លោក ហាវ គង់ងី ផលិតឥដ្ឋបរិស្ថានជួយពលរដ្ឋក្រីក្រដែលគ្មានលុយទិញផ្ទះតម្លៃរាប់ម៉ឺនដុល្លារ

ភ្នំពេញ: បន្ទាប់ពីចំណាយពេលពីរឆ្នាំនៅប្រទេសអូស្ត្រាលី និងអាល្លឺម៉ង់ លោក ហាវ គង់ងី ដែលមានវ័យជាង ៣០ ឆ្នាំ មានគំនិតថ្មីបង្កើតអាជីវកម្មមួយដោយខ្លួនឯង។ គំនិតអាជីវកម្មថ្មីនោះគឺផលិតឥដ្ឋបរិស្ថាន។ អាជីវកម្មមួយនេះ មិនត្រឹមតែរកប្រាក់ចំណេញនោះទេ តែវាអាច ជួយប្រជាពលរដ្ឋក្រីក្រដែលមានចំណូលទាបផងដែរ។
លោក ហាវ គង់ងី ស្ថាបនិក និង ជានាយកសហគ្រាសសង្គមឈ្មោះថា «My Dream Home» បានថ្លែងប្រាប់ KHB Media ថា ឥដ្ឋបរិស្ថាននេះមានអត្ថប្រយោជន៍ច្រើនជាងឥដ្ឋក្រហម ដែលគេតែងតែយកមកប្រើប្រាស់សម្រាប់សាងសង់សំណង់ផ្សេងៗក្នុងនាសព្វថ្ងៃនេះ ទៅទៀត។
លោកថា បើគិតពីការចំណាយវិញ ឥដ្ឋបរិស្ថានចំណាយទាបជាងមុនប្រមាណពី២០ ទៅ៤០ភាគរយ ហើយឥដ្ឋនេះរៀបបានលឿន រហ័ស។ ដោយឡែកទោះបីជាមិនមាន ជាងសំណង់ជំនាញក៏អាចរៀបបានយ៉ាងល្អប្រណិតផងដែរ។ លោកបន្តថា សម្រាប់ ជាងសំណង់ម្នាក់ គេអាចរៀបបានដល់ទៅ២០ការ៉េឯណោះ ហើយការប្រើប្រាស់ស៊ីម៉ង់តិ៍តិចបំផុត ដោយក្នុងស៊ីម៉ង់តិ៍មួយបាវ គេអាចរៀបបានជិត២០ការ៉េ។
លោកគង់ងីបន្តថា ទាក់ទងនឹងបច្ចេកទេស លោកបានសិក្សាស្រាវជ្រាវ រួមផ្សំជាមួយនឹងចំណេះដឹងពីអ៊ីនធឺណិត និងការសិក្សានៅប្រទេស អូស្រ្តាលី និងអាល្លឺម៉ង់បន្ថែមទៀត ព្រមជាមួយនឹងការអនុវត្តជាក់ស្ដែង បច្ចេកទេសនេះ លោកបានសិក្សាវាជាងពីឆ្នាំហើយ។
លោកបានបញ្ជាក់ថា៖«មុននឹងសម្រេចដាក់វា (ឥដ្ឋបរិស្ថាន) ចូលក្នុងទីផ្សារបច្ចុប្បន្ន យើងក៏មានការសិក្សាស្រាវជ្រាវយ៉ាងច្បាស់លាស់ ដោយបានធ្វើតេស្តនៅសាលាតិចណូ (វិទ្យាស្ថានបច្ចេកទេសកម្ពុជា) ផងដែរ»។
ស្ថាបនិករូបនេះបន្តថា ចំពោះផលប្រយោជន៍ផ្សេងទៀត ក្រៅពីចំណេញថវិកា ពេលវេលា និងកាត់បន្ថយប្រើស៊ីម៉ង់តិ៍ វាក៏អាចជួយថែរក្សាបរិស្ថានដែលវាខុសពីឥដ្ឋក្រហម។ លោកបានឲ្យដឹងទៀតថា បើគិតពីការផលិតឥដ្ឋក្រហម គឺមុននឹងផលិតបាន គេបានដុតវា ដោយប្រើប្រាស់ការដុតឈើនានា បង្ហុយផ្សេង។ ចំណែកឥដ្ឋបរិស្ថាន គឺគ្មានការប្រើប្រាស់កម្លាំងពលកម្មកុមារ ឬប្រើកម្លាំងច្រើននោះទេ។
«មូលហេតុដែលខ្ញុំចាប់យកមុខរបរនេះ គឺវាមានការទាក់ទងរឿងផ្ទាល់ខ្លួនដែរ បន្ទាប់ពីខ្ញុំបានត្រឡប់ពីប្រទេសអូស្រ្តាលីវិញនៅឆ្នាំ ២០១៣ នៅគ្រានោះ ខ្ញុំបានសន្សំលុយជាមួយប្រពន្ធ ហើយក៏មិនទាន់មានលទ្ធភាពទិញផ្ទះនៅទីក្រុងភ្នំពេញដែរ។
កាលនោះ ខ្ញុំបានគិតគូរពីលទ្ធភាពខ្លួនឯង និងលទ្ធភាពរបស់ពលរដ្ឋខ្មែរដែរ គឺគិតថា ពួកគាត់គឺដូចខ្ញុំដែរ គឺគ្មានលទ្ធភាពទិញផ្ទះតម្លៃរាប់ម៉ឺនដុល្លារនោះទេ ប៉ុន្ដែពួកគាត់អាចមានលទ្ធភាពទិញដី សម្រាប់សាងសង់ផ្ទះ ខ្ញុំក៏ដូចគាត់ដែរ ខ្ញុំមានលទ្ធភាពទិញដី តែគ្មានលទ្ធភាពទិញផ្ទះរាប់ម៉ឺនដុល្លារនោះទេ»។ នេះជាសំដីរបស់លោក ហាវ គង់ងី។
លោកបញ្ជាក់បន្ថែមថា៖«ខ្ញុំគិតថា សម្ភារៈប្រើប្រាស់ សម្រាប់សាងសង់ផ្ទះ ដែលសំខាន់ជាងគេ គឺឥដ្ឋ បើយើងប្រើឥដ្ឋក្រហមគឺចំណាយខ្ពស់ណាស់។ ដូច្នេះ ខ្ញុំគិតហើយ គិតទៀត គឺមានតែឥដ្ឋបរិស្ថាននេះទេ ដែលចំណេញច្រើនសម្រាប់សាងសង់ផ្ទះសមរម្យមួយ។ ដូច្នេះទើបជម្រុញឲ្យខ្ញុំសិក្សាស្រាវជ្រាវរយៈពេលពីរឆ្នាំលើឥដ្ឋបរិស្ថាន ទម្រាំទទួលបានជោគជ័យ»។
បច្ចុប្បន្ន តម្រូវការឥដ្ឋបរិស្ថាននេះ ពិតជាមានតម្រូវការខ្ពស់ ហើយមានអ្នកចាប់អារម្មណ៍ច្រើន ដោយមានអតិថិជនមកកម្មង់ជាបន្តបន្ទាប់។ ឥឡូវយើងបានពង្រីកសាខាទៅខេត្តសៀមរាប និងគ្រោងពង្រីកទៅខេត្តមួយចំនួនទៀត ដើម្បីឲ្យមានការងាយស្រួលដល់បំពេញសេចក្ដីត្រូវការរបស់ពលរដ្ឋខ្មែរ៕