះស្ថានផ្ទេរប្រាក់ទាំង​អស់​មាន​​ចំនួន ២១,២ ភាគរយ ប្រតិបត្តិការតាមសេវាធនាគារអ៊ីនធើណិតមាន ៨,៥ ភាគរយ និងក្រៅពីនោះគឺការធ្វើការទូទាត់តាមធ្យោបាយផ្សេងៗទៀត។

យ៉ាងណាមិញ ចំនួនអតិថិជនប្រើប្រាស់​សេ​វាទូទាត់សងប្រាក់ទាំងគ្រឹះស្ថានធនាគារនិង​គ្រឹះ​ស្ថានផ្តល់សេវាទូទាត់សងប្រាក់មានចំនួនជិត ៤ លាននាក់គិតត្រឹមរយៈពេលពាក់កណ្តាលឆ្នាំ២០១៩នេះ។

លោក ជំទាវ ជា សិរី អគ្គនាយិកានៃធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា កំណើនយ៉ាងឆាប់រហ័សនៃសេវាទូទាត់និងចំនួនអតិថិជននៅកម្ពុជានេះ គឺដោយសារតែធនាគារកណ្តាល បានបន្តរៀបចំបទប្បញ្ញត្តិ ត្រួតពិនិត្យ និងអភិវឌ្ឍប្រព័ន្ធទូទាត់ ដើម្បីធានាឲ្យបាននូវ សិ្ថរភាព​និងនិរន្តរភាពនៃដំណើរការប្រព័ន្ធទូទាត់​ កាត់បន្ថយហានិភ័យជាប្រព័ន្ធ ការពារផលប្រយោជន៍អតិថិជន និងលើកកម្ពស់ការទូទាត់សងប្រាក់ជាអេឡិចត្រូនិក។​

 

លោកជំទាវមានប្រសាសន៍ថា៖«ហេដ្ឋារចនាសម្ព័ន្ធទូទាត់ត្រូវបានធ្វើទំនើបកម្ម នឹងដាក់ឲ្យដំណើរការជាបន្តបន្ទាប់ ដើម្បីសម្រួលដល់ប្រតិបត្តិការទូទាត់អន្តរធនាគារ ដែលរួមមាន ប្រព័ន្ធខេមបូឌាន ស៊ែស្វីច ​​(Cambodia Shared Switch)  កំពុងត្រូវបានដាក់ឲ្យដំណើរការ បឋម និងប្រព័ន្ធទូទាត់រាយដទៃទៀត»។

លោកជំទាវបញ្ជាក់ទៀតថា បន្ថែមពីនេះគម្រោងបាគងដែលប្រើប្រាស់បច្ចេកវិទ្យា Distributed Ledger Technology (DLT)ក៏កំពុងត្រូវបានសិក្សាដើម្បីឆ្លើយតបនឹងការរីកចម្រើនសេដ្ឋកិច្ចនិងបច្ចេកវិទ្យាហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន។ គម្រោងនេះ នឹងរួមចំណែកពង្រឹងសុវត្ថិភាព និងប្រសិទ្ធភាពប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជា កាត់បន្ថយការប្រើប្រាស់​សាច់ប្រាក់ក្នុងទីផ្សារ និងចូលរួមចំណែកលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ។

នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន អាស៊ីវេរលុយ លោក ទៀង សុភា បានឲ្យដឹងដែរថា ការទូទាត់តាមមធ្យោបាយថ្មី ឬ មធ្យោបាយឌីជីថលនេះមានការកើនឡើង ជាពិសេសយុវវ័យសម័យថ្មី ឬ អតិថិជនដែលមានអាយុចន្លោះពី ១៨ ទៅ ៣៥ ឆ្នាំ ព្រោះអតិថិជនក្នុងវ័យនេះអាចយល់ដឹងច្រើនពីការប្រើប្រាស់បច្ចេកវិទ្យា ដូច្នេះពួកគាត់ប្រាកដជាអាចយល់ដឹង និងជ្រើសរើសយកមធ្យោបាយទូទាត់តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនេះ ដើម្បីធ្វើជាមធ្យោយបាយទូទាត់នានា។

លោកមានប្រសាសន៍ថា៖«ការជ្រើសរើសយកមធ្យោបាយទូទាត់តាមបច្ចេកវិទ្យាថ្មីនេះភាគច្រើនយើងឃើញតាម​សកម្មភាពរបស់អតិថិជនវ័យក្មេងៗដែលពួកគាត់យល់ដឹងពីបច្ចេកវិទ្យាច្រើន។ ដោយឡែក អ្នកជំនាន់មុន ប្រកាន់យកការទូទាត់បែបចាស់បុរាណ គឺទូទាត់ជាសាច់ប្រាក់ និងមិនទាន់ទុកចិត្តទៅលើការទូទាត់តាមបច្ចេកវិទ្យានៅឡើយ ។ ម្យ៉ាងទៀតពួកគាត់ ក៏មិនទាន់យល់ដឹងច្រើនពីការប្រើប្រាស់បច្ចេកវិទ្យា ដូចជាស្មាតហ្វូន អ៊ីនធើណេតជាដើម» ។

នាយកផ្នែកទីផ្សារអាស៊ីវេរលុយរូបនេះថា៖«យ៉ាងយូរ ៤ ទៅ ៥ ឆ្នាំទៀត ប្រជាពលរដ្ឋប្រមាណលើសពី៥០ភាគរយ នឹងយល់ដឹងពីសេវាកម្មទូទាត់ថ្មី និងងាកមកប្រើមធ្យោបាយទូទាត់ថ្មីនេះ កាន់តែច្រើន » ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍កន្លងទៅនេះថា ចាប់តាំងពីកម្ពុជាធ្វើការទូទាត់តាមប្រព័ន្ធបច្ចេកវិទ្យាជាពិសេសទៅលើការស្កែន QR Code គេសង្គេតឃើញថាកំណើននៃការអភិវឌ្ឍបច្ចេកវិទ្យាទូទាត់នៅលើទូរសព្ទដៃពីបណ្ដាក្រុមហ៊ុនប្រតិបត្តិករទូទាត់នានាក៏មានកំណើនឡើងដែរ ហើយការទូទាត់ថ្មីនេះ នឹងក្លាយជាមធ្យោបាយដែលពេញនិយមសម្រាប់ប្រជាពលរដ្ឋកម្ពុជា ។ 

លោក ចាន់នីលើកឡើងថា៖«បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនឡើង បានយល់ដឹងពីសេវាកម្មហិរញ្ញវត្ថុ តាមរយៈការបើកគណនីធនាគារនៅក្នុងធនាគារនិងនៅក្នុងក្រុមហ៊ុនហិរញ្ញវត្ថុផ្សេងទៀតដូច្នេះនៅពេលអនាគត ការទូទាត់តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនឹងកាន់តែច្រើនឡើង ដែលនឹងធ្វើឱ្យទីផ្សារហិរញ្ញវត្ថុនៅកម្ពុជាកាន់តែមានភាពរីកចម្រើន»។

របាយការណ៍ពីធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់នៅកម្ពុជាមានចំនួន ៧ គ្រឹះស្ថាន និង គ្រឹះស្ថានធនាគារហិរញ្ញវត្ថុចំនួន ២១ (១៦គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ទទួលបានអាជ្ញាប័ណ្ណ និង ៥ គ្រឹះស្ថានធនាគារហិរញ្ញវត្ថុទទួលការអនុញ្ញាតផ្តល់សេវាទូទាត់សងប្រាក់)៕

អត្ថបទដោយ: Neth